យុវជនវៀតណាមអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្មដើម្បីបង្កើនប្រសិទ្ធភាពការងារ
(VOVWORLD) - ដោយមានប្រៀបខ្លាំងក្នុងការខិតមកជិតបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស កម្លាំងសមាជិកសម្ព័ន្ធយុវជននិងយុវជនទូទៅ និងកម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិកវ័យក្មេងនិយាយដោយឡែក គឺជាកម្លាំងឈានមុខគេក្នុងការអនុវត្តបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដោយនាំមកនូវ លទ្ធផលជាក់ស្តែងក្នុងជីវភាពសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ និងការពារជាតិរបស់ វៀតណាម។ យុវជនកំពុងដាក់ឲ្យដំណើរការនូវដំណោះស្រាយ និងផ្លាតហ្វមឌីជីថលនានា ដើម្បីកែលម្អគុណភាពការងារសម្រាប់ទីភ្នាក់ងារ ក្រសួង និងមូលដ្ឋាន រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ទំនើប តាមទាន់និន្នាការសកល។
នៅក្រសួងមហាផ្ទៃ ឯកសារទាំងអស់ត្រូវបានបង្ហោះនៅលើផ្លាតហ្វមឌីជីថល ហើយថ្នាក់ដឹកនាំក្រសួងបានប្រើប្រាស់ហត្ថលេខាឌីជីថលលើឯកសារទាំងនេះ។ អាស្រ័យហេតុនេះ កាត់បន្ថយពេលវេលា ហើយព័ត៌មានត្រូវបានដោះស្រាយដោយទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងកិច្ចប្រជុំនីមួយៗ ជំនួសឱ្យការផ្ញើឯកសារក្រដាសទៅកាន់មនុស្សម្នាក់ៗ ឯកសារត្រូវបានបង្ហោះលើលំហអ៊ីនធឺរណិត ដែលជួយសន្សំសំចៃការចំណាយលើការបោះពុម្ពឯកសារយ៉ាងច្រើន។ អ្នកស្រីបណ្ឌិត Nguyen Thi Trang សមាជិកាសម្ព័ន្ធយុវជននៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖
“ក្រសួងមហាផ្ទៃដាក់ឯកសារសុំហត្ថលេខាតាមរយៈកម្មវិធី Eoffice ជាមួយនឹងហត្ថលេខាឌីជីថល។ បច្ចុប្បន្ននេះ សមាជិកសម្ព័ន្ធយុវជននៃក្រសួងមហាផ្ទៃ ដោយមានការទទួលខុសត្រូវចូលរួមក្នុងការផ្លាស់ប្តូរឌីជីថលឲ្យបានជោគជ័យនោះ ពួកគេកំពុងតែសិក្សាដោយឥតឈប់ឈរនិងដើម្បីលើកកំពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថល។ យើងខ្ញុំបានស្រាវជ្រាវយ៉ាងសកម្ម និងលើកសំណើអំពីការកសាងលំហវប្បធម៌ឌីជីថលសម្រាប់ជួរកម្មាភិបាលនិយោជិតនៃក្រសួងមហាផ្ទៃក្នុងបរិយាកាសផ្លាស់ប្តូរឌីជីថល”។
នៅមន្ទីរពេទ្យឈាមវិជ្ជានិងបញ្ចូលឈាមមជ្ឈិម សកម្មភាពពិនិត្យ និងព្យាបាលជំងឺ ការបរិច្ឆាគឈាម ការទទួលឈាម ការផ្គត់ផ្គង់ឈាម ការដោះស្រាយសមាសភាពឈាម... សុទ្ធតែត្រូវបានកម្មាភិបាលនិងសមាជិកសម្ព័ន្ធយុវជនបង្ហោះលើលំហឌីជីថល។ អ្នកស្រី Le Thanh Hang អនុប្រធានការិយាល័យទំនាក់ទំនងបានឲ្យដឹងថា៖
“ក្នុងវិស័យបរិច្ចាគឈាម យើងបានដាក់ឱ្យដំណើរការនូវកម្មវិធីចល័ត បរិច្ចាគឈាម។ អ្នកបរិច្ចាគឈាមម្នាក់ៗដែលចូលប្រើប្រាស់គណនីរបស់ខ្លួនអាចដឹងថា ឈាមដែលគេបរិច្ចាគនោះត្រូវបានបញ្ជូនទៅកន្លែងណា ហើយពួកគេក៏ដឹងបន្ថែមអំពីលទ្ធផលតេស្តផងដែរ។ ជាពិសេស ចំពោះយុទ្ធនាការសារព័ត៌មានដើម្បីអំពាវនាវអ្នកបរិច្ចាគឈាមតាមរយៈកម្មវិធីនោះ យើងខ្ញុំអាចអំពាវនាវឱ្យមនុស្សរាប់ពាន់នាក់អញ្ជើញមកបរិច្ចាគឈាមបានយ៉ាងឆាប់រហ័សក្នុងរយៈពេល ១-២ ថ្ងៃប៉ុណ្ណោះ។ នៅពេលដែលយើងខ្ញុំអំពាវនាវម្ដងៗ ដោយមានមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការគាំទ្រពីទីភ្នាក់ងារសារព័ត៌មានដូចជា៖ វិទ្យុសំឡេងវៀតណាម ទូរទស្សន៍វៀតណាម... គឺសហការីរបស់យើងខ្ញុំនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងក៏មានប្រភពអ្នកបរិច្ចាគឈាមភ្លាមៗផងដែរ”។
ភ្ញៀវទេសចរបរទេសស្កែន QR កូដ ដើម្បីចូលមើលព័ត៌មានអំពីគោលដៅទេសចរណ៍នៅទីក្រុងហាណូយ។ (រូបថត៖ VOV) |
នៅរដ្ឋធានីហាណូយ សម្ព័ន្ធយុវនៃខ័ណ្ឌស្រុកនានា បានជួយប្រជាជនក្នុងការបំពេញបែបបទសេវាសាធារណៈតាមអ៊ីនធឺណិត; បង្កើតវីដេអូផ្សព្វផ្សាយអំពីកេរ្តិ៍ដំណែល រមណីយដ្ឋាន ព្រមទាំងបង្កើតទីតាំងស្កេន QR កូដដើម្បីជួយប្រជាជននិងភ្ញៀវទេសចរឱ្យយល់ដឹងកាន់តែច្បាស់អំពីទីតាំងទាំងនេះផងដែរ។ អ្នកស្រី Nguyen My Hanh លេខាសម្ព័ន្ធយុវជនសង្កាត់ Hang Trong ខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖
“សម្ព័ន្ធយុវជនបានភ្ជាប់ QR កូដនៅតាមវត្តអារាមនានាក្នុងសង្កាត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ដល់ភ្ញៀវទេសចរអន្តរជាតិនៅពេលចូលទស្សនាកេរ្តិ៍ដំណែលវត្តអារាមនិងប្រាសាទ។ យើងខ្ញុំបានដាក់ពង្រាយនៅវិហារ Dong Huong វិហារ Phu Ung សាលាភូមិ Nam Huong និងសាលាភូមិ Truc Lam”។
កម្មវិធីទូរស័ព្ទ "យុវជនវៀតណាម"។ (រូបថត៖ doanthanhnien.vn) |
ក្នុងនាមជាអង្គការរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជនទូទៅ ក្នុងរយៈពេលកន្លងមក មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអនុវត្តន៍ដំណោះស្រាយ និងចលនាជាច្រើនដើម្បីលើកកំពស់តួនាទីរបស់យុវជននិយាយរួម និងកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិតវ័យក្មេងនិយាយដោយឡែក ក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ដូចជាចលនា "ទំនួលខុសត្រូវចំនួន ៣" និងចលនា "យុវជនច្នៃប្រឌិត"។ លេខាមជ្ឈិមសម្ព័ន្ធយុវជន លោក Nguyen Minh Triet បានឲ្យដឹងថា៖
“ការផ្លាស់ប្តូរឌីជីថល ជាកម្មវិធីការងារប្រចាំឆ្នាំផង ហើយក៏ជារបកគំហើញមួយក្នុងចំណោមរបកគំហើញសំខាន់ៗចំនួន៣នៃអាណត្តិមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១២ (២០២២-២០២៧) ផងដែរ។ សម្ព័ន្ធយុវជនបានអនុវត្តន៍សកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីយុវជនចូលរួមក្នុងការផ្លាស់ប្តូរឌីជីថល។ មានសកម្មភាពដែលបានអនុវត្តន៍ជាលើកដំបូងដូចជា៖ ការដាក់ឲ្យដំណើរការកម្មវិធីយុវជនវៀតណាម ដើម្បីជួយឱ្យអង្គការសម្ព័ន្ធយុវជន ក៏ដូចជាយុវជនធ្វើសកម្មភាពកាន់តែងាយស្រួល និងសន្សំសំចៃជាងមុន... សមាជិកសម្ព័ន្ធយុវជនក៏ជួយឧបត្ថម្ភប្រជាជនក្នុងការផ្លាស់ប្តូរឌីជីថល ការមិនប្រើសាច់ប្រាក់ អនុវត្តន៍ខ្លឹមសារមួយចំនួននៃផ្នែកនគរបាល ដើម្បីបម្រើការគ្រប់គ្រងពលរដ្ឋ ឬជួយឧបត្ថម្ភប្រជាជនស្វែងយល់អំពីបច្ចេកវិទ្យាព័ត៌មាន គំរូផ្លាស់ប្ដូរឌីជីថល។ យើងខ្ញុំក៏តម្រង់ទិសសម្រាប់យុវជនថា ការផ្លាស់ប្តូរឌីជីថលគួរតែធ្វើយ៉ាងណាឲ្យសមស្របបំផុតទៅនឹងលក្ខខណ្ឌរបស់ប្រជាជន លក្ខខណ្ឌរបស់យុវជន និងលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃមូលដ្ឋាននីមួយៗ”។
ពីគោលជំហរ និងការតម្រង់ទិសរបស់មជ្ឈិមសម្ព័ន្ធយុវជន អង្គការយុវជនគ្រប់ជាន់ថ្នាក់បានពង្រីកដំណោះស្រាយផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រប់សកម្មភាពរបស់កម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជនម្នាក់ៗ ព្រមទាំងលើកកំពស់សមត្ថភាពច្នៃប្រឌិតក៏ដូចជាសមត្ថភាពផ្លាស់ប្តូរឌីជីថលក្នុងការងារប្រចាំថ្ងៃរបស់យុវជនវៀតណាមគ្រប់រូប៕