Nguyen Thi Oanh – “កីឡាការិនីមាស” នៃកីឡាអត្តពលិកវៀតណាម
(VOVWORLD) - ក្នុងផ្ទាំងរូបភាពស្នាដៃដ៏ត្រចះត្រចង់ របស់ក្រុមកីឡាអត្តពលិកវៀតណាម នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០នេះ អ្នកគាំទ្រពិតជាមានការចាប់អារម្ម ណ៍យ៉ាងខ្លាំង ចំពោះមេដាយមាសទាំង ៣ គ្រឿង ដែលកីឡាការិនីមានវ័យអាយុ ២៤ Nguyen Thi Oanh ដណ្តើមបាន។ ប្រការគួរឱ្យភ្ញាក់ផ្អើល ចំពោះនារីតូចច្រឡឹងរូបនេះគឺថា ក្នុងការដណ្តើមបានមេដាយមាស ទាំង ៣ ដងនោះ Oanh សុទ្ធតែបាននាំមុខគូប្រជែងផុតឆ្ងាយ រហូតដល់បំបែកកំណត់ត្រាស៊ីហ្គេមដែលមានចម្ងាយ ៣.០០០ ម៉ែត្រ ជំនះឧបសគ្គដោយប្រើពេលត្រឹមតែ ១០ នាទី ០,២ វិនាទីតែប៉ុណ្ណោះ។
កីឡាការិនី Nguyen Thi Oanh (រូបថតៈ VOV) |
នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ រូបភាពរបស់នារីមានមាឌតូចល្អិតមួយរូបមានកម្ពស់ត្រឹមតែ ១,៤៨ ម៉ែត្រ ប៉ុន្តែ បានរត់ដល់គោលដៅយ៉ាងលឿនធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។ សូម្បីតែអ្នករៀបចំកម្មវិធីក៏មានការភ្ញាក់ផ្អើលដែរ ហើយប្រហែលជាការភ្ញាក់ផ្អើលនេះ គឺជាមូលហេតុដែលនាងត្រូវបានគេធ្វើតេស្តិ៍ Doping ទាំងបីលើកតែម្តង។ ខណៈពេលដែលយកឈ្នះឧបស័គ្គចម្ងាយ ៣០០០ម៉ែត្រនោះ កីឡាការិនី Oanh ហាក់ដូចជាបាត់បង់កម្លាំង ប៉ុន្តែ រីករាយថាខ្លួនជាអ្នកឈ្នះ។ បានពាក់លើខ្លួននូវទង់មាសផ្កាយក្រហម រួមជាមួយសំឡេងបទចម្រៀងជាតិលើពហុកីឡាដ្ឋាននោះ កីឡាការិនី Nguyen Thi Oanh សំណេះសំណាលថា៖ “អរគុណសម្រាប់រាងកាយដែលផ្តល់អោយខ្ញុំអាចធន់ទ្រាំ រហូតដល់នារីដំណើមជ័យជម្នះនេះ។ មុនពេលខ្ញុំមានឈានចូលវគ្គប្រកួតទីបីនេះ ខ្ញុំស្ទើរតែអស់កម្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ប្រកួត ២មុននោះ ខ្ញុំត្រូវទៅធ្វើតេស្តិ៍ Doping ហើយការធ្វើតេស្តិ៍ Doping នេះត្រូវការពេលវេលាច្រើន ដែលធ្វើឱ្យខ្ញុំបាត់បង់ថាមពលក៏ច្រើនណាស់ផងដែរ។ ខ្ញុំត្រូវដកដង្ហើមវែងៗ ដើម្បីបណ្តោយរាងកាយសម្រាប់ការប្រកួត”។
លទ្ធផលដែលទទួលបាននៅថ្ងៃនេះ គឺជាដំណើរដ៏វែងអន្លាយនិងយូរអង្វែងសម្រាប់នារីតូចរូបនេះ។ Nguyen Thi Oanh មានចំណង់ចំណូលចិត្តផ្នែកកីឡាតាំងពីនាងនៅតូចម្លះ ហេតុដូច្នេះ នាងត្រូវគ្រូបង្រៀននៅមូលដ្ឋាន រកឃើញនិងផ្តោតលើការ បណ្តុះបណ្តាល។ បន្ទាប់ពីទទួលបានជ័យលាភីលេខ២ នៃវិញ្ញាសាររត់ប្រណាំងថ្នាក់ខេត្ត (ឆ្នាំ ២០១០) Oanh បានមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងប្រកួតប្រជែងខេត្ត Bac Giang ជ្រើសរើសនៅក្នុងថ្នាក់ជំនាញកីឡា ហើយបន្ទាប់មក នាងមានវត្តមានក្នុងក្រុមជម្រើសរបស់ខេត្ត។ នៅក្នុងបរិយាកាសកីឡាជំនាញ Oanh បានខិតខំនិងមានលក្ខខណ្ឌដើម្បីពង្រីកនូវទេពកោសល្យរបស់ខ្លួន។ នាងទទួលបានដំណែងជើងឯកថ្នាក់ជាតិ តាំងពីវ័យក្មេង និងបានចូលរួមការប្រកួតមានថ្នាក់ធំៗ ជាច្រើនហើយតែងតែសម្រេចបានស្នាដៃល្អឥតខ្ចោះ។
ថ្វីត្បិតដូច្នេះក៏ដោយ កាលពីប៉ុន្មានឆ្នាំមុន Oanh មានជំងឺតំរងនោម និងរងសារជាតិពុល ដោយសារធាតុគីមីគឺធ្ងន់ធ្ងរណាស់ ដូច្នេះក្រុមកីឡាអត្តពលិក បានប្រគល់នាងទៅមូលដ្ឋានវិញ ដើម្បីចំណាយពេលព្យាបាល។ Oanh ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាល បន្ទាប់មកបានទៅសាកលវិទ្យាល័យកីឡា Bac Ninh ដើម្បីសិក្សានិងហ្វឹកហាត់ដោយខ្លួនឯង។ ដោយមានឆន្ទៈខ្ពស់ បន្ទាប់ពីជាសះស្បើយពីជំងឺ នាងត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិឡើងវិញ ហើយទទួលបានមេដាយមាសជាច្រើនគ្រឿង លើវិញ្ញាសារអត្តពលិកវៀតណាម។ រំលឹកអំពីពេលវេលាដ៏លំបាកនោះ លោកស្រី Nguyen Thi Huong ដែលជាម្ដាយរបស់កីឡាការិនីអត្តពលិកNguyen Thi Oanh បានចែករំលែកថា៖ “នៅពេលដែលនាងឈឺ ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។ យ៉ាងណាមិញ គ្រួសារខ្ញុំនៅតែអនុញ្ញាតឱ្យនាងដើរតាមអាជីពរបស់ខ្លួន ដោយសារតែការតស៊ូរបស់នាង។ ព្រោះថា សមត្ថភាពរបស់នាង អាចបង្កើតអាជីពរបស់នាង ហើយក្រុមគ្រួសារខ្ញុំ ទាំងបងប្អូននិងមិត្តភក្តិរបស់នាង តែងតែលើកទឹកចិត្តនាងនិងជួយនាងជានិច្ចដើម្បីនាងអាចទទួលបានជោគជ័យរហូតដល់ថ្ងៃនេះ”។
បំពេញបេសកកម្មនៅប្រទេសហ្វីលីពីនដោយជោគជ័យរួចមក “កីឡាការិនីមាស” នៃកីឡាអត្តពលិកវៀតណាម បានទទួលពានរង្វាន់សក្តិសមជាច្រើន។ នៅក្នុងផ្ទះ ដ៏សាមញ្ញមួយ ប័ណ្ណសរសើរជាច្រើន ត្រូវបានព្យួរ ប៉ុន្តែយោងទៅតាមឪពុករបស់ Oanh គឺលោក Nguyen Van Chuyen ថា នៅមានប័ណ្ណសរសើរជាច្រើនទៀត ដែលមិនទាន់បានព្យួរនោះទេ ពីព្រោះផ្ទះគ្មានកន្លែងដាក់។ ទោះជាយ៉ាងណាក៏ដោយ នឹងមានការផ្លាស់ប្តូរដែរ ព្រោះបើយោងតាមការបង្ហើបរបស់ Nguyen Thi Oanh ចូលឆ្នាំថ្មីនេះ នាងសុំការអនុញ្ញាតពីឪពុកម្តាយដោយយកប្រាក់រង្វាន់ពីមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមុននិងមេដាយមាស ៣ គ្រឿងទៀតនៅរដូវកាលនេះ ដើម្បីសាងសង់ផ្ទះ ៣ ជាន់ជូនឪពុកម្តាយ។ នាងសំណេះសំណាលថា៖ “ឈានចូលឆ្នាំ ២០២០នេះ នាងខ្ញុំសង្ឃឹមថា ក្រុមគ្រួសារនឹងទទួលបានក្តីសុខ សុភមង្គល។ សង្ឃឹមថា នាងខ្ញុំនឹងមានចូលឆ្នាំថ្មីពោរពេញភាពកកក្តៅជាមួយក្រុមគ្រួសារជាទីស្រឡាញ់”។
ជា“មនុស្សមិនចេះហត់” “កីឡាការិនីមាឌតូច”។ ទាំងនោះគឺជាសម្មតិនាមពីរដែលអ្នកស្រឡាញ់វិញ្ញាសារកីឡាបានផ្តល់ឱ្យ Nguyen Thi Oanh ដែលរួមចំណែកលើកតម្កើងតារាងមេដាយមាសដែលនាងសម្រេចបានក៏ដូចជា ថាមពលឈ្នះឧបស័គ្គនៃជីវិតរបស់ក្មេងស្រីគឺមានកំពស់ត្រឹមតែ ១ ម៉ែត្រ ៤៨ ប៉ុណ្ណោះ។ Nguyen Thi Oanh បានចែករំលែកក្តីសុបិន្តរបស់នាងម្តងហើយម្តងទៀត អំពីការប្រកួតប្រជែងនៅលើសង្វៀនអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ យើងទាំងអស់គ្នាសូមជូនពរអោយនារីមាសនៃកីឡាវៀតណាម សម្រេចបានក្តីសុបិន្តរបស់នាងយ៉ាងឆាប់ៗ៕