លោកស្រី Nong Thi Hoai - អ្នករក្សាអណ្តាតភ្លើងនៃបទចម្រៀងប្រជាប្រិយ Tay, Nung នៅ ខេត្ត Cao Bang

(VOVWORLD) - ដោយក្តីស្រឡាញ់ចំពោះវប្បធម៌ប្រពៃណី ដូច្នេះ អស់ជាច្រើនឆ្នាំមកហើយ លោកស្រី Nong Thi Hoai (ជនជាតិ  Tay នៅឃុំ Van Trinh ស្រុក Thach An ខេត្ត Cao Bang) បានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការស្រាវជ្រាវ និងបង្រៀនចម្រៀងប្រពៃណីជាតិ ដល់ប្រជាជនដែលមានចំណង់ចំណូលចិត្តជាមួយវប្បធម៌ប្រជាប្រិយក្នុងមូលដ្ឋាន។  ទំនុកចម្រៀង Then  និងសម្លេងចាប៉ី Tinh ដ៏សាមញ្ញបានផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ  Tay និង Nung នៅទីនេះផងដែរ។
លោកស្រី Nong Thi Hoai - អ្នករក្សាអណ្តាតភ្លើងនៃបទចម្រៀងប្រជាប្រិយ Tay, Nung នៅ ខេត្ត Cao Bang - ảnh 1លោកស្រី Nong Thi Hoai និងក្លឹបឃុំ Van Trinh បានចូលរួមពិធីបុណ្យសិល្បៈស្រុក Thach An  (រូបថត៖ VOV)

ថ្វីត្បិតតែឆ្នាំនេះមានអាយុជាង ៦០ឆ្នាំទៅហើយក្តី ប៉ុន្តែទឹកដមសំនៀងច្រៀងរបស់លោកស្រី Nong Thi Hoai នៅតែរលូននិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។  លោកស្រី Hoai បានចែករំលែកថា កុមារភាពរបស់លោកស្រីត្រូវបានបង្កប់ដោយទំនុកចម្រៀង sli   ឬ សំនៀងបំពេរកូនដ៏ផ្អែមល្ហែមរបស់អ្នកម្តាយ។ ប្រហែលជានោះហើយជាមូលហេតុដែលភ្លាមៗនោះ លោកស្រីលង់ស្នេហ៍នឹងបទចម្រៀងប្រជាប្រិយរបស់ស្រុកកំណើត  ហើយលោកស្រីក៏បានបង្ហាញពីទេពកោសល្យសិល្បៈរបស់ខ្លួន។ នៅពេលដែលឃុំមានគោលនយោបាយបង្កើតក្លឹបចម្រៀងប្រជាប្រិយ និងរបាំប្រជាប្រិយ លោកស្រី Hoai គឺជាអ្នកដំបូងគេដែលបានចូលរួមក្នុងការបង្កើតក្លឹបអភិរក្សចម្រៀងប្រជាប្រិយរបស់ឃុំ Van Trinh។ ក្នុងនាមជាប្រធានក្លឹប លោកស្រី Hoai ជាកត្តាសកម្មក្នុងការរៀបចំវគ្គបង្រៀន ទាក់ទងនឹងសិប្បករ គ្រូ... ដើម្បីណែនាំសមាជិកក្នុងក្លឹប។ លោកស្រី Nong Thi Hoai បានចែក រំលែកថា៖ “ខ្ញុំមានចំណង់ចំណូលចិត្តជាមួយសិល្បៈខ្លាំងណាស់ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៧  ពេលដែលកូនៗរបស់ខ្ញុំធំដឹងក្តី ខ្ញុំដើរគោះទ្វារគ្រប់ៗគ្នា ហៅគ្នាម្តងមួយៗ ដឹងពីចំណាប់អារម្មណ៍ ហាត់សមរួមគ្នា។  តាំងពីដើមមក ក្លឹបមានគ្នាចូលរួមតិចណាស់ ប៉ុន្តែបន្តិចម្ដងៗ ពោលគឺទោះបីជានារាត្រីរដូវរងាដ៏ត្រជាក់ បុន្តែសមាជិកម្នាក់ៗក្នុងក្លឹប នៅតែបបបួលគ្នាមកទីនេះដើម្បីហាត់សម។ បច្ចុប្បន្ន ក្លឹបមានសមាជិកជាង ៣០ នាក់ហើយ”។

ជារៀងរាល់យប់ ផ្ទះតូចរបស់លោកស្រី Hoai តែងតែអ៊ូអរជាមួយនឹងសំឡេងលេងចាប៉ី Tinh និងសំនៀងចម្រៀង Then។  ដោយសារការប្រមូលផ្តុំអ្នកចម្រៀងល្អៗជាច្រើន ដែលជក់ចិត្តនឹងសិល្បៈប្រជាប្រិយ រួមទាំងចំណេះដឹងជ្រៅជ្រះអំពីវប្បធម៌ក្នុងស្រុក ... ហេតុដូច្នេះក្លឹបអភិរក្សចម្រៀងប្រជាប្រិយ Van Trinh បានក្លាយជាកន្លែងលេចធ្លោក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃសិល្បៈប្រជាប្រិយនៅស្រុក Thach An។ លោកស្រី Nong Thi Luyen សមាជិកនៃក្លឹបអភិរក្សចម្រៀងប្រជាប្រិយឃុំ Van Trinh បានឲ្យដឹងថា ការរក្សានិងអភិវឌ្ឍន៍ក្លឹបច្រៀងចម្រៀង Then ចាប៉ី Tinh មិនត្រឹមតែអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌នៃទម្រង់សិល្បៈនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់ជីវភាពវប្បធម៌របស់ប្រជាជន ក្នុងតំបន់ទៀតផង។

លោកស្រី Nong Thi Hoai - អ្នករក្សាអណ្តាតភ្លើងនៃបទចម្រៀងប្រជាប្រិយ Tay, Nung នៅ ខេត្ត Cao Bang - ảnh 2ក្លឹបប្រមូលគ្នាជាញឹកញាប់ដើម្បីហាត់សមមេរៀនសំខាន់ៗ (រូបថត៖ VOV)

“លោកស្រី Hoai តែងតែមានទឹកចិត្តស្រឡាញ់រាប់អាននិងលើកទឹកចិត្តដល់អ្នករាល់គ្នា។ ពេលនេះក្លឹបបានបង្កើតឡើងហើយ អ្នកទាំងអស់គ្នាក៏មានចំណង់ចំណូលចិត្ត សាមគ្គីគ្នា ហើយទៅហាត់សមទាំងអស់គ្នា។ ទោះជាអ្នករាល់គ្នានឿយហត់ក៏ដោយ ពេលលេងឧបករណ៍ភ្លេង ច្រៀងចម្រៀងប្រជាប្រិយគឺមិនមានអារម្មណ៍នឿយហត់ទៀតឡើយ”។

សម្រាប់ជនជាតិ Tay និង Nung ចម្រៀង Then ចាប៉ី Tinh មិនត្រឹមតែជាវប្បធម៌ និងសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាសោភ័ណភាពក្នុងជីវភាពខាងស្មារតីរបស់ប្រជាជន ដែលតែងតែបានសម្តែងក្នុងឱកាសបុណ្យទាននានា បុណ្យតេតឬបុណ្យចម្រើនជន្មាយុ ជាដើម។ បំណងប្រាថ្នារបស់លោកស្រី Hoai គឺចង់ឲ្យមនុស្សជំនាន់បច្ចុប្បន្នមិនត្រឹមតែយល់ពីទំនុកច្រៀង និងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសោភណ្ឌភាព និងសម្រស់ក្នុងបទចម្រៀងប្រជាប្រិយនីមួយៗទៀតផង។

នៅពេលដែលបេតិកភណ្ឌចម្រៀង Then ចាប៉ី Tinh របស់ជនជាតិ Tay Nung និងThai នៅវៀតណាមត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិក្នុងឆ្នាំ ២០១៩ នោះ លោកស្រី Nong Thi Hoai ចាត់ទុកថា នេះជាភាពរីករាយ និងជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់លោកស្រីក្នុងការរួមជាមួយក្លឹបរបស់ខ្លួនបន្តបង្កាត់ភ្លើងនៃចំណង់ចំណូលចិត្ត។  លោកស្រី Nong Thi Hoai បានចែករំលែកថា៖ “សព្វថ្ងៃ យើងបានរួមគ្នារក្សាអត្តសញ្ញាណវប្បធម៌របស់អ្នកត្រួសត្រាយដូចរូបខ្ញុំគឺពិតជាពិបាកណាស់ ទីមួយទាក់ទងនឹងសេដ្ឋកិច្ច ទីពីរទាក់ទងនឹងលក្ខខណ្ឌ។ ឧបករណ៍ភ្លេងមួយក៏មានតម្លៃពី ៨រយ ទៅមួយលានដុង ខ្ញុំក៏ទិញឲ្យអ្នករាល់គ្នាខ្ចី។ ពីការជួបប្រាស្រ័យតូចៗនៅក្នុងភូមិ ក្នុងសង្កាត់ដូចជា ទិវាសាមគ្គីជាតិ ទិវានារី និងទិវាជនចាស់ជរា... ពោលគឺ ទីណាមានចម្រៀង Then និងចាប៉ី Tinh គឺទីនោះនឹងមានវត្តមានរបស់រូបខ្ញុំជានិច្ច”។

ទំនុកចម្រៀង Then និងចាប៉ី Tinh ប្រកបដោយភាពសុខដុមរមនា កាន់តែរស់រវើក និងផ្សព្វផ្សាយពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Tay និង Nung។ បទចម្រៀងប្រពៃណីដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីអ្នកដែលមានចំណង់ចំណូលចិត្តស្រលាញ់សិល្បៈប្រជាប្រិយដូចលោកស្រី Nong Thi Hoai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ