អង្គការសហប្រជាជាតិមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការថែទាំ និងការពារកុមារ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងថា UNICEF នឹងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមពង្រីកប្រភពធនធាន កសាងគោលនយោបាយ និងជំរុញគម្រោងសហប្រតិបត្តិការជាក់លាក់។
ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មលោក Dang Hoang Giang បានអញ្ជើញទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម (រូបថត៖ VNA) |
នាថ្ងៃទី ៨ មេសា នៅទីស្នាក់ការស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មលោក Dang Hoang Giang បានអញ្ជើញទទួលជួបលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងថា UNICEF នឹងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមពង្រីកប្រភពធនធាន កសាងគោលនយោបាយ និងជំរុញគម្រោងសហប្រតិបត្តិការជាក់លាក់។
លោកស្រី Rana Flowers បានមានប្រសាសន៍ថា វៀតណាមសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយមោទនភាពជាច្រើន ជាពិសេសក្នុងការអនុវត្តគោលនយោបាយអាទិភាពស្ដីពីការថែទាំ និងការពារកុមារ។ UNICEF ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមចំពោះសេចក្ដីសម្រេចចិត្តស្ដីពីទិវាអន្តរជាតិលេងកម្សាន្ត ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តនាពេលថ្មីៗនេះ ដោយចាត់ទុកថាវាជាការរួមចំណែកដ៏មានអត្ថន័យចំពោះគោលដៅរួមរបស់សហគមន៍អន្តរជាតិក្នុងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយរបស់កុមារ។ លោកស្រី Flowers បានអះអាងថា UNICEF ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយនឹងបន្តជួយឧបត្ថម្ភយ៉ាងសកម្មចំពោះការអនុវត្តរាល់អាទិភាពរបស់វៀតណាមក្នុងវិស័យសំខាន់នេះផងដែរ៕