ប្រធានាធិបតីរុស្ស៊ីបានហៅការវាយប្រហារដោយយន្តហោះ​ដ្រូនលើទីក្រុងម៉ុស្គូ​ជា​សកម្មភាពភេរវកម្ម

(VOVWORLD) - កាលពីថ្ងៃទី ៣០ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅការវាយប្រហារដោយយន្តហោះដ្រូន លើទីក្រុងម៉ូស្គូជាសកម្មភាពភេរវកម្ម ដែលគំរាមកំហែងដល់ប្រជាជន និងញុះញង់ថ្នាក់ដឹកនាំរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីបានហៅការវាយប្រហារដោយយន្តហោះ​ដ្រូនលើទីក្រុងម៉ុស្គូ​ជា​សកម្មភាពភេរវកម្ម - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ រូបថត៖ Tass

ប្រធានាធិបតី Putin បានកត់សម្គាល់ថា នៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កងទ័ពរុស្ស៊ីត្រឹមតែធ្វើការវាយប្រហារមានភាពជាក់លាក់ខ្ពស់ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មិនដូចកងទ័ពរុស្ស៊ីទេ កងទ័ពអ៊ុយក្រែនបានកំណត់គោលដៅទៅលើជនស៊ីវិល៖ “របបទីក្រុងគៀវបានជ្រើសរើសវិធីផ្សេងទៀត គឺការប៉ុនប៉ងបំភិតបំភ័យរុស្ស៊ី បំភិតបំភ័យពលរដ្ឋរុស្ស៊ី និងវាយប្រហារតាមអាកាសទៅលើតំបន់គេហដ្ឋាន។ នេះគឺជាសញ្ញាជាក់ស្តែងនៃសកម្មភាពភេរវកម្ម”។

ប្រធានាធិបតីរុស្ស៊ីបានហៅការវាយប្រហារដោយយន្តហោះ​ដ្រូនលើទីក្រុងម៉ុស្គូ​ជា​សកម្មភាពភេរវកម្ម - ảnh 2អគារមួយក្នុងទីក្រុងម៉ូស្គូបានរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃទី ៣០ ឧសភា។ រូបថត៖ Reuters 

មុននោះ នាព្រឹកថ្ងៃទី ៣០ ឧសភា  គេហដ្ឋានជាច្រើននៅទីក្រុងម៉ូស្គូ និងជាយក្រុង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន។ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើការវាយប្រហារភេរវកម្មនេះ។ យន្តហោះដ្រូនចំនួន ៨ គ្រឿងដែលចូលរួមការវាយប្រហារត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច ប្រព័ន្ធកាំភ្លើងធំនិងមីស៊ីលការពារអាកាស។

នាថ្ងៃដដែលនោះ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា រុស្ស៊ីមានសិទ្ធិចាត់វិធានការដ៏ធ្ងន់ធ្ងរបំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដោយយន្តហោះដ្រូនទៅលើទីក្រុងម៉ូស្គូ។

ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតី លោក Mikhail Podolyak បានឲ្យដឹងថា អ៊ុយក្រែនមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារទាំងនេះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ