ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។

ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាមិត្តនួនស៊ីថាមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរថយន្តអគ្គិសនីស្និទ្ធិស្នាលជាមួយបរិស្ថាននៅលើកោះ Ly Son។ ពីទីក្រុង Jalarta ប្រទេសឥណ្ឌូនេស៊ី មិត្ត Basid Hasibuan មានបំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីវិទ្យាស្ថានហិរញ្ញវត្ថុរបស់វៀតណាម។ ចំណែកឯមិត្ត Paul Gager មកពីប្រទេសអាល្លឺម៉ង់បានសួរថា តើប្រទេសវៀតណាមមានសកម្មភាពជួយជ្រោមជ្រែងទិវា ទឹកនោមផ្អែមពិភពលោកដែរឬទេ។ ជាបន្តទៅទៀត យើងខ្ញុំសូមឆ្លើយសំនួរទាំងនេះជូនមិត្តអ្នកស្ដាប់ផងដែរ។

 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 រថយន្តអគ្គិសនីនៅស្រុកកោះ Ly Son ̣(Internet)

ក្នុងរយៈពេលថ្មីៗនេះ នៅស្រុកកោះ Ly Son រថយន្តអគ្គិសនីបានក្លាយទៅជាមធ្យោបាយពេញនិយម ដែលជំនួសឲ្យរថយន្ត ប្រើប្រាស់ប្រេងសាំងវិញ។ ដោយមានការប្តេជ្ញាចិត្តឆ្ពោះទៅរកជីវភាពរស់នៅដែលស្និទ្ធិស្នាលជាមួយបរិស្ថាននោះ ការប្រើប្រាស់រថយន្តអគ្គិសនីទទួលបានការនិយមចូលចិត្តរបស់ប្រជាជននៅកោះ Ly Son។ សូម្បីតែនៅក្នុងថ្ងៃសំខាន់ៗដូចជាថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ ប្រជាជននៅទីនេះនៅតែប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ រថយន្តអគ្គិសនីក៏បានឆ្លើយតបនឹងតម្រូវការរបស់ខេត្ត Quang Ngai ក្នុងការទាក់ទាញទុនវិនិយោគលើវិស័យទេសចរណ៍នៅស្រុកកោះ Ly Son។ រថយន្តអគ្គិសនីគឺជារថយន្តមួយប្រភេទ ដែលត្រូវបានរដ្ឋាភិបាលអនុញត្តិឲ្យសាកពិសោធន៍នៅស្រុកកោះ Ly Son កាលពីពាក់កណ្ដាលឆ្នាំ២០១៧។ រថយន្តអគ្គិសនីបានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយបរិស្ថាន ហើយក្លាយទៅជាមធ្យោបាយពេញនិយមចំពោះប្រជាជន និងភ្ញៀវទេសចរនៅទីនេះផងដែរ។

ជាបន្តទៅទៀត យើងខ្ញុំសូមឆ្លើយសំនួររបស់មិត្ត Basid Hasibuan មកពីទីក្រុង Jalarta ប្រទេសឥណ្ឌូនេស៊ី។ លោកអ្នកនាងជាទីមេត្រី។ កាលពីមុនវិទ្យាស្ថានហិរញ្ញវត្ថុ មានឈ្មោះថា សាលាកម្មាភិបាលហិរញ្ញវត្ថុ -គណនេយ្យ ធនាគារមជ្ឈិម ដែលបានបង្កើតឡើងនាឆ្នាំ១៩៦៣។ នាឆ្នាំ១៩៧៦ សាលានេះត្រូវបានប្តូរឈ្មោះទៅជាមហាវិទ្យាល័យហិរញ្ញវត្ថុ - គណនេយ្យទីក្រុងហាណូយ ដោយមានភារកិច្ចបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់ឧត្តម និងក្រោយឧត្តមនៅក្នុងវិស័យហិរញ្ញវត្ថុជូនប្រទេសកម្ពុជា និងឡាវ។ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០០១ នាយករដ្ឋមន្ត្រីវៀតណាមបានចេញសេចក្តីសំរេចលេខ ១២០/២០០១ / QD-TTg ស្ដីពីការ បង្កើតវិទ្យាស្ថានហិរញ្ញវត្ថុ។ វិទ្យាស្ថាននេះមានតួនាទីនិងភារកិច្ចបណ្តុះបណ្តាលកម្មាភិបាលថ្នាក់ឧត្តម ក្រោយឧត្តមលើវិស័យហិរញ្ញវត្ថុ គណនេយ្យ ភាសារអង់គ្លេសខាងហិរញ្ញវត្ថុ និងព័ត៌មានវិទ្យាជាដើម។ ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលនេះ វិទ្យាស្ថានហិរញ្ញវត្ថុបណ្តុះបណ្តាលបានសិក្ខាកាមថ្នាក់បណ្ឌិត ជាង ៣០០ នាក់ ថ្នាក់អនុបណ្ឌិតជាង ៥០០០ នាក់ និងថ្នាក់បរិញ្ញាបត្រខាងសេដ្ឋកិច្ចជាង ៨៥០០០នាក់ជូនប្រទេសកម្ពុជា និងឡាវ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 វិទ្យាស្ថានហិរញ្ញវត្ថុវៀតណាម (Internet)

មិត្ត Paul Gage និងលោកអ្នកនាងជាទីមេត្រី។ ដើម្បីជួយជ្រោមជ្រែងទិវាទឹកនោមផ្អែមពិភពលោក (ថ្ងៃទី ១៤ ខែវិច្ឆិកា) នាថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅ នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរួមសហការជាមួយអង្គការ AstraZeneca ប្រចាំនៅវៀតណាម បានរៀបចំឡើងមហោស្រពដើម្បីសហគមន៍ ដោយមានប្រធានបទថា "គ្រួសារ ធ្វើសកម្មភាពរួមគ្នាទប់ស្កាត់ជំងឺទឹកនោមផ្អែមឲ្យបានឆាប់បំផុត" ។ តាមរយៈមហោស្រពនេះ គណចាត់តាំងមានបំណងចង់ទទួលបានការយកចិត្តទុកដាក់របស់សង្គម គ្រួសារ សហគមន៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយជម្ងឺទឹកនោមផ្អែមនៅវៀតណាមផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ