លោក Ban Sinh Luong ជនជាតិ Dao ដែលមានកិត្យានុភាពនៅទីក្រុង Hoa Binh

(VOVWORLD) - លោក Ban Sinh Luong ជនជាតិ Dao រស់នៅក្នុងក្រុមលេខ ៩ សង្កាត់ Thong Nhat ទីក្រុង Hoa Binh ជាអ្នកមានកិត្យានុភាពនៅក្នុងមូលដ្ឋាន។ លោកត្រូវបានប្រជាជនជឿទុកចិត្ត បោះឆ្នោតជ្រើសរើសធ្វើជាប្រធានក្រុមលេខ ៩ និងជាប្រធានសមាគមជនចាស់ជរាសង្កាត់ Thong Nhat។

លោក Ban Sinh Luong ជនជាតិ Dao ដែលមានកិត្យានុភាពនៅទីក្រុង Hoa Binh - ảnh 1លោក Ban Sinh Luong ជនជាតិ Dao ដែលមានកិត្យានុភាពនៅទីក្រុង Hoa Binh។
(រូបថត៖ Ngoc Anh)

កើតនៅឆ្នាំ ១៩៥១ ទោះបីជាឥឡូវនេះមានអាយុជាង ៧០ ឆ្នាំក៏ដោយ ប៉ុន្តែលោក Ban Sinh Luong នៅតែសកម្មនិងលះបង់ដើម្បីការងារ។ ពង្រីកតួនាទី “មនុស្សចាស់ - គំរូល្អ” លោក Ban Sinh Luong តែងតែឈានមុខគេក្នុងចលនា “ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ”។ លោកនិងប្រជាជនបានចូលរួមផ្ដល់គំនិត ស្នើវិធានការប្រកបដោយប្រសិទ្ធភាពជាច្រើន ហើយចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន។ ពីប្រភពព័ត៌មានផ្តល់ដោយប្រជាជន ទើបលោកនិងស្ថាប័នមានសមត្ថកិច្ចអាចបញ្ចុះបញ្ចូលករណី២០នាក់ដែលទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ឲ្យវិលត្រឡប់មកមូលដ្ឋានវិញ។ លោកអនុសេនីយ៍ឯក Vu The Son នគរបាលនៃសង្កាត់ Thong Nhat ទីក្រុង Hoa Binh បានឲ្យដឹងថា៖

“លោក Ban Sinh Luong មានកិត្យានុភាពមិនមែនជារឿងថ្មីៗនេះទេ ប៉ុន្តែមានតាំងពីយូរណាស់មកហើយ។ លោកគឺជាអ្នកមានកិត្យានុភាពដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh ជាមួយនឹងវិសាលភាពឥទ្ធិពលមិនត្រឹមតែនៅក្នុងតំបន់នេះប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងទីក្រុង Hoa Binh រហូតដល់តំបន់ជិតខាងទៀតផង។ លោកក៏ជាមេវង្សត្រកូលមួយនៅទីនេះដែរ។ មិនថាការងារណាមួយរបស់ប្រជាជននៅទីនេះទេ ក៏លោកតែងតែចូលរួមយ៉ាងសកម្ម ផ្តល់យោបល់ ដោះស្រាយការខ្វែងគំនិត ដើម្បីកុំឱ្យកើតស្មុគស្មាញទៀតឡើយ”។

បច្ចុប្បន្ននេះ សង្កាត់ Thong Nhat មានក្រុមចំនួន ៩ ដោយមានប្រជាជនជិត ៦.៧៨០ នាក់ ដែលក្នុងនោះប្រហែល ៩៥% ជាជនជាតិ Dao។ ដោយពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច លោក Ban Sinh Luong បានចលនាគ្រួសារបរិច្ចាគដីជាង ១.១០០ម៉ែត្រការ៉េ ដើម្បីសាងសង់ផ្ទះវប្បធម៌ និងផ្ទៃដីជាង ៦៦០ ម៉ែត្រការ៉េ សម្រាប់សាងសង់ផ្លូវអន្តរភូមិ រួមចំណែកពន្លឿនវឌ្ឍនភាពនៃការកសាងជនបទថ្មីនៅមូលដ្ឋាន។ លោក Trieu Tien Luu ជនជាតិ Dao ម្នាក់ដែលរស់នៅក្នុងក្រុមលេខ ៩ ជាមួយលោក Ban Sinh Luong បាននិយាយថា៖

“លោក Ban Sinh Luong ជាមនុស្សម្នាក់ដែលមានចិត្តល្អ មានកិត្យានុភាព ត្រូវបានប្រជាជនជឿទុកចិត្ត។ បើអ្នកណាខុស គាត់មិនស្តាប់យោបល់ពីអ្នកដ៏ទៃទេ ប៉ុន្តែពេលលោក Luong និយាយ គាត់ស្តាប់ភ្លាម ធ្វើភ្លាម។ លោក Luong ឃោសនាដល់បណ្ដាគ្រួសារអនុវត្តឲ្យបានល្អនូវគោលជំហរ គោលនយោបាយ និងច្បាប់របស់រដ្ឋ”។

ជាមួយនឹងបទពិសោធន៍ និងកិត្យានុភាពរបស់ខ្លួន លោក Ban Sinh Luong បានចូលរួមក្នុងវគ្គសម្រុះសម្រួលរាប់រយដងនៅមូលដ្ឋាន ដោយដោះស្រាយការខ្វែងគំនិតនិងវិវាទ ទាក់ទងនឹងដីធ្លី រវាងប្តីប្រពន្ធ និងបងប្អូនក្នុងគ្រួសារ។ ជាគំរូឆ្នើមក្នុងចលនា “មនុស្សល្អ ការងារល្អ” ក្នុងឆ្នាំ ២០១៩ លោក Ban Sinh Luong មានកិត្តិយសដោយត្រូវបានបញ្ជូនទៅចូលរួមមហាសន្និបាតទូទាំងប្រទេសលើកទី ៩ របស់រណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ។ លោក Ban Sinh Luong បានចែករំលែកថា៖

“ព្រឹទ្ធាចារ្យភូមិ និងមេភូមិមានតួនាទី ការទទួលខុសត្រូវដ៏ធំណាស់។ យើងត្រូវចលនាប្រជាពលរដ្ឋឲ្យប្រតិបត្តិតាមគោលជំហរ គោលនយោបាយរបស់រដ្ឋ អ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ទើបយើងធ្វើ។ ជោគជ័យទាំងអស់គឺមកពីការងារចលនាមហាជន។ យើងចលនាប៉ិនប្រសប់យ៉ាងណា ដើម្បីឲ្យប្រជាជនអាចយល់បាន។ យើងឆ្លៀតយកគ្រប់ឱកាសទាំងអស់។ ជាឧទាហរណ៍ នៅពេលនសន្និសិទបូកសរុប ឬថ្ងៃបុណ្យ យើងអាចឆ្លៀតពេលដើម្បីឃោសនា និងសន្ទនាដោយផ្ទាល់ជាមួយប្រជាជន”។

ការងារជាក់ស្តែង និងប្រកបដោយអត្ថន័យរបស់លោក Ban Sinh Luong ត្រូវបានគណៈ
កម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់នៃខេត្ត Hoa Binh ទទួលស្គាល់ និងផ្តល់ប័ណ្ណសរសើរ។ ក្នុងមុខតំណែងណាក៏ដោយ លោកតែងតែបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ រក្សារឹងមាំនូវលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំនិងកម្មាភិបាលគំរូម្នាក់ដែលចេះបំផុសគំនិតដល់យុវជនជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ