AL សង្កត់ធ្ងន់លើសារអន្តរជាតិដ៏សំខាន់ស្តីពីការ​​ជួយគាំទ្រប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី ១១ ខែឧសភា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានអំពាវនាវដល់ប្រទេសដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ឲ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយចក្ខុវិស័យនេះទៅជាការពិត។

ការអំពាវនាវនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តផ្តល់សិទ្ធិបន្ថែមដល់ប៉ាឡេស្ទីន និងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពិចារណាឡើងវិញលើកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនដើម្បីក្លាយជាសមាជិកទី ១៩៤ នៃអង្គការសហប្រជាជាតិ។

AL សង្កត់ធ្ងន់លើសារអន្តរជាតិដ៏សំខាន់ស្តីពីការ​​ជួយគាំទ្រប្រជាជនប៉ាឡេស្ទីន - ảnh 1អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូ ប្រទេសរុស្សី។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីប្រកាស អគ្គលេខាធិការ AL លោក Aboul-Gheit បានវាយតម្លៃថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងគាំទ្រប្រទេសនេះឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកគោលដៅនៃដំណោះស្រាយរដ្ឋពីរ។ លោកបានសង្កត់ធ្ងន់ថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានផ្ញើសារដ៏សំខាន់មួយរបស់សហគមន៍អន្តរជាតិ ស្តីពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងទទួលរងសោកនាដកម្មមនុស្សធម៌។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yván Gil ក៏បានសង្កត់ធ្ងន់ថា ការអនុញ្ញាតិឱ្យប៉ាឡេស្ទីនក្លាយជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ គឺជា “ការអំពាវនាវទូទាំងពិភពលោក”។

មុននោះ ដោយមានសម្លេងគាំទ្រចំនួន ១៤៣ សម្លេងប្រឆាំងចំនួន៩ និង  សម្លេងអនុប្បវាទចំនួន២៥ កាលពីថ្ងៃទី ១០ ឧសភា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តដោយអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាគាំទ្រប៉ាឡេស្ទីនឱ្យក្លាយជាសមាជិកផ្លូវការនៃអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដី។ សេចក្តីសម្រេចចិត្ត បានប្រកាសថា រដ្ឋប៉ាឡេស្ទីនមានសិទ្ធិក្លាយជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ ហើយផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាសន្តិសុខពិចារណាគាំទ្រដំណើរការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ