បុណ្យតេតបុរមបុរាណតាមរយៈគំនូររបស់វិចិត្រករពីអតីតកាល

(VOVWORLD) - ការតាំងពិព័រណ៌ក្រោមប្រធានបទ “មេម័រឥតសាបសូន្យ” ដែលទើបតែប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាកន្លែងកំសាន្តសម្បូរទៅដោយរសជាតិនៃនិទាឃរដូវ។ ដោយមានភាពទន់ភ្លន់និងជ្រាលជ្រៅ ផ្ទាំងគំនូររបស់វិចិត្រករ Khong Do Duy និងវត្ថុតាំងបង្ហាញនៅទីនេះ បាននាំមកជូនអ្នកទស្សនានូវអារម្មណ៍អាឡោះអាល័យ ដោយសារតែពួកគេអាចសម្របខ្លួនចូលក្នុងបរិយាកាសនៃនិទាឃរដូវកាលពីច្រើនឆ្នាំមុន។
បុណ្យតេតបុរមបុរាណតាមរយៈគំនូររបស់វិចិត្រករពីអតីតកាល - ảnh 1វិចិត្រករ Khong Do Duy ជាមួយនឹងស្នាដៃរបស់គាត់។ (រូបថត៖ baotintuc.vn)

ស្នាដៃនីមួយៗនៅក្នុងការតាំងពិពណ៌ “មេម័រឥតសាបសូន្យ” របស់វិចិត្រករ Khong Do Duy សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវមួយអំពីអនុស្សាវរីយ៍ ដែលលាយឡំជាមួយនឹងនឹងភាពទំនើបបន្តិច ស្រោបពណ៌ស្រស់ៗ នៅក្នុងលំហបុរាណកាល ប៉ុន្តែក៏ត្រចេះត្រចង់ អ៊ូអរ និងរស់រវើក។ ស្នាដៃរបស់វិចិត្រករ Khong Do Duy មានភាពសម្បូរបែប…ពេលខ្លះវាជាផ្ទាំងគំនូរនៃអាសនៈព្រះពុទ្ធដែលពេញទៅដោយស្ពកផ្លែឈើ ៥ មុខ ទឹកតែ នំ ធូបទៀននិងដើមម៉ាកខៃ... វត្ថុដែលមិនអាចខ្វះបានក្នុងថ្ងៃតេត ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្ងប់ស្ងាត់ និងសុខសាន្ត។ ពេលខ្លះទៀត វាជាផ្ទាំងគំនូរនៃបន្ទប់ទទួលភ្ញៀវរបស់គ្រួសារមួយនៅទីក្រុង; ឬគ្រាន់តែជាទូដាក់ចានឈើ នៅជាប់នឹងឆ្នាំងដី កន្ត្រកពោតដែលទើបបានប្រមូលផល និងបំពង់ទឹកចាស់មួយ; ឬជាទិដ្ឋភាពនៃការលេងល្បែងកំសាន្តប្រជាប្រិយមួយ ជាដើម។ វិចិត្រករ Khong Do Duy បានចែករំលែកថា៖

“ពេលខ្លះ ខ្ញុំនឹកដល់ខ្ទង់ចាប៉ី ខ្ញុំស្រឡាញ់វិទ្យុចាស់ ម៉ាស៊ីនដេរចាស់ ខ្ញុំជក់ចិត្តនឹងប្រាក់កាក់បុរាណ ខ្ញុំស្រឡាញ់របស់សាមញ្ញៗនៅជុំវិញខ្លួន។ ទាំងអស់នេះប្រៀបដូចជាអំណោយដ៏ស្រស់ស្អាតសម្រាប់ជីវិតអញ្ចឹង។ តាមរយៈដំណាក់កាលជាច្រើននៃអាជីព វិធីបង្ហាញរបស់ខ្ញុំក៏មានការផ្លាស់ប្តូរ ប៉ុន្តែអ្វីៗដែលផ្សាភ្ជាប់នឹងការចងចាំ អនុស្សាវរីយ៍ និងបេតិកភណ្ឌ... នៅតែជាប្រធានបទស្នូលនៅក្នុងគំនូររបស់ខ្ញុំ”។

ប្រសូត្រឡើងនៅតំបន់ជនបទដ៏សុខសាន្តនៃឃុំ Cao Phong ស្រុក Song Lo ខេត្ត Vinh Phuc ហើយធំដឹងក្តី រស់នៅឆ្ងាយផ្ទះ ដូច្នេះនៅពេលត្រឡប់មកស្រុកកំណើតម្ដងៗ ប្រទះឃើញលក្ខណៈបុរមបុរាណ សាបរលាបបន្តិចម្តងៗ ជាមួយនឹងដង្ហើមនៃពេលវេលា បានជំរុញឲ្យលោក Khong Do Duy ចង់ធ្វើអ្វីមួយ ដើម្បីបង្កើតឡើងវិញនិងថែរក្សាសម្រស់នៃមេម័រនោះ។ នោះគឺជាការខ្វល់ខ្វាយជាប្រចាំដែលបានបង្ហាញនៅក្នុងផ្ទាំងគំនូរនីមួយៗរបស់គាត់។ វិចិត្រករ Do Duy បានចែករំលែកថា៖

“កាលពីមុន ខ្ញុំតែងតែគូរគំនូរតាមរចនាបទពាក់កណ្តាលអរូបី ឬរចនាបទបង្ហាញ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ខ្ញុំបានប្ដូរទៅរចនាបទនិមិត្តសញ្ញាវិញ”។

បុណ្យតេតបុរមបុរាណតាមរយៈគំនូររបស់វិចិត្រករពីអតីតកាល - ảnh 2ការតាំងពិព័រណ៍ “មេម័រឥតសាបសូន្យ” បង្ហាញគំនូរប្រេងជាង ៤០ ផ្ទាំងនិងស្នាដៃសេរ៉ាមិចចំនួន ១០។ (រូបថត៖ baotintuc.vn) 

ក្រៅពីនោះ ភាពអាឡោះអាល័យរបស់វិចិត្រករ Khong Do Duy អំពីអតីតកាល ក៏ត្រូវបានបង្ហាញតាមរយៈផលិតផលសេរ៉ាមិចពីភូមិសិប្បកម្ម Huong Canh ដ៏ល្បីល្បាញ នៃខេត្ត Vinh Phuc ផងដែរ។ ប្រការនេះក៏ធ្វើឱ្យការតាំងពិព័រណ៍របស់គាត់កាន់តែមានភាព "ខុសប្លែក" នៅពេលដែលមានស្នាដៃសេរ៉ាមិចចំនួន ១០ ត្រូវបានដាក់តាំងបង្ហាញ នៅជុំវិញផ្ទាំងគំនូរប្រេងលើក្រណាត់ canvas ជាង ៤០ ផ្តាំង។ សម្ភារៈសេរ៉ាមិចមានលក្ខណៈរដុប និងសាមញ្ញ តុបតែងជាមួយនឹងក្បូរក្បាច់រចនារូបប្រាក់កាក់បុរាណជាច្រើន ប្រកបដោយភាពសុខដុមរមនា និងសមរម្យ ដោយនាំមកនូវអារម្មណ៍ "ចាស់ប៉ុន្តែមិនចាស់" ទេ។ ចែករំលែកអំពីការតាំងពិព័រណ៌ “មេម័រឥតសាបសូន្យ” វិចិត្រករ Le The Anh បានធ្វើអត្ថាធិប្បាយថា៖ របៀបគូរនិងស្នាដៃរបស់វិចិត្រករ Khong Do Duy បង្កប់នូវរឿងរ៉ាវអំពីជីវិតមនុស្ស ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រវប្បធម៌ និងដួងព្រលឹងនៃលោកខាងកើត។ ហេតុដូច្នេះ លោក Duy បានជ្រើសរើសក្ដារពណ៌ដ៏ពោរពេញទៅដោយព្រលឹងជាតិ ចាប់ពីពណ៌ផ្កាឈូក ពណ៌ក្រហម រហូតដល់ពណ៌ត្នោត ឬពណ៌ស្លាបកន្លាត ជាដើម។

“នៅតែជារបៀបគូរពិសេសជាមួយនឹងពណ៌ផ្អែម; រចនាបទសាមញ្ញ មិនពណ៌នាជាក់ស្ដែងពេកទេ ហើយមានលក្ខណៈអរូបីបន្តិច។ ចំណុចលេចធ្លោរបស់ Duy គឺជាចំណាប់អារម្មណ៍ដែលបានបង្ហាញតាមរយៈស្នាដៃ ការប្រើពណ៌យ៉ាងប៉ិនប្រសប់ ភាពផ្អែមល្ហែម និងការរំភើបចិត្ត។ ខ្ញុំពិតជាចូលចិត្តពណ៌នៃស្នាដៃរបស់ Duy ដែលរំលឹកឡើងវិញនូវមេម័របុរាណផ្អែមល្ហែម”។

តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន វិចិត្រករ Khong Do Duy បាននាំមកនូវសារមួយ និងដំណាលរឿងរ៉ាវស្ដីពីអនុស្សាវរីយ៍របស់មនុស្សម្នាក់ដែលពោរពេញទៅដោយសុភមង្គលជានិច្ច។ សម្រាប់លោក អ្វីដែលសប្បាយចិត្តបំផុតនោះគឺបទពិសោធន៍នៃអតីតកាលដ៏ស្រស់ស្អាត ពោរពេញទៅដោយរសជាតិនៃតំបន់ជនបទដ៏សុខសាន្ត នាំយកមកបង្ហាញទៅកាន់សាធារណៈជន ហើយត្រូវបានគេទទួលយកដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ