ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសបា្តហ៏កន្លងទៅ គណៈកម្មការផ្សាយសម្លេងជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦០របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៨លើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១៤របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះសរជូនចំពោះមនោសញ្ចេតនានិងការផ្ដល់មតិដ៏ថ្លៃថ្លារបស់មិត្តអ្នកស្ដាប់។ ក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1លំហរបរិយាកាសក្នុងហាង Cong កាហ្វេ គឺជាការរំលឹកដល់អតីតកាល។ (រូបថត៖ Internet) 

  សំបុត្រដំបូងក្នុងថ្ងៃនេះគឺមកពីមិត្ត សំ រតនា នៅខេត្ត សៀមរាម។ មិត្តបានចែករំលែកថា៖ ខ្ញុំបានដឹងថា នៅវៀតណាមមានពាណិជ្ជសញ្ញាកាហ្វេដោយរចនាប័ទដ៏ពិសេសតែមួយគត់ដែលមានឈ្មោះថា Cong កាហ្វេ។ តើមិត្តអ្នកនិពន្ធ VOV៥ អាចផ្ដល់ព័ត៌មានបន្ថែមទៀតស្ដីពីពាណិជ្ជសញ្ញាកាហ្វេនេះជូនចំពោះខ្ញុំបានដែរឬទេ? សូមអរគុណច្រើន។ មិត្ត រតនានិងលោកអ្នកនាងជាទីមេត្រី! Cong កាហ្វេជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាកាហ្វេដែលទទួលបានជោគជ័យបំផុតនៅវៀតណាម។ Cong កាហ្វេត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ដោយគំនិតដ៏ពិសេសដោយឡែកគឺចង់បង្កើតឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជនហាណូយក្នុងរបបរដ្ឋអោបប្រសោបកាលពីមុននេះ។ លំហរបរិយាកាសក្នុងហាង Cong កាហ្វេ គឺជាការរំលឹកដល់អតីតកាល។ គ្រឿងសង្ហារឹម គ្រឿងតុបតែងនិងឧបករណ៍ប្រើប្រាស់ទាំងអស់នៅក្នុងហាងកាហ្វេនេះសុទ្ធតែជាគ្រឿងចាស់ ឬត្រូវបានរចនាតាមបែបបុរាណ។ អតិថិជនជាច្រើនដែលតែងតែងមកដល់ហាងកាហ្វេនេះបានចែករំលែកថា ភេសជ្ជៈនៅទីនេះមិនមានរសជាតិឆ្ងាញ់បំផុត ហើយតម្លៃក៏មិនថោកបំផុតនោះទេ ប៉ុន្តែបរិយាកាសនិងចំណាប់អារម្មណ៍ដែលហាងកាហ្វេនេះបង្កើតឡើងពិតជាមានតែមួយគត់។ នេះជាមូលហេតុដែលធ្វើអោយ Cong កាហ្វេត្រូវបាននិយមចូលចិត្តយ៉ាងដូច្នេះ មិនត្រឹមតែដោយប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងដោយភ្ញៀវទេសចរអន្តរជាតិទៀតផង។ នាបច្ចុប្បន្ន Cong កាហ្វេ មានវត្តមាននៅខេត្តក្រុងធំៗភាគច្រើនទូទាំងប្រទេសវៀតណាម ហើយទើបនឹងបានបើកសម្ពោធហាងកាហ្វេមួយទៀតនៅប្រទេសកូរ៉េខាងត្បូង។ ភេសជ្ជៈនៅទីនេះមានតម្លៃក្នុងចន្លោះពី ៤ហ្មឺនទៅ៨ហ្មឺនដុង (២-៤ដុល្លាអាមេរិក)។

សំបុត្រទីពីរគឺមកពីមិត្ត សុខ ពិសី នៅខេត្ត តាកែវ កម្ពុជា។ មិត្តបានចែករំលែកថា៖ នាបច្ចុប្បន្ន ខ្ញុំជាជាងថតរូបនិង blogger ដែលទើបនឹង ចាប់ផ្ដើមអាជីព។ នាសប្ដាហ៍មុន មិត្តម្នាក់របស់ខ្ញុំដែលកំពុងធ្វើការនៅវៀតណាមបានផ្ញើរចំពោះខ្ញុំនូវ link មួយនាំទៅផ្នែក Media នៃកម្មវិធីផ្សាយជាភាសាខ្មែរដែលឧទ្ទេសនាមអំពីវត្ត Tam Chuc ជាទីកន្លែងរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩។ ហើយខ្ញុំបានស្រឡាញ់ផ្នែកនេះភ្លាមមួយរំពេច ដោយសារតែវាមានរូបថតស្អាតៗ ហើយខ្លឹមសារសម្បូរបែបគួរអោយទាក់ទាញយ៉ាងខ្លាំង។ ទោះបីជាខ្ញុំមិនធ្លាប់បានទៅកាន់វៀតណាមនៅឡើយក្ដី ប៉ុន្តែតាមរយៈរូបថតដ៏រស់រវើកទាំងនោះ ខ្ញុំបានដឹងថា ប្រទេសរបស់មិត្តស្អាតអស្ចារ្យយ៉ាងពិតប្រាកដ។ ខ្ញុំនឹងទៅកាន់វៀតណាមក្នុងថ្ងៃ ខាងមុខនេះជាពុំខាន។ សូមអរគុណមិត្ត សុខ ពិសី ដោយពាក្យពេជ្រយ៉ាងស្មោះសរពោលខាងលើ។ ផ្នែក Media ជាផ្នែកថ្មីមួយរបស់យើងខ្ញុំដែលទើបនឹងបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងការចុះផ្សាយកម្មវិធីផ្សាយសម្លេង អត្ថបទសរសេរ និងបទយកការណ៍ ជាដើម គឺយើងខ្ញុំនៅមានគោលបំណងចង់ផ្ញើរជូនចំពោះមិត្តអ្នកស្ដាប់និងមិត្តអ្នកអាននូវរូបភាពដ៏រស់រវើកបំផុតស្ដីពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម ក៏ដូចជាលើពិភពលោក។ តាមរយៈផ្នែក Media នេះ លោកអ្នកនាងអាចក្ដាប់ជាប់បាននូវព្រឹត្តិការណ៍សំខាន់ៗដែលកំពុងប្រព្រឹត្តទៅនៅវៀតណាម ឬក៏ព័ត៌មានបច្ចុប្បន្នកម្មស្ដីពីទេសចរណ៍ផងដែរ។ មិត្តសុខ ពិសី ជាទីស្រឡាញ់ ក្នុងដំណើរទេសចរណ៍ទៅកាន់វៀតណាមនាពេលខាងមុខរបស់មិត្ត ចាំថតរូបស្អាតៗអោយបានច្រើនហើយចែករំលែកជាមួយយើងខ្ញុំណា។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ភោជនីយដ្ឋាន sushi មួយនៅរដ្ឋធានីហាណូយ  

សំបុត្រចុងក្រោយក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះគឺមកពីមិត្ត Kai Motosumi នៅទីក្រុងតូក្យូ ជប៉ុន។ មិត្តបានសួរថា តើនៅវៀតណាមមានហាងលក់ម្ហូប sushi ជប៉ុនច្រើនទេ? ហើយម្ហូបជប៉ុនណាដែលត្រូវបានប្រជាជនវៀតណាមចូលចិត្តយ៉ាងច្រើនបំផុត? មិត្ត Kai Motosumi និងលោកអ្នកនាងជាទីមេត្រី! នាបច្ចុប្បន្ន នៅវៀតណាមបានមានវត្តមានមុខម្ហូបល្បីល្បាញសឹងតែទាំងអស់នៃ ខឿនចំណីអាហារនានាទូទាំងពិភពលោក ដែលក្នុងនោះមានមុខ sushi ផងដែរ។ ភោជនីយដ្ឋាន sushi ឬភោជនីយដ្ឋានម្ហូបជប៉ុនត្រូវបានបើកនៅវៀតណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ sushi ជាមុខម្ហូបដែលមានតម្លៃថ្លៃបង្គួរបើធៀបនឹងប្រាក់ចំណូលជាធម្យមរបស់ប្រជាជនវៀតណាម ដែលត្រឹមតែសមស្របនឹងជនថ្នាក់កណ្ដាលឡើងទៅ។ ហេតុដូច្នេះហើយ បណ្ដាភោជនីយដ្ឋាន sushi តែងតែត្រូវបានបើកនៅខេត្តក្រុងធំៗដូចជាហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង ជាដើម។ វៀតណាមនិងជប៉ុនមានខឿនអារិយ្យធម៌ស្រូវទឹកដូចគ្នា ហេតុនេះហើយចំណីអាហារនៃប្រទេសទាំងពីរក៏មានលក្ខណៈស្រដៀងគ្នាជាច្រើនដែរ។ នាបច្ចុប្បន្ន មានប្រជាជនវៀតណាមកាន់តែច្រើនដែលនិយមចូលចិត្តមុខម្ហូបដ៏វិសេសវិសាលរបស់ជប៉ុនដូចជា sushi មី រ៉ាមែន មី អ៊ូដូន នំ ម៉ូជី ឬបាយ omurice ជាដើម។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ