ផ្លូវរូងដីឥដ្ឋនៅទីក្រុងដាឡាត

(VOVWORLD) - ក្នុងសបា្តហ៏កន្លងទៅ គណៈកម្មការផ្សាយសម្លេងជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣២កន្លែងលើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១០របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់មតិនិងមនោសញ្ចេតនារបស់លោកអ្នក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីផ្លូវរូងដីឥដ្ឋនៅទីក្រុងដាឡាត តាមសំណើររបស់មិត្តអ្នកស្ដាប់កម្ពុជាមួយចំនួន។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។
ផ្លូវរូងដីឥដ្ឋនៅទីក្រុងដាឡាត - ảnh 1ផ្លូវរូងដីឥដ្ឋមានប្រវែង១,២គ.ម ទទឹងពី២ដល់១០ម៉ែត្រ និងជម្រៅពី១ដល់៩ម៉ែត្រ (រូបថត៖ VOV)

ស្ថិតនៅកណ្ដាលព្រៃស្រល់ខៀវខៀវស្រងាត់នៅក្នុងមណ្ឌលទេសចរណ៍បឹង Tuyen Lam ដែលមានចម្ងាយប្រមាណ១៣គ.ម ពីប៉ែកខាងត្បូងទីក្រុង ដាឡាត ផ្លូវរូងដីឥដ្ឋជាអច្ឆារិយៈនិមិត្តថ្មីមួយនៅទីក្រុង ដាឡាត។ ម្ចាស់នៃផ្លូវរូងដីឥដ្ឋនេះគឺលោក Trinh Ba Dung ជាមនុស្សដែលបានរកឃើញរូបមន្តកែច្នៃដីក្រហម បាសាន ទៅជារូបធាតុថ្មីមួយដែលមានពណ៌ពិសេស ស្និទ្ធស្នាលជាមួយបរិស្ថាន ហហើយពិសេសគឺមានសភាពមាំដូចជាបេតុង។ ក្រុមកម្មករសំណង់បានជីកដីប្រមាណ៥ហ្មឺនម៉ែត្រគូបដើម្បីកសាងផ្លូវរូងដីឥដ្ឋ ដោយមានប្រវែង១,២គ.ម ទទឹងពី២ដល់១០ម៉ែត្រ និងជម្រៅពី១ដល់៩ ម៉ែត្រនេះ។ ក្រោយពីទិញសំបុត្រមានតម្លៃតែ៦ហ្មឺនដុង (ជិត៣ដុល្លា) សម្រាប់មនុស្សពេញវ័យនិង២ហ្មឺនដុងសម្រាប់កុមារ ភ្ញៀវទេសចរនឹងចូលទស្សនារូបចម្លាក់ដ៏វិសេសវិសាលជាច្រើនដែលបង្កើតឡើងវិញនូវរូបភាពទីក្រុងដាឡាត ពីសម័យកកើតរហូតដល់ពេលក្លាយទៅជាទីក្រុងទំនើប នាបច្ចុប្បន្ន។ លោក Nguyen Van Tien អ្នកគ្រប់គ្រងផ្លូវរូងដីឥដ្ឋដាឡាត បានឲ្យដឹងថា៖

        “ការកសាងសំណង់នេះគឺសំដៅប្រមូលផ្ដុំរមណីយដ្ឋាននិងកេរ្តិ៍ដំណែលនានានៃទីក្រុងដាឡាត មកនៅកន្លែងតែមួយ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចទស្សនានិងស្វែងយល់អំពីកន្លែងជាច្រើនក្នុងពេលតែមួយ ប្រសិនបើគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅដល់កន្លែងទាំងនោះទេ។ សំណង់ចម្លាក់នៅទីនេះមើលដូចគ្នានឹងសំណង់ពិតនៅខាងក្រៅ ដូចជា វិហារកាតូលិច សត្វមាន់ បឹង Xuan Huong ឬកំពូលភ្នំ Lang Biang ជាដើម”។

ផ្លូវរូងដីឥដ្ឋនៅទីក្រុងដាឡាត - ảnh 2បណ្ដារូបចម្លាក់សុទ្ធតែបានធ្វើពីដីឥដ្ឋដោយភាពបិនប្រសប 

        ទោះបីជាបានហៅថា ផ្លូវរូងក្នុងដី ប៉ុន្តែផ្លូវរូងដីឥដ្ឋនេះស្ថិតនៅកណ្ដាល វាល។ បន្ទាប់ពីដើរឆ្លងកាត់ខ្លោងទ្វារ ទិដ្ឋភាពដំបូងនៅចំពោះមុខផ្ទាល់ភ្នែកភ្ញៀវទេសចរគឺតំបន់ខ្ពង់រាប Lang Biang នាសម័យបុរមបុរាណ ជាមួយដំបូលផ្ទះរបស់ជនជាតិ K’ho និងជនជាតិ Chu Ru ដែលរស់នៅទីនោះ។ ធ្វើដំណើរជាបន្តទៀត ភ្ញៀវទេសចរនឹងឃើញទិដ្ឋភាពនៃទីក្រុងដាឡាតនាសម័យទំនើបក្រោយពីត្រូវបានវេជ្ជបណ្ឌិតជនជាតិបារាំងលោក Alexandre Yersin រកឃើញ កាលពីឆ្នាំ ១៨៩៣ ដោយមានរទេះសេះ ផ្លូវថ្នល់និងសំណង់ស្ថាបត្យកម្មស្អាតៗដែលជានិមិត្តរូបនៃទីក្រុងនេះដូចជា៖ វិមានស្ដេច Bao Dai វិទ្យាស្ថាន Pasteur មហាវិទ្យាល័យ គរុកោសល្យ វត្ត Linh Son និងស្ថានីយ៍រថភ្លើងដាឡាត ជាដើម។

ផ្លូវរូងដីឥដ្ឋនៅទីក្រុងដាឡាត - ảnh 3ផ្ទះដីឥដ្ឋ 

        នៅក្នុងផ្លូវរូងដីឥដ្ឋនេះ លេចធ្លោបំផុតគឺផ្ទះធ្វើពីដីឥដ្ឋដែលមានទំហំ៩០ម៉ែត្រក្រឡា ហើយគ្រឿងសង្ហារឹមទាំងអស់ក្នុងផ្ទះនេះក៏ត្រូវបានធ្វើពីដីឥដ្ឋក្រហមបាសានផងដែរ។ លោក Nguyen Van Tien អ្នកគ្រប់គ្រងផ្លូវរូងដីឥដ្ឋបានឲ្យដឹងថែមទៀតថា៖

        “ចំណុចវិសេសវិសាលមួយទៀតនៃផ្ទះនេះគឺមានឆ្លាក់រូបផែនទីវៀតណាមលើដំបូលសំដៅបង្ហាញសេចក្ដីស្នេហាជាតិរបស់អ្នកស្ថាបនា។ ក្នុងផ្ទះមានស្ថាបត្យកម្មដោយឡែកជាច្រើនរបស់ប្រជាជននៅតំបន់ Tay Nguyen។ ឧទាហ័រថា ចំពោះក្រុមតុនិងកៅអី គឺកៅអីទាំង៥គ្រឿងត្រូវបានធ្វើតាមរូបភាពកែវផឹកស្រារបស់មនុស្ស Tay Nguyen រីឯមុខតុគឺត្រូវបានធ្វើតាមមុខស្គរសំរិទ្ធ Dong Son”។

        ទោះបីជាទើបតែដំណើរការកាលពីឆ្នាំ២០១២មក ប៉ុន្តែផ្លូវរូងដីឥដ្ឋ ដាឡាត បានក្លាយទៅជាទីកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ពេលមកដល់ទីនេះ លោកអ្នកនឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃសិល្បៈដែល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌និងធម្មជាតិនៃទីក្រុង ដាឡាត ក៏ដូចជា ប្រទេសវៀតណាមផងដែរ។

សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី ហាណូយឬ email៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ