សេចក្តីប្រកាសរបាយការណ៍អំពីសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត ឆ្នាំ ២០២៣
(VOVWORLD) - នាព្រឹកថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានរៀប ចំសេចក្តីប្រកាសរបាយការណ៍ អំពីសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ច និងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម (PAPI) ឆ្នាំ ២០២៣។
ទិដ្ឋភាពនៃពិធីប្រកាស (រូបថត៖ VOV) |
ថ្លែងក្នុងពិធីបើកពិធីប្រកាសនោះ លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំប្រទេសវៀតណាម មានប្រសាសន៍ថា របាយការណ៍ PAPI ២០២៣ ត្រូវបានធ្វើឡើងតាមរយៈកម្រងនៃសំណួរជាង ៥០០ ដែលមានអ្នកឆ្លើយសំណួរចំនួនជិត ២០.០០០ នាក់ ដែលជ្រើសរើសដោយចៃដន្យក្នុងចំណោមខេត្ត និងទីក្រុងចំនួន ៦៣ ទូទាំងប្រទេសវៀតណាម។ នេះជាចំនួននៃការសម្ភាសន៍ខ្ពស់បំផុតមិនធ្លាប់មាន ដែលកើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០២២។
លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំប្រទេសវៀតណាម ថ្លែងសុន្ទរកថាបើក (រូបថត៖ VOV) |
យោងតាមលោកស្រី Ramla Khalidi បើប្រៀបធៀបទៅនឹងរបាយការណ៍ឆ្នាំ ២០២២ របាយការណ៍ PAPI ឆ្នាំមុនមានចំណុចសំខាន់ៗចំនួន ៣ ដែលក្នុងនោះគួរឱ្យកត់សម្គាល់បំផុត គឺការវាយតម្លៃរបស់ប្រជាជនលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ ដែលមានភាពប្រសើរឡើងយ៉ាងច្បាស់លាស់។
“យើងត្រូវបានលើកទឹកចិត្តដោយការយល់ដឹងរបស់ប្រជាជនថា ទម្រង់នៃអំពើពុករលួយក្នុងវិស័យសាធារណៈមួយចំនួនមានភាពប្រសើរឡើងនៅថ្នាក់មូលដ្ឋាន។ នេះជាការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថា ជាច្រើនឆ្នាំមកហើយ សន្ទស្សន៍អំពើពុករលួយតែងមានទំនាក់ទំនងខ្លាំងបំផុត ជាមួយនឹងការពេញចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរមូលដ្ឋាន”។
នៅក្នុងពិធីប្រកាសនោះ UNDP និងដៃគូអន្តរជាតិបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំទី ១៥ ដែល UNDP បានសម្របសម្រួលជាមួយអាជ្ញាធរ និងមូលដ្ឋានវៀតណាម ដើម្បីអនុវត្តរបាយការណ៍ PAPI។ យោងតាមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់វៀតណាមក្នុងការស្តាប់យោបល់របស់ប្រជាជន ដើម្បីកែលម្អរដ្ឋបាលសាធារណៈ ជាប្រការដែលមិនសូវមានប្រទេសច្រើនលើពិភពលោកធ្វើបាននោះទេ។
ទាក់ទិននឹងចំណាត់ថ្នាក់រួមនៃមូលដ្ឋានក្នុងរបាយការណ៍ PAPI ២០២៣ ខេត្ត Thai Nguyen ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងសន្ទស្សន៍ “ការចូលរួមរបស់ប្រជាជនមូលដ្ឋាន”; Khanh Hoa ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង “ភាពបើកចំហ និងតម្លាភាព”; ខេត្ត Bac Lieu ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង “គណនេយ្យភាពចំពោះប្រជាជន” និង “នីតិវិធីរដ្ឋបាលសាធារណៈ”; ខេត្ត Soc Trang ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "ការគ្រប់គ្រងអំពើពុករលួយក្នុងវិស័យសាធារណៈ"; ខេត្ត Thua Thien Hue ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "ការផ្តល់សេវាសាធារណៈ"; ខេត្ត Dong Thap ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "អភិបាលកិច្ចបរិស្ថាន" ហើយទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង "អភិបាលកិច្ចអេឡិចត្រូនិក"៕