យុវជនជនជាតិ Tay ជក់ចិត្តនឹងការធ្វើចាប៉ី tinh (ទីញ)

(VOVWORLD) - ជាមេជាង ហើយក៏ជាម្ចាស់រោងជាងឈើតូចមួយ ប៉ុន្តែ លោក Duong Doan Quang (កើតនៅឆ្នាំ ១៩៩២) ជាជនជាតិ Tay នៅភូមិ Don Riec ១ ឃុំ Bac Quynh ស្រុក Bac Son ខេត្ត Lang Son បែរជាមានសេចក្ដីស្រឡាញ់និងការជក់ចិត្តពិសេសជាមួយនឹងចាប៉ី tinh ដែលជាឧបករណ៍ភ្លេងដ៏វិសេសវិសាលផ្សារភ្ជាប់នឹងការច្រៀង Then ទៅវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លោកបានចំណាយពេលវេលានិងកម្លាំងកាយចិត្តជាច្រើនដើម្បីបង្កើតឡើងចាប៉ី tinh ពីសម្ភារៈផ្សេងៗគ្នាជាច្រើន ចាប់តាំងពីឈើរហូតដល់លោហៈធាតុ។ តាមរយៈការជក់ចិត្តនឹងបទចម្រៀង Then និងចង្វាក់ភ្លេងដ៏ទន់ភ្លន់នៃចាប៉ី tinh យុវជនជនជាតិ Tay រូបនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួន។
យុវជនជនជាតិ Tay ជក់ចិត្តនឹងការធ្វើចាប៉ី tinh (ទីញ) - ảnh 1លោក Duong Doan Quang ពិនិត្យមើលឧបករណ៍ភ្លេងដែលបណ្ដាសិប្បករយកមកពឹងឲ្យជួសជុល។ (រូបថត៖ VOV)

ដើម្បីអាចធ្វើបានចាប៉ីគួរឲ្យពេញចិត្ត តាំងពីច្រើនឆ្នាំមុន លោក Duong Doan Quang បានធ្វើដំណើរទៅកាន់ខេត្ត Cao Bang ដើម្បីស្វែងយល់ពីរបៀបធ្វើចាប៉ី tinh ព្រមទាំងស្វែងរកគ្រាប់ពូជផ្លែឃ្លោក ដើម្បីយកមកដាំ។ ផ្លែឃ្លោកស្ងួត គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ធ្វើចាប៉ី tinh។ អាស្រ័យដោយមានការខិតខំព្យាយាមរៀនសូត្រ និងភាពប៉ិនប្រសប់ដែលហាត់ពត់លត់ដំតាមពេលវេលា លោក Quang បានបង្កើតឡើងចាប៉ី tinh ពីសម្ភារៈផ្សេងៗគ្នាជាច្រើនដូចជា ផ្លែឃ្លោកស្ងួត ឈើ សំរិទ្ធ ជាដើម ដែលត្រូវបានឆ្លាក់យ៉ាងល្អប្រណិត។ លោក Duong Doan Quang បានចែករំលែកថា៖

“ខ្ញុំបានរៀនច្រៀង Then ដូច្នេះខ្ញុំគិតថា ខ្លួននឹងបន្តអាជីពជាងឈើរបស់គ្រួសារដើម្បីធ្វើចាប៉ី tinh។ ការធ្វើចាប៉ីឲ្យសមស្របនឹងអ្នកចម្រៀងម្នាក់ៗគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ”។

ក្រៅពីការបង្កើត លោក Duong Doan Quang ក៏មានទេពកោសល្យក្នុងការជួសជុលចាប៉ី tinh បុរាណផងដែរ។ អតិថិជនមកពីខេត្តក្វាងទុង ក្វាងស៊ីប៉េកាំង (ប្រទេសចិន) ក៏មកបញ្ជាទិញដែរ។ លោក Duong Doan Quang បានឲ្យដឹងថា៖

“ជាមធ្យមក្នុងមួយឆ្នាំ រោងជាងឈើរបស់លោក Quang ធ្វើចាប៉ី tinh គ្រប់ប្រភេទ បានប្រហែល ១០០ គ្រឿង ចាប់ពីចាប៉ីដែលគេប្រើប្រាស់នៅពេលធ្វើពិធីសែនព្រែន ពេលសម្តែងសិល្បៈ រហូតដល់ចាប៉ីសម្រាប់ទុកអនុស្សាវរីយ៍។ អតិថិជនភាគច្រើនគឺមកពីបណ្ដាខេត្តជិតខាង ប៉ុន្តែពីខេត្តឆ្ងាយក៏មានដែរ។ ព្រោះថា បច្ចុប្បន្ននេះការច្រៀង Then មានការអភិវឌ្ឍខ្លាំងណាស់ ចាប់ពីការច្រៀង Then បែបថ្មី បែបបុរាណ រហូតដល់ការច្រៀង chau van ក៏ត្រូវការចាប៉ី tinh ដែរ”។

យុវជនជនជាតិ Tay ជក់ចិត្តនឹងការធ្វើចាប៉ី tinh (ទីញ) - ảnh 2លោក Quang ឧទ្ទេសនាមអំពីចាប៉ី tinh នៅក្នុងរោងជាងឈើរបស់ខ្លួន។ (រូបថត៖ VOV)

ទោះបីជាការងារមមាញឹកយ៉ាងណាក៏ដោយ ប៉ុន្តែលោក Quang នៅតែចូលរួមយ៉ាងសកម្មក្នុងក្លឹបច្រៀង then លេងចាប៉ី tinh Quynh Son ក៏ដូចជាចូលរួមបង្រៀនការច្រៀង then លេងចាប៉ី tinh ជូនកុមារទៀតផង។ វាងាយយល់ណាស់ ពីព្រោះលោក Duong Doan Quang បានបញ្ចប់ការសិក្សានៅសាលាជាន់ខ្ពស់វប្បធម៌សិល្បៈ Viet Bac ហើយបានបម្រើសកម្មភាពវប្បធម៌សិល្បៈនៅតាមភូមិទេសចរណ៍សហគមន៍និងមហោស្រពសិល្បៈនៅក្នុងនិងក្រៅខេត្តអស់រយៈពេល១០ឆ្នាំមកហើយ។ ការចូលរួមយ៉ាងសកម្មរបស់លោក Quang បាននិងកំពុងរួមចំណែកជំរុញចលនាច្រៀង then លេងចាប៉ី tinh នៅមូលដ្ឋាន។ លោក Duong Doan Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Quynh ស្រុក Bac Son ខេត្ត Lang Son បានវាយតម្លៃថា៖

“សហគមន៍ Quynh Son បានបង្កើតក្រុមសិល្បៈច្រៀង then ចាប៉ី tinh ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានហើយ បានអញ្ជើញសិប្បករនិងគ្រូដូចជាលោក Quang មកបង្រៀនពីតម្លៃវប្បធម៌របស់ជីដូនជីតា មានទាំង then បែបបុរាណ បែបថ្មី ហើយបើកថ្នាក់រៀនដោយមានសិក្ខាកាមជាជនចាស់ជរា មនុស្សវ័យកណ្តាល និងសិស្សានុសិស្ស ក្នុងគោលបំណងចង់ថែរក្សាវប្បធម៌ច្រៀង then ហើយបម្រើទេសចរណ៍សហគមន៍ផងដែរ”។

ដោយមានសេចក្តីស្រឡាញ់ពិសេសចំពោះសិល្បៈ then tinh លោក Duong Doan Quang កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងថែរក្សាតម្លៃវប្បធម៌របស់ជនជាតិខ្លួន។ ចាប៉ី tinh ដែលធ្វើឡើងនៅរោងជាងឈើតូចរបស់លោក រហូតដល់ពេលនេះ មានវត្តមាននៅក្នុងសិក្ខាសាលាវិទ្យាសាស្រ្តជាច្រើន ក៏ដូចជាក្នុងកម្មវិធីសម្ដែងរបស់បណ្ដាសិល្បៈករ សិប្បករនៅទាំងក្នុងនិងក្រៅប្រទេសទៀតផង ដើម្បីឲ្យទំនុកចម្រៀង then ស្នូរសម្លេងចាប៉ី tinh ដែលជាចង្វាក់ភ្លេងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tay Nung ត្រូវបានថែរក្សានិងមរតកជារៀងរហូតនៅក្នុងលំហូរវប្បធម៌របស់សហគមន៍បណ្ដាជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ