កញ្ញា Dang Cat Tien - សិស្សតែម្នាក់គត់ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់យុវជនវៀតណាមគំរូឆ្នាំ២០២៣
(VOVWORLD) - មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទើបតែបានប្រកាសការតែងតាំងយុវជនចំនួន ២០រូបសម្រាប់ពានរង្វាន់ យុវជន
វៀតណាមគំរូឆ្នាំ ២០២៣ ក្នុងនោះមានសិស្សានុសិស្ស និងនិស្សិតចំនួន ៥ នាក់ក្នុងវិស័យសិក្សានិងសកម្មភាពសង្គម។ ក្នុងចំណោមនោះ កញ្ញា Dang Cat Tien ជាសិស្សថ្នាក់ទី ៩ អនុវិទ្យាល័យ Thai Nguyen ខេត្ត Khanh Hoa មានកិត្តិយសជាសិស្សតែម្នាក់គត់លើទូទាំងប្រទេសដែលត្រូវបានតែងតាំង។
កញ្ញា Dang Cat Tien សិស្សថ្នាក់ទី ៩ នៅអនុវិទ្យាល័យ Thai Nguyen (ខេត្ត Khanh Hoa) ក្នុងតួនាទីជាប្រធានរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាកុមារតាមគំរូសម្មតិកម្ម។
(រូបថត៖ Xuan Tung) |
កិរិយាមាយាទប្រកបដោយទំនុកចិត្ត ភាពធំដឹងក្ដី និងស្នាមញញឹមដ៏ស្រស់ស្រាយ គឺជាចំណាប់អារម្មណ៍របស់មនុស្សម្នាចំពោះកញ្ញា Dang Cat Tien សិស្សថ្នាក់ទី ៩ នៅអនុវិទ្យាល័យ Thai Nguyen (ខេត្ត Khanh Hoa) ក្នុងតួនាទីជាប្រធានរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាកុមារតាមគំរូសម្មតិកម្មជាលើកទីមួយ កាលពីខែកញ្ញាឆ្នាំ២០២៣។ ដោយមានសមត្ថភាព និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន Cat Tien បានវ៉ាដាច់តំណាងកុមារជាង ២៦០ នាក់ផ្សេងទៀតនៅក្នុងជុំសម្ភាសន៍ ដើម្បីទទួលតំណែងជាអធិបតីនៃសម័យប្រជុំដ៏សំខាន់នេះ។ រំលឹកពីដំណើរនៃការចូលរួមសម័យប្រជុំ កញ្ញា Dang Cat Tien បានចែករំលែកថា៖
“នៅពេលដែលខ្ញុំចូលរួមសម័យប្រជុំ ហើយត្រូវបានគេជឿទុកចិត្តជ្រើសរើសជាប្រធានរដ្ឋសភាសម្មតិកម្ម ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទំនួលខុសត្រូវដ៏ធំធេងមួយ។ ខ្ញុំតែងតែក្រើនរំលឹកខ្លួនឯងឱ្យត្រៀមរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្នបំផុត សិក្សាឯកសារច្បាប់ ក៏ដូចជាពិចារណាលើស្ថានភាពជាក់ស្តែង ដើម្បីផ្តល់មតិយោបល់ និងអនុសាសន៍នៅក្នុងសម័យប្រជុំដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តវ័យក្មេង”។
សម្រាប់កញ្ញា Dang Cat Tien ការចូលរួមក្នុងព្រឹត្តិការណ៍លេចធ្លោមួយរបស់រដ្ឋសភាវៀតណាមក្នុងឆ្នាំ ២០២៣ គឺជាមោទនភាព និងកម្លាំងចលករដើម្បីបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។
“ការចូលរួមក្នុងសម័យប្រជុំលើកនេះ គឺជាឱកាសដ៏ថ្លៃថ្លាមួយ ដែលមិនមែនគ្រប់គ្នាអាចមាននោះទេ។ ឱកាសនេះគឺជាកម្លាំងចលករដើម្បីឲ្យខ្ញុំបន្តខិតខំប្រឹងប្រែងហាត់ពត់លត់ដំ ហើយទទួលបានបទពិសោធន៍បន្ថែមទៀតលើដំណើរឆ្ពោះទៅកាន់អគាររដ្ឋសភានេះនាពេលអនាគត។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត ខ្ញុំនឹងមកទីនេះក្នុងនាមជាសមាជិករដ្ឋសភា ឬប្រហែលជាសមាជិកនៃគណៈកម្មាធិការសំខាន់ៗរបស់រដ្ឋសភា”។
រូបថត៖ Luu Trinh |
មិនត្រឹមតែបង្កើតការចាប់អារម្មណ៍នឹងឥរិយាបទប្រកបដោយភាពធំដឹងក្ដីក្នុងសាលប្រជុំប៉ុណ្ណោះទេ សិស្សថ្នាក់ទី៩ រូបនេះ ក៏មានស្នាដៃសិក្សាឆ្នើមៗ និងសកម្មភាពលេចធ្លោជាច្រើនដូចជា៖ រង្វាន់ទី២ ក្នុងការប្រឡងឯកអគ្គរដ្ឋទូតនៃវប្បធម៌អានថ្នាក់ជាតិឆ្នាំ២០២១; រង្វាន់ទី ២ នៃការប្រឡងប្រវត្តវិទូក្មេងថ្នាក់ជាតិឆ្នាំ ២០២១; រង្វាន់ទី ១ នៃមុខវិជ្ជាភាសាអង់គ្លេសក្នុងការប្រឡងជ្រើសរើសសិស្សពូកែខេត្ត Khanh Hoa ឆ្នាំ ២០២៣; កិត្តិនាម "វីរជននៃអំពើល្អរាប់ពាន់" ថ្នាក់ខេត្តឆ្នាំ ២០២៣ ... Cat Tien បានខិតខំប្រឹងប្រែង ហាត់ពត់លត់ដំដោយឥតឈប់ឈរនិងសិក្សាយ៉ាងស្វិតស្វាញ ដើម្បីសម្រេចបាននូវសមិទ្ធិផលទាំងនេះ។ ក្រៅពីការសិក្សានៅសាលា Cat Tien ក៏ចំណាយពេលដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសង្គមនានា លើកកំពស់បំណិនទន់ ជំនាញភាសាបរទេស ចូលរួមក្នុងសកម្មភាពរបស់ក្រុមយុវជនជំទង់ ក៏ដូចជាចលនាសាលារៀន និងមូលដ្ឋានតាំងពីកុមារភាពមក។
កញ្ញា Cat Tien បានចែករំលែកថា ការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំជារៀងរាល់ថ្ងៃ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយប្អូនលើកកំពស់ចំណេះដឹង អះអាងខ្លួនឯង និងទទួលបានជោគជ័យក្នុងការសិក្សា និងជីវភាព។
“បើយើងចង់ទទួលបានជោគជ័យ យើងត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិផ្ទាល់ខ្លួន ក៏ដូចជាយល់ច្បាស់ពីតម្លៃខ្លួនយើង ដើម្បីខិតខំនិងលើកកំពស់តម្លៃរបស់យើង។ ពេលយើងយល់ពីគុណតម្លៃរបស់ខ្លួន យើងនឹងដឹងពីរបៀបលើកកំពស់គុណសម្បត្តិ ក៏ដូចជាយកឈ្នះលើគុណវិបត្តិរបស់យើង។ មានតែពេលនោះទេ ទើបយើងមានទំនុកចិត្តក្នុងគំនិតនិងសកម្មភាពដើម្បីសម្រេចបានគោលដៅដែលយើងបានជ្រើសរើស។ ការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំដោយឥតឈប់ឈរដើម្បីកែលម្អខ្លួនឯងនៅពេលបច្ចុប្បន្ន គឺជាវិធីដើម្បីអះអាងខ្លួនឯងនាពេលអនាគត”។
នាពេលថ្មីៗនេះ កញ្ញា Cat Tien បានទទួលដំណឹងល្អនៅពេលដែលក្លាយជាសិស្សតែម្នាក់គត់ និងជាបេក្ខជនក្មេងជាងគេដែលត្រូវបានលើកតម្កើងក្នុងជម្រើសកំពូល យុវជនវៀតណាមគំរូ ២០ នាក់ឆ្នាំ២០២៣ របស់មជ្ឈិមសម្ព័ន្ធយុវជន ក្នុងវិស័យសកម្មភាពសង្គម រួមជាមួយឥស្សរជនឆ្នើមៗនៅទូទាំងប្រទេស។ Cat Tien បានចែករំលែកថា កិត្តិយសនេះគឺជាឱកាសដើម្បីឲ្យនាងបន្តសិក្សារៀនសូត្រ ហើយក៏ជាកម្លាំងចលករដើម្បីបន្តខិតខំប្រឹងប្រែងបន្ថែមទៀតនាពេលអនាគតផងដែរ៕