ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មានមិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 បង្គោលភ្លើងហ្វាសមុទ្របុរាណ Tien Sa (រូបថត៖ news.zing.vn)

មិត្តហេង ដារ៉េត សិក្ខាកាមកម្ពុជាមួយរូបនៅវិទ្យាស្ថានបច្ចេកទេស យោធា វៀតណាម បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីពិធីបុណ្យអកអំបុកនៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩៖ “នៅព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យអកអំបុកមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងជីវភាពរស់នៅខាង ស្មារតីរបស់ជនរួមជាតិខ្មែរ។ ពិធីបុណ្យនេះបានបង្ហាញនូវបំណងប្រាថ្នា ដួងប្រលឹង និងមនោសញ្ចេតនារបស់មនុស្សចំពោះមន្សុស ក៏ដូចជារវាងមនុស្សចំពោះជីដូន ជីតាផងដែរ”។

មិត្តហេង ដារ៉េតជាទីមេត្រី ពិធីបុណ្យអកអំបុក ប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ ២០១៩ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដ៏វិសេសវិសាលជាច្រើន។ពិធីបុណ្យនេះត្រូវបានខេត្ត Soc Trang រៀបចំឡើងជាប្រចាំឆ្នាំ សំដៅអភិរក្ស ពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ ខ្មែរ Soc Trang និយាយដោយឡែក និងរបស់ជនរួមជាតិខ្មែរ នៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម។ តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Soc Trang ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពី បង្គោលភ្លើងហ្វាសមុទ្របុរាណ Tien Sa។ លោកអ្នកនាងជាទីមេត្រី។ ដោយស្ថិតនៅលើឧបទ្វីប Son Tra នៃទីក្រុង Da Nang បង្គោលភ្លើងហ្វាសមុទ្របុរាណ Tien Sa ត្រូវបានវាយតម្លៃជា បង្គោលភ្លើងហ្វាសមុទ្របុរាណមួយ ក្នុងចំណោមបង្គោលភ្លើងហ្វាសមុទ្រស្អាតបំផុតនៅវៀតណាម។ បង្គោលភ្លើងហ្វាសមុទ្របុរាណនេះស្ថិតនៅលើចង្កេះភ្នំដ៏ខ្ពស់ ព័ទ្ធជុំវិញដោយព្រៃឈើខឿស្រងាត់។ ទន្ទឹមនឹងនេះ មានមណ្ឌលគ្រប់គ្រងមួយ និងបង្គោលភ្លើងហ្វាសមុទ្រដែល បានកសាងតាមស្ថាបត្យកម្មបារាំង កាលពីដើមសតវត្សទី ២០។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍ ទោះបីជាមានភ្លៀងខ្យល់ ឆ្លងកាត់ពេលវេលា អាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែបង្គោលភ្លើងហ្វាសមុទ្របុរាណ Tien Sa នៅតែបំពេញភារកិច្ច ឆ្លុះពន្លឺ និងនាំផ្លូវសម្រាប់នាវាធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅពេលធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រខេត្ត Thua Thien Hue និងទីក្រុង Da Nang។ 

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពី ក្បាច់គុនបុរាណវៀតណាម។ លោកអ្នកនាងជាទីមេត្រី។ក្បាច់គុនបុរាណវៀតណាម ជាកេរ្តិ៍ដំណែលវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម ជាឈ្មោះហៅរួម សម្រាប់បក្សគុនដែលវៀតណាមជាអ្នកបង្កើត ឬក្បាច់គុនដែលបានចូលមកប្រទេសវៀតណាម ប៉ន្តែត្រូវបានធ្វើ “វៀតណាមនីយកម្ម” ឱ្យសមស្រប់នឹងរាងកាយ វប្បធម៌ ទ្រឹស្តីក្បាច់គុននៃជនជាតិវៀតណាម ហើយបានស្នងបន្តជាច្រើនជំនាន់ តាមបណ្តោយប្រវែងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃជនជាតិ។ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំ ជនជាតិវៀតណាម បានកសាងខឿនក្បាច់គុនបុរាណគ្រប់ជ្រុងជ្រោយមួយ ដោយមានគ្រប់មុខប្រការរួមមាន៖ ទ្រឹស្តីក្បាច់គុន ក្បាច់គុនសម្រាប់ពិធី សីលធម៌ក្បាច់គុន ក្បាច់គុនគិញ ប្រឡងក្បាច់គុនបម្រើរាជការ ក្បាច់គុនយុទ្ធសាស្រ្តក្បួរទ័ព ក្បាច់គុននិយម ក្បាច់គុនវេជ្ជសាស្រ្ត (វេជ្ជសាស្រ្តបុរាណគួបផ្សំនឹងស្នៀតគុន បច្ចេកទេសនៃក្បាច់គុនដើម្បីព្យាបាលជំងឺ) ក្បាច់គុនសម្រាប់រាំ ព្រមទាំងសម្លៀកបំពាក់អ្នករៀនក្បាច់គុន។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ