ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកាន់កាណាល់ VOV5។ សូមអរគុណចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ក្នុងចំណោមសំបុត្រ អ៊ីមែល និងមតិដែលបានផ្ញើមកកាន់កម្មវិធី យើងខ្ញុំទទួលបានការអបអរសាទរនិងការចែករំលែកជាច្រើនពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា នៅចំពោះមុខព្រឹត្តិការណ៍ដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសិទ្ធិអង្គការសហប្រជាជាតិ។ មិត្ត សុភ័ក្ត្រ មកពីរាជធានីភ្នំពេញ បានផ្ញើសំបុត្រដែលសរសេរថា៖ “សូមអបអរសាទរចំពោះប្រទេសវៀតណាម ដែលជាថ្មីម្ដងទៀតទទួលបានទំនុកចិត្តនិងការជឿជាក់ខ្ពស់ពីសហគមន៍អន្តរជាតិ ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាលើកទីពីរ។ ខ្ញុំសូមជូនពរឲ្យវៀតណាមមានអាណត្តិបេសកកម្មប្រកបដោយជោគជ័យ”។ ចំណែកឯ មិត្ត សូវ សម្បត្តិ មកពីរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយថា៖ “នៅពេលដែលវៀតណាមទើបតែបញ្ចប់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបន្តទទួលភារកិច្ចសំខាន់មួយទៀត ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ ប្រការនេះមិនត្រឹមតែបង្ហាញពីការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមអំពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញឋានៈនិងកិត្យានុភាពកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិទៀតផង”។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព ដូចដែលយើងខ្ញុំបានរាយការណ៍ថា នៅថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសតាំងប្រទេសចំនួន ១៤ ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់ អាណត្តិ ២០២៣ - ២០២៥ ក្នុងនោះមានវៀតណាមផងដែរ។ វៀតណាមត្រូវបានប្រទេសសមាជិកទាំងអស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គាំទ្រយ៉ាងពេញទំហឹងជាបេក្ខជនអាស៊ានតែមួយគត់សម្រាប់តំណែងនេះ; ព្រមទាំងក៏ជាបេក្ខជនអាស៊ីតែមួយគត់នៃសហគមន៍និយាយភាសាបារាំងផងដែរ។ ការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សបានបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ជាមួយនឹងសារ "ការគោរពនិងការយល់ដឹង។ ការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ សិទ្ធិមនុស្សទាំងអស់ – សម្រាប់មនុស្សទាំងអស់គ្នា” ក្នុងអាណត្តិ ៣ ឆ្នាំខាងមុខជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងចូលរួមចំណែកដោយផ្ទាល់ដល់ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សជុំវិញពិភពលោក ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីរបស់អង្គការសហប្រជាជាតិ។ វៀតណាមនឹងជំរុញអាទិភាពដែលបានកំណត់នៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការការពារក្រុមងាយរងគ្រោះ ហើយធានាសិទ្ធិមនុស្សក្នុងការឆ្លើយតបទៅនឹងបញ្ហាសកលនានា។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ជានិច្ចកាលជាគោលដៅទេសចរដ៏ទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ 

ក្រៅពីបញ្ហានយោបាយ ការទូតអន្តរជាតិនោះ វប្បធម៌-ទេសចរណ៍ក៏តែងតែជាប្រធានបទដែលមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជាយកចិត្តទុកដាក់យ៉ាងច្រើនផងដែរ។ មិត្ត លី រតនា មកពីខេត្តសៀមរាប បានសម្ដែងក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីយ៉ាងដូច្នេះថា៖ “ខ្ញុំមិនធ្លាប់ទៅ វៀតណាមទេ ប៉ុន្តែខ្ញុំកំពុងសន្សំសម្ចៃលុយជារៀងរាល់ថ្ងៃ ស្វែងយល់ចំណេះដឹង ហើយរៀបចំផែនការសម្រាប់ដំណើរកម្សាន្តនេះ។ វៀតណាមពិតជាមានទេសភាពស្រស់បំព្រងច្រើនណាស់។ នៅពេលមើលរូបថតតាមបណ្ដាញសង្គម ឬមើលឃ្លីបដំណើរកម្សាន្តនៅវៀតណាម ខ្ញុំរឹតតែតាំងចិត្តចង់ទៅវៀតណាមភ្លាមៗ”។ ក្នុងពេលជាមួយគ្នានោះ មិត្ត ស៊ុន ផល អតីតនិស្សិតនៃសកល វិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានចែករំលែកនូវអនុស្សាវរីយ៍កាលពីសិក្សានៅទីក្រុងហាណូយថា៖ “ខ្ញុំចាំថា នៅខែតុលា ទីក្រុងហាណូយចូលរដូវស្លឹកឈើជ្រុះ អាកាសធាតុ និងទេសភាពពិតជាអស្ចារ្យណាស់។ អាហារក៏កាន់តែឆ្ងាញ់ពិសារដែរ។ កោះ Phu Quoc រដូវកាលនេះក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះផងដែរ។ ប្រទេសវៀតណាមទើបតែត្រូវបានគេបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ដ៏ពេញនិយមក្នុងឱកាសចូលឆ្នាំសកល។ ខ្ញុំសង្ឃឹមថា នៅដើមឆ្នាំក្រោយ ខ្ញុំនឹងអាចរៀបចំការងារនិងពេលវេលាដើម្បីទៅលេងនៅវៀតណាម”។

ប្រិយមិត្តជាទីរាប់អាន! កាលពីសប្តាហ៍មុន Wanderlust - ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមួយ ទើបតែបានប្រកាសថា ប្រទេសវៀតណាមជាប្រទេសមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះទាំង ២០ ក្នុងឱកាសចូលឆ្នាំសកល ដោយសារទេសភាពធម្មជាតិដ៏ស្រស់បំព្រង បរិយាកាសពិធីបុណ្យគគ្រឹកគគ្រេងជាមួយនឹងអាកាសធាតុអំណោយផល។ យោងតាម Wanderlust ភ្ញៀវទេសចរនឹងចាប់អារម្មណ៍នៅពេលទៅទស្សនាទីក្រុងចម្រុះពណ៌របស់វៀតណាមដូចជា៖ ហាណូយ ហូយអាន ហ្វេ ហូជីមិញ ... ចំណែកភាពស្រស់ស្អាតដ៏អស្ចារ្យនៃធម្មជាតិវៀតណាមត្រូវបានលាតសន្ធឹងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីវាលស្រែកាំជណ្ដើរ វាលផ្កាបាក់វីត (buckwheat) ស្ថិតនៅក្នុងព្រៃភ្នំភាគពាយ័ព្យ ឈូងសមុទ្រ Ha Long ឈូងសមុទ្រ Lan Ha តំបន់កេរ្តិ៍ដំណែល រមណីយដ្ឋាន Trang An ឈូងសមុទ្រ Nha Trang ទីក្រុងបុរាណ Hoi An ល្អាងភ្នំ Son Doong ឬរដូវទឹកជន់នៅបណ្ដាខេត្តណាមបូខាងលិច ជាដើម។ យោងតាមតួរលេខស្ថិតិរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ វៀតណាមបានទទួលភ្ញៀវអន្តរជាតិប្រមាណ ១,៦៥ លាននាក់ ដែលក្នុងនោះប្រទេសកម្ពុជា គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានចំនួនភ្ញៀវទេសចរច្រើនមកវៀតណាមច្រើនជាងគេ ដោយមានចំនួនភ្ញៀវជាង ២២,៦ ពាន់នាក់។ ប្រសិនបើលោកអ្នកនាងនិងប្រិយមិត្តមានផែនការឬធ្លាប់ធ្វើដំណើរទេសចរណ៍ទៅកាន់វៀតណាម សូមផ្ញើសំបុត្រ ឬអ៊ីមែលមកកាន់កម្មវិធីដើម្បីចែករំលែកជាមួយពួកយើងណា។

ប្រតិកម្មទៅវិញ

ផ្សេងៗ