ប្រធានាធិបតីអាមេរិកប្រកាសថាប្រហែលជាមិនចូលរួមកិច្ចប្រជុំស្តីពីអ៊ីរ៉ង់ដែលស្នើដោយរុស្ស៊ីនោះទេ

(VOVWORLD) - នាថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកប្រហែលជាមិនចូលរួមកិច្ចប្រជុំកំពូលជាបន្ទាន់ស្តីពីអ៊ីរ៉ង់ដែលស្នើដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទេ។
ប្រធានាធិបតីអាមេរិកប្រកាសថាប្រហែលជាមិនចូលរួមកិច្ចប្រជុំស្តីពីអ៊ីរ៉ង់ដែលស្នើដោយរុស្ស៊ីនោះទេ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត ៖ AFP/TTXVN)

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bedminster រដ្ឋ New Jersey ។

លោកប្រធានាធិបតី Trump ក៏បាននិយាយផងដែរថា លោកនឹងស្វែងរកការដាក់ទណ្ឌកម្មជាថ្មីរបស់អង្គការសហប្រជាជាតិ (អ. ស. ប) ទៅលើអ៊ីរ៉ង់ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោនក្នុងការពន្យាពេលសម្រាប់ការហាមឃាត់អាវុធប្រឆាំងនឹងប្រទេសឥស្លីមនេះ។ លោក Trump បានសង្កត់ធ្ងន់ថាលោកនឹងស្តារបទបញ្ជាដាក់ហាមឃាត់អាវុធចំពោះអ៊ីរ៉ង់ ហើយបានប្រកាសថាសហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពបន្តទៀតនៅសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវដល់សមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ ឲ្យរៀបចំឡើងកិច្ចប្រជុំមួយស្តីពីបញ្ហាអ៊ីរ៉ង់ដើម្បីចៀសវាងភាពតានតឹងដែលកើនឡើងនៅឈូងសមុទ្រ។ ប្រមុខវិមានក្រឹមឡាំងបាននិយាយថាប្រទេសចិន បារាំង រុស្ស៊ី អង់គ្លេស អាមេរិក អាល្លឺម៉ង់ និងអ៊ីរ៉ង់គួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ពីព្រោះ“ នេះគឺជាបញ្ហាជាបន្ទាន់” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ