មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហាប្រឈមជាសកល

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សប្តាហ៍កិច្ចប្រជុំកំពូល នីតិកាលទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានគ្របដណ្ដប់ដោយហានិភ័យនៃជម្លោះដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ តម្រូវការកំណែទម្រង់ទូលំទូលាយរបស់អង្គការសហប្រជាជាតិ កំពុងក្លាយជាបញ្ហាបន្ទាន់ចាំបាច់។

មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហាប្រឈមជាសកល - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៅឯកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN)

នៅមុនសប្តាហ៍កំពូលនៃមហាសន្និបាតអ.ស.ប នីតិកាលទី៧៩ (UNGA-79) ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគតរបស់អ.ស.ប (ថ្ងៃទី ២២-២៣ ខែកញ្ញា) ហើយបានអនុម័តលើសន្ធិសញ្ញាអនាគត ដោយគូសបញ្ជាក់ពីការសន្យាចំនួន ៥៦ សម្រាប់ត្រៀមសកម្មភាពនាទសវត្សរ៍ខាងមុខ។ នេះត្រូវបានចាត់ទុកថាជាកម្លាំងលោតផ្លោះមួយសម្រាប់ UNGA-៧៩ ក្នុងបរិបទដែលតួនាទីរបស់អ.ស.ប ក្នុងការធានាសន្តិភាពនិងសន្តិសុខនៅក្នុងពិភពលោករងការមន្ទិលសង្ស័យជាងពេលណាៗទាំងអស់។

អស្ថិរភាពសន្តិសុខសកល

នៅពេលសកម្មភាពការទូតជាន់ខ្ពស់លើកដំបូងបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ពិភពលោកបានឃើញពីហានិភ័យផ្ទុះឡើងជម្លោះថ្មីមួយទៀត។ នៅមជ្ឈិមបូព៌ា ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងអ៊ីស្រាអ៊ែលនិងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ បានកើនឡើងយ៉ាងធ្ងន់ធ្ងរ ដោយជំរុញឱ្យប្រទេសទាំងពីរឈានទៅដល់ត្រើយនៃសង្គ្រាមទ្រង់ទ្រាយធំ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ២៣ ខែកញ្ញា បានឆក់យកជីវិតមនុស្សជិត ៥០០ នាក់។ មួយថ្ងៃមុននេះ កងកម្លាំងហេសបូឡាបានប្រកាសសង្រ្គាមគ្មានទីបញ្ចប់ជាមួយអ៊ីស្រាអែល។ នៅក្នុងបរិបទនៃជម្លោះរវាងអ៊ីស្រាអែលនិងចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបអូសបន្លាយជិតមួយឆ្នាំ ដោយមិនទាន់មើលឃើញទីបញ្ចប់ ហានិភ័យនៃជម្លោះដែលផ្ទុះឡើងរវាងអ៊ីស្រាអែលនិងកម្លាំង ហេសបូឡា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនិងមានសក្តានុពលខ្លាំងជាងក្រុមហាម៉ាស់ អាចរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ធ្លាក់ចូលសង្រ្គាមដ៏ឃោរឃៅជាងនេះទៅទៀត។

អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្រូវការសម្រាប់ការអនុវត្តតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការធានាសន្តិភាពនិងសន្តិសុខពិភពលោកកាន់តែមានភាពបន្ទាន់។ ក្រៅពីប្រតិបត្តិការជំនួយមនុស្សធម៌ អង្គការសហប្រជាជាតិជាប់គាំងយ៉ាងច្រើនក្នុងការជំរុញ និងដាក់ចេញដំណោះស្រាយនយោបាយសម្រាប់បញ្ចប់ជម្លោះ។ យោងតាមតំណាងនៃរដ្ឋសមាជិកជាច្រើនរបស់អង្គការសហប្រជាជាតិ គន្លឹះនៃការជាប់គាំងនេះគឺយន្តការប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនសមស្របទៀតឡើយ ដែលប្រទេសជាសមាជិកអចិន្ត្រៃយ៍ចំនួន ៥ (ចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក រុស្ស៊ី ចិន) មានសិទ្ធិវេតូ។ ដូច្នេះ ធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ មិនអាចពន្យារពេលបានទេ។ ប្រធានាធិបតីឈីលី លោក Gabriel Boric បានលើកមតិថា៖ “ឆ្នាំ ២០២៤មិនមែនជាឆ្នាំ ១៩៤៥ ទេ។ យើងបានឃើញម្តងហើយម្តងទៀតនូវប្រទេសមួយចំនួន ដោយសារតែជម្លោះភូមិសាស្ត្រនយោបាយ ដាក់សិទ្ធិវេតូលើសេចក្តីសម្រេចចិត្តមួយ។ ប៉ុន្តែពិភពលោកសព្វថ្ងៃមិនដូចនោះទៀតទេ។ ប្រទេសទាំងនេះមិនគួរមានអំណាចវេតូ ហើយក្រុមប្រឹក្សាសន្តិសុខមិនតំណាងឱ្យពិភពលោកនាពេលបច្ចុប្បន្ននេះទេ”

ចែករំលែកមតិនេះ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក៏បាននិយាយថា ចាំបាច់ត្រូវបង្កើនអំណាចទៅលើមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ប្រមូលផ្តុំ ជំនួសឱ្យការប្រមូលផ្តុំអំណាចនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។

“យើងត្រូវធ្វើបែបប្រជាធិបតេយ្យដល់ដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅអង្គការសហប្រជាជាតិ។ សន្តិភាពនិងសន្តិសុខអន្តរជាតិមិនអាចទុកឱ្យតាមឆន្ទៈរបស់ក្រុមឯកសិទ្ធិដែលមានតែប្រទេសមួយចំនួនប៉ុណ្ណោះទេ”។

មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហាប្រឈមជាសកល - ảnh 2អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu  (រូបថតឯកសារ (ប្រភព៖ Xinhua)

ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព

ក្រៅពីតម្រូវការបន្ទាន់ដើម្បីធ្វើកំណែទម្រង់អង្គការសហប្រជាជាតិដើម្បីឱ្យអង្គការនេះអាចអនុវត្តកាន់តែមានប្រសិទ្ធភាពនូវបេសកកម្មឧត្តុង្គឧត្តមបំផុតរបស់ខ្លួនក្នុងការធានាសន្តិភាពនិងសន្តិសុខអន្តរជាតិ, UNGA-៧៩ ក៏ត្រូវតែពិភាក្សាអំពីបញ្ហាប្រឈមជាសកលសំខាន់ៗជាច្រើនទៀតដែលលេចចេញនូវចំណុចលេចធ្លោគឺការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) យោងតាមផែនទីបង្ហាញផ្លូវឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ទាក់ទងនឹងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្ត SDGs រហូតដល់ឆ្នាំ ២០៣០ អង្គការសហប្រជាជាតិក៏ត្រូវបង្កើតសន្ទុះថ្មីសម្រាប់ប្រទេសជាសមាជិកក្នុងបរិបទដែល SDGs ភាគច្រើនកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយបរិយាកាសសន្តិសុខមិនស្ថិតស្ថេរ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។ អគ្គនាយកនៃអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu បានឲ្យដឹងថា៖ “ពិភពលោកកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏គួរឱ្យព្រួយបារម្ភ។ កាលពីឆ្នាំមុន មនុស្សជាង ៧៣០ លាននាក់នៅជុំវិញពិភពលោកបានប្រឈមនឹងភាពអត់ឃ្លាន ហើយចំនួន ២,៣ ពាន់លាននាក់មានអសន្តិសុខអាហារកម្រិតមធ្យម ឬធ្ងន់ធ្ងរ។ យើងមិនស្ថិតនៅលើដំណើរការសម្រេចបាននូវ SDGs ណាមួយនោះទេ ហើយថែមទាំងកំពុងមើលឃើញពីវិសមភាពក្នុងវិស័យជាច្រើន ចាប់ពីប្រាក់ចំណូល និងយេនឌ័រ រហូតដល់ការទទួលបានទ្រព្យសម្បត្តិ និងឱកាស”

កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ក៏ជាប្រធានបទសំខាន់មួយទៀតក្នុង UNGA-៧៩ ក្នុងបរិបទនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានគេស្គាល់ថាជាពិភពខាងត្បូង ដែលកំពុងមានសម្លេងកាន់តែខ្លាំងក្នុងកិច្ចការអន្តរជាតិ។ នៅក្នុងថ្ងៃដំបូងនៃសប្តាហ៍ការទូតដ៏ធំបំផុតប្រចាំឆ្នាំនៅទីក្រុងញូវយ៉ក កិច្ចប្រជុំទ្វេភាគីរាប់រយរវាងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានរៀបចំ និងអនុម័តដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់ថាមពល និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ