បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានពន្យាពេល២ថ្ងៃបន្ថែមទៀត
(VOVWORLD) - បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើនដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក រដ្ឋាភិបាលអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានយល់ព្រមពន្យាពេលបទឈប់បាញ់នៅតំបន់ហ្គាហ្សា រយៈពេល ២ ថ្ងៃបន្ថែមទៀត រួមជាមួយនឹងលក្ខខណ្ឌមួយចំនួនសម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោស។
កិច្ចព្រមព្រៀងពន្យាពេលបទឈប់បាញ់ត្រូវបានសម្រេចតែប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់នាបច្ចុប្បន្នត្រូវបានបញ្ចប់នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ២៨ វិច្ឆិកា(ម៉ោងនៅក្នុងតំបន់ )។
ក្មេងប្រុសប៉ាឡេស្ទីនម្នាក់ជិះកង់ឆ្លងកាត់អគារបាក់បែកក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី២៧ ខែវិច្ឆិកា។ រូបថត៖ រ៉យទ័រ |
យោងតាមកិច្ចព្រមព្រៀងពន្យាពេលបទឈប់បាញ់ថ្មី អ៊ីស្រាអែល និងក្រុមហាម៉ាសបានឯកភាពបន្តបទឈប់បាញ់រយៈពេល ២ ថ្ងៃបន្ថែមទៀត រហូតដល់ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា។ ក្នុងអំឡុងពេលបទឈប់បាញ់បន្ថែមនេះ ភាគីទាំងពីរបន្តផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស ដោយមានយន្តការនិងលក្ខខណ្ឌដូចគ្នានឹងអំឡុងពេលបទឈប់បាញ់រយៈពេល ៤ថ្ងៃកន្លងទៅ។ ជាពិសេស ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង ២០ នាក់បន្ថែមទៀត លើចំណាប់ខ្មាំងចំនួន ៥០ នាក់ដែលបានសន្យាដោះលែងក្រោមកិច្ចព្រមព្រៀងដំបូងទី។ ជាថ្នូរទៅវិញ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ដែលភាគច្រើនជាស្ត្រី និងក្មេងជំទង់ បន្ថែមពីលើអ្នកទោសចំនួន ១៥០នាក់ ដែលបានសន្យាថាដោះលែង ក្រោមកិច្ចព្រមព្រៀង ដោយមានការសម្របសម្រួលរបស់កាតា អេហ្ស៊ីប និងអាមេរិក។
ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានស្វាគមន៍ការពន្យាពេលបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយចាត់ទុកថា នេះជាជំហានចាំបាច់មួយក្នុងការកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត និងបើកឱកាសសម្រាប់កិច្ចចរចាឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា៕