រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃទី ២៤ ខែមេសាបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់តាំងពីខែមិថុនាឆ្នាំមុន។
នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន នៅទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងសកលលោកមួយចំនួន រួមទាំងវិបត្តិនៅមជ្ឈិមបូព៌ា និងជម្លោះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken។ រូបថត៖ AFP/TTXVN |
រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការប្តេជ្ញារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping នៅក្នុងកិច្ចប្រជុំកំពូលនៅអាមេរិកកាលពីចុងឆ្នាំមុន។ ការសន្យារវាងមេដឹកនាំនៃប្រទេសទាំងពីរទាក់ទងនឹងការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ បញ្ញាសិប្បនិមិត្ត ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការរំលឹកឡើងវិញនូវសារៈសំខាន់ដែលប្រទេសទាំងពីរ គ្រប់គ្រងការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវសូម្បីតែនៅក្នុងវិស័យដែលប្រទេសទាំងពីរនៅតែខ្វែងគំនិតគ្នាក៏ដោយ៕