នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះត្រូវបានភ្ជាប់អ៊ីនធឺណិតទៅកាន់ទីក្រុង និងខេត្តចំនួន ៦៣ នៅទូទាំងប្រទេស។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើឱ្យកាន់តែល្អប្រសើរ ដើម្បីបំពេញភារកិច្ចនយោបាយសម្រាប់ឆ្នាំ ២០២២ និងត្រៀមសម្រាប់ឆ្នាំ ២០២៣ ជាពិសេសក្នុងបរិបទដែលអង្គការសុខភាពពិភពលោក (WHO) នៅតែព្រមានថា ជំងឺរាត ត្បាតកូវីដ ១៩ មិនទាន់ចប់នៅឡើយទេ។ ទន្ទឹមនឹងនោះ នៅវៀតណាមបានលេចឡើងជំងឺរាតត្បាតមួយចំនួនដូចជាជំងឺគ្រុនឈាម ដែលត្រូវគណនានឹងកើតឡើងរៀងរាល់ ៥ ឆ្នាំម្តង។ ដូច្នេះ សម័យប្រជុំនេះត្រូវផ្តោតសំខាន់លើការវាយតម្លៃលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ លោកនាយករដ្ឋមន្រ្តី ស្នើឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិការងារ ដើម្បីវាយតម្លៃបន្ថែមលើការងារបង្ការ និងទប់ស្កាត់ការរាតត្បាតនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការចាក់វ៉ាក់សាំង ជាពិសេសបានផ្តាំផ្ញើដល់ក្រសួងសុខាភិបាល និងក្រសួងអប់រំ និងបណ្តុះបណ្តាល ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធ និងខ្លាំងក្លា ដើម្បីអនុវត្តបញ្ហានេះ ហើយត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់ស្ថានការណ៍ ប្រសិនបើជំងឺកូវីដ -១៩ ផ្ទុះជាថ្មីជាមួយនឹងប្រភេទថ្មី៕