ថ្នាក់ដឹកនាំសហភាពអឺរ៉ុបគាំទ្រការផ្តល់បេក្ខភាពផ្លូវការដល់អ៊ុយក្រែន
(VOVWORLD) - ព័ត៌មាននេះត្រូវបានលោក Macron ធ្វើឡើង នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្ត្រី អ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis។
ថ្នាក់ដឹកនាំ EU និងអ៊ុយក្រែនជួបពិភាក្សានៅក្នុងវិមាន Mariinsky រដ្ឋធានីគៀវ កាលពីថ្ងៃទី១៦ មិថុនា។ (រូបថត៖ AFP) |
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែមិថុនា បានឲ្យដឹងថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ទាំង៤រូប ដែលកំពុងមានវត្តមាន នៅរដ្ឋធានីគៀវ របស់អ៊ុយក្រែន បានគាំទ្រចំពោះគំនិតផ្តល់បេក្ខភាព EU ដល់ អ៊ុយក្រែន “ភ្លាមមួយរំពិច”។ ព័ត៌មាននេះត្រូវបានលោក Macron ធ្វើឡើង នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្ត្រី អ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis។ លោក Macron ក៏បានប្រកាសថា បារាំងនឹងបង្កើនជំនួយសព្វាវុធដល់អ៊ុយក្រែនផងដែរ។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំង៤ បានមកដល់ទីក្រុងគៀវនៅថ្ងៃទី ១៦ ខែមិថុនាក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គេទៅកាន់អ៊ុយក្រែនចាប់តាំងពីជម្លោះរុស្ស៊ី- អ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈឆ្នាំនេះ។ នៅក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំបានពិភាក្សាអំពីការបង្កើនទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងស្ថាបនាអ៊ុយក្រែនឡើងវិញ។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀតដែលទាក់ទងនឹងភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រធានក្រុមចរចាររបស់រុស្ស៊ី លោក Vladimir Medinsky បានប្រកាសថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច ចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយក្រុងគៀវឡើងវិញ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបចំពោះសំណើនេះនៅឡើយ៕