ការរួមវិភាគទានរបស់នាយករដ្ឋមន្ត្រី លោក Vo Van Kiet ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - នៅពេលមានជីវិត នាយករដ្ឋមន្ត្រីវៀតណាម លោក Vo Van Kiet (២៣ វិច្ឆិកា ១៩២២-២៣ វិច្ឆិកា ២០២២) ជាមនុស្សម្នាក់ដែលមានផ្នត់គំនិតច្នៃប្រឌិត។ អាស្រ័យដោយមានបុគ្គលលក្ខណៈ “ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នោះ ពេលកាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោកបានរួមជាមួយអាជ្ញាធរទីក្រុង ជួយប្រជាជនជំនះពុះពារលើការលំបាក ងើបឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកជាមួយប្រទេសជាតិទាំងមូលចាប់ផ្ដើមបុព្វហេតុផ្លាស់ប្ដូរថ្មី ចាប់តាំងពីឆ្នាំ ១៩៨៦ ហើយបានរីកចម្រើនយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

ការរួមវិភាគទានរបស់នាយករដ្ឋមន្ត្រី លោក Vo Van Kiet ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម - ảnh 1សៀវភៅ "សញ្ញាសម្គាល់របស់លោក Vo Van Kiet ក្នុងយុគសម័យផ្លាស់ប្ដូរថ្មី"។

ទីក្រុងហូជីមិញ ក្រោយពីថ្ងៃរំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (១៩៧៥) បានជួបប្រទះនឹងការលំបាកជាច្រើន ស្ថានភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅ មិនបានរីកចម្រើនដូចការរំពឹងទុកនោះទេ។ ក្នុងនាមជាអ្នកដឹកនាំជំនាន់ដំបូង នៃទីក្រុងនៅពេលនោះ លោក Vo Van Kiet បានប្រញាប់ប្រញាល់ស្វែងរកមូលហេតុហើយចាត់វិធានការយ៉ាងខ្លាំងក្លា… យោងតាមសាស្ត្រាចារ្យរង លោកបណ្ឌិត Phan Xuan Bien អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ
វៀតណាម លោក Vo Van Kiet ជាអ្នកដែលបានធំដឹងក្ដីក្នុងចលនា ហើយបានហាត់ពត់លត់ដំក្នុងជីវភាពជាក់ស្ដែង។ ដូច្នេះ ដើម្បីដោះស្រាយការលំបាកសម្រាប់ការធ្វើផលិតកម្ម អាជីវកម្មក្រោយថ្ងៃរំដោះ លោកបានចុះទៅរោងចក្រ ដើម្បីផ្ទៀងស្តាប់សំឡេងរបស់កម្មករ ពលករ និងថ្នាក់ដឹកនាំរោងចក្រ។ ក្រៅពីការត្រួតពិនិត្យ លោកក៏បានដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការជាក់ស្តែងនៃរោងចក្រនោះទៀតផង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Xuan Bien បានរំលឹកឡើងវិញថា៖

“លោក Vo Van Kiet ជាមនុស្សម្នាក់ដែលចេះលះបង់។ ក្រៅពីទីក្រុងហូជីមិញ ក្រោយមក ពេលលោកក្លាយជាឧបនាយករដ្ឋមន្ត្រី ហើយជានាយករដ្ឋមន្ត្រី ការងារទាំងអស់របស់លោកសុទ្ធតែចាប់ផ្តើមពីផ្នត់គំនិតថា ធ្វើអ្វីមួយដើម្បីប្រជាជន ដើម្បីប្រទេសជាតិ បន្ទាប់នោះចុះទៅត្រួតពិនិត្យការអនុវត្តជាក់ស្ដែង។ យកបទពិសោធន៍របស់ប្រជាជន គួបផ្សំនឹងការគិតគូរ ការយល់ដឹងរបស់បញ្ញវន្ត ដើម្បីអនុវត្តន៍”។

រហូតដល់ដើមទសវត្សរ៍ឆ្នាំ ១៩៨០ នៃសតវត្សមុន ស្ថានការណ៍ខ្វះខាតអគ្គិសនីនៅបណ្ដាខេត្តភាគខាងត្បូង បានបណ្ដាលឲ្យជីវភាពរបស់ប្រជាជន និងអាជីវកម្មជួបការលំបាកជាច្រើន។ ក្នុងចំណោមជម្រើសដើម្បីស្វែងរកប្រភពថាមពលអគ្គីសនីសម្រាប់ភាគខាងត្បូង រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Vo Van Kiet បានជ្រើសរើសការសាងសង់ខ្សែបញ្ជូនអគ្គីសនីតង់ស្យុង ៥០០kV ដែលលាតសន្ធឹងជិត ១.៥០០ គីឡូម៉ែត្រពីភាគខាងជើងឆ្លងកាត់ខេត្ត ក្រុងចំនួន ១៤ ដើម្បីនាំអគ្គីសនីទៅកាន់ភាគខាងត្បូង។ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៩២ នាយករដ្ឋមន្ត្រី លោក Vo Van Kiet បានសម្រេចចិត្តចាប់ផ្តើមសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០kV ខាងជើង-ខាងត្បូង ហើយបានប្តេជ្ញាចិត្តសម្រេចរួចរាល់ក្នុងរយៈពេល ២ ឆ្នាំ។ លោកវិស្វករ Ho Anh To មេបញ្ជាការគម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនី ៥០០kV ផ្នែកភាគខាងត្បូងបានឲ្យដឹងថា៖

“នោះគឺការសម្រេចចិត្តដើម្បីធានាប្រព័ន្ធថាមពលអគ្គីសនីជាតិ សន្តិសុខថាមពល ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនកម្មកររាប់ពាន់នាក់ ជាពិសេសកម្មករជំនាញផ្នែកកសាងនិងដំឡើងប្រព័ន្ធអគ្គិសនី។ រហូតមកដល់ពេលនេះ នៅក្នុងការចងចាំរបស់យើងខ្ញុំ ការសម្រេចចិត្តនោះពិតជាត្រឹមត្រូវ ទាន់ពេលវេលា ដែលបានបម្រើការអភិវឌ្ឍប្រទេសជាតិផង ព្រមទាំងនាំមកនូវផលប្រយោជន៍ និងការងារធ្វើជូនកម្មកររាប់ពាន់នាក់ផង”។

ការរួមវិភាគទានរបស់នាយករដ្ឋមន្ត្រី លោក Vo Van Kiet ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម - ảnh 2លោកនាយករដ្ឋមន្ត្រី Vo Van Kiet ចុះត្រួតពិនិត្យការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០kV នៅឆ្នាំ១៩៩៣។ (រូបថត៖ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៣)

ក្នុងអំឡុងពេលសាងសង់ខ្សែបញ្ជូនអគ្គីសនីខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រី Vo Van Kiet តែងតែមានវត្តមាននៅការដ្ឋានសំណង់ដ៏គ្រោះថ្នាក់ ដើម្បីលើកទឹកចិត្តបងប្អូនកម្មករ និងប្រជាជនឲ្យយល់ព្រមរំដោះផ្ទៃដីសម្រាប់គម្រោងដើម្បីនាំមកនូវប្រសិទ្ធភាពក្នុងពេលឆាប់ៗ។ លោកវិស្វករ Nguyen Ba Man អតីតនាយកគណៈកម្មការគ្រប់គ្រងគម្រោងវារីអគ្គិសនីនៅទន្លេ Dong Nai បានចែករំលែកថា៖

“គម្រោងវារីអគ្គិសនី Ham Thuan-Da Mi មានផលិតភាពពី ១,៦ ដល់ ១,៧ ពាន់លាន kWh ក្នុងមួយឆ្នាំ ក្រៅពីការផ្គត់ផ្គង់អគ្គិសនី ក៏ស្រោចស្រពលើដំណាំស្រូវប្រមាណ ៤ ម៉ឺនហិកតានៃខេត្ត Binh Thuan និងតំបន់ភាគខាងជើងមួយចំនួននៃខេត្ត Dong Nai ទៀតផង។ កាលពីមុន វៀតណាមមិនទទួលបានទុនឧបត្ថម្ភទេ នៅពេលនោះចាប់ផ្តើមទទួលបានទុន ODA ពីប្រទេសជប៉ុន។ លើកដំបូងដែលយើងទទួលបាន ODA លោកនាយករដ្ឋមន្ត្រី Vo Van Kiet បានផ្តល់ឱ្យគម្រោង Ham Thuan-Da Mi ដែលជារោងចក្រវារីអគ្គីសនីដំបូងនិងតែមួយគត់ដែលប្រើប្រាស់ដើមទុននេះ ក្នុងបរិមាណធំណាស់ ៦៥០ លានដុល្លារអាមេរិក។ លោក Kiet នៅពេលនោះ មានវត្តមាននៅការដ្ឋានសំណង់ជាញឹកញាប់ ទោះជាថ្ងៃអាទិត្យក៏ដោយ”។

ចាប់តាំងពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៦ ឆ្នាំ១៩៨៦ មក ប្រទេសវៀតណាមបានអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីអស់រយៈពេលជាង៣៥ឆ្នាំទៅហើយ។ ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជាមួយនឹងផ្នត់គំនិតដ៏មុតស្រួច ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ដើម្បីប្រជាជន លោកនាយករដ្ឋមន្រ្តី Vo Van Kiet បានបន្សល់ទុកនូវសញ្ញាសម្គាល់រំលេចក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ