លោក Giang A De បំផុសគំនិតអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ខ្ពង់រាប

(VOVWORLD) - ដោយមានការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ដើម្បីនាំទេសចរណ៍សហគមន៍ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពនោះ ក្នុងឆ្នាំ ២០២១ លោក Giang A De នៅឃុំ La Pan Tan ស្រុក Mu Cang Chai ខេត្ត Yen Bai មានកិត្តិយសទទួលបានពានរង្វាន់ “យុវជនរស់នៅយ៉ាងល្អ” ដែលត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមប្រគល់ជូន។ រាល់ការលះបង់របស់លោកបានបំផុសគំនិតក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ដល់បងប្អូនជនជាតិ Mong នៅតំបន់ខ្ពង់រាបនេះ។

លោក Giang A De បំផុសគំនិតអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ខ្ពង់រាប - ảnh 1ផ្ទះហូមស្ទេ “Hello Mu Cang Chai” ស្ថិតនៅលើទីទួល ព័ទ្ធជុំវិញដោយវាលស្រែកាំជណ្ដើរ។
(រូបថត៖ danviet.vn)

ស្ថិតនៅលើទីទួលភ្នំខ្ពស់ ចំកណ្តាលវាលស្រែកាំជណ្ដើរនៅឃុំ La Pan Tan ស្រុក Mu Cang Chai (ខេត្ត Yen Bai) មណ្ឌលទេសចរណ៍សហគមន៍ពិសេសដោយមានឈ្មោះថា “Hello Mu Cang Chai” ត្រូវបានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជាច្រើនស្គាល់ដល់។ នេះគឺជាសំណង់ទេសចរណ៍ដែលបង្កប់នូវក្ដីសុបិនរបស់គូស្វាមីភរិយាវ័យក្មេងជនជាតិ Mong គឺលោក Giang A De និងអ្នកស្រី Vang Thi Ly។

លោក Giang A De កើតនៅឆ្នាំ ១៩៨៩ ធ្លាប់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ហើយមានការងារដោយស្ថិរភាពនៅក្នុងសហគ្រាសទូរគមនាគមន៍។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០១៧ នៅពេលឃើញពីសក្តានុពលទេសចរណ៍ដ៏ធំធេងនៅស្រុកកំណើត  លោក A De បានពិភាក្សាជាមួយភរិយារបស់ខ្លួន ហើយសម្រេចចិត្តឈប់ការងារ ដើម្បីចាប់ផ្តើមបើកសេវាទេសចរណ៍ពីបាទដៃទទេ។

“គ្រួសារ និងអ្នកភូមិមិនគាំទ្រទេ។ គេថា ទីនេះពីមុនមក មិនធ្លាប់មានអ្នកណាអាចធ្វើបានទេ ដូច្នេះឥឡូវនេះបើខ្ញុំធ្វើ ប្រាកដថាក៏មិនអាចធ្វើបានដែរ។ វាបានបង្កើតសម្ពាធយ៉ាងខ្លាំង”។

ក្នុងពេលជួបការលំបាកជាច្រើនរាប់មិនអស់ លោក A De មានសំណាងល្អដោយទទួលបានការប្រកៀកស្មាគាំទ្រពីភរិយា។ ពីការជ្រើសរើសដីសម្រាប់សាងសង់ផ្ទះសំណាក់ ការកៀរគរដើមទុន របៀបបម្រើភ្ញៀវ ធ្វើម្ហូប ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ រៀបចំដំណើរកម្សាន្ត… ប្តីប្រពន្ធទាំងពីររួមគ្នាធ្វើ សិក្សារៀនសូត្របន្តិចម្ដងៗ ដូច្នេះហើយក្រោយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ផ្ទះហូមស្ទេ “Hello Mu Cang Chai” ត្រូវបានភ្ញៀវទេសចរជាច្រើនស្គាល់ដល់។ ក្នុងប៉ុន្មានឆ្នាំដំបូង គ្រឹះស្ថានទេសចរណ៍របស់លោក A De ទទួលបានភ្ញៀវទេសចរជាមធ្យម ៥០០ នាក់ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ១-២ ឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍន៍ស្មុគស្មាញ ចំនួនភ្ញៀវទេសចរមានតិចជាងមុន ប៉ុន្តែ "Hello Mu Cang Chai" នៅតែជាអាស័យដ្ឋានគួរឲ្យទាក់ទាញសម្រាប់អ្នកដែលមានឱកាសមកទឹកដីដ៏ស្រស់ស្អាតនេះ។

នៅពេលដែលការងារមានស្ថេរភាពជាបណ្ដើរៗ លោក A De និងភរិយាបានសម្រេចចិត្តថា៖ ប្តីស្នាក់នៅផ្ទះដើម្បីគ្រប់គ្រង ជួសជុល និងសាងសង់បរិវេណសម្រាប់ហូមស្ទេ ព្រមទាំងរៀនភាសាអង់គ្លេសដោយខ្លួនឯង; ចំណែកភរិយានឹងទៅ Sa Pa (Lao Cai) ធ្វើការជាអ្នកបម្រើភោជនីយដ្ឋាន ដើម្បីរៀនបន្ថែម។

លោក A De៖ “ខ្ញុំរៀនតាមសៀវភៅ តាមអ៊ីនធឺណិត ហើយពឹងភ្ញៀវទេសចរឲ្យគេណែនាំចាប់ពីអ្វីៗដ៏តូចបំផុតក្នុងភាសាអង់គ្លេស បន្ទាប់មកធ្វើលំហាត់បន្តិច
ម្តងៗ។ រហូតមកដល់ពេលនេះ ខ្ញុំអាចទំនាក់ទំនងជាមួយជនបរទេស បម្រើភ្ញៀវកាន់តែប្រសើរហើយ”។

ភរិយាធរបស់ A De៖ “ពេលទៅរៀននិងរត់តុ មានពេលខ្លះដែលខ្ញុំគិតថា វាពិបាកពេកហើយចង់បោះបង់ចោល ប៉ុន្តែចុងក្រោយខ្ញុំនៅតែតាំងចិត្តរៀនបន្តទៀត”។

លោក Giang A De បំផុសគំនិតអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ខ្ពង់រាប - ảnh 2ស្វាមីភរិយា លោក A De បង្រៀនភាសាអង់គ្លេសជូនកុមារ។ 

ជាមួយនឹងពាក្យស្លោក “ទៅគឺចូលចិត្ត មកគឺពេញចិត្ត” គ្រឹះស្ថានទេសចរណ៍របស់ប្ដីប្រពន្ធ A De រហូតមកដល់ពេលនេះ ត្រូវបានមនុស្សជាច្រើនស្គាល់ដល់។ ពេលមកដល់ “Hello Mu Cang Chai” ភ្ញៀវទេសចរមិនត្រឹមតែអាចសម្រាកលំហែកាយប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមសេវាទេសចរណ៍ដ៏វិសេសវិសាល ដូចជា ធ្វើម្ហូបជាមួយអ្នកស្រុក ដើរលេងជ្រោះទឹកចាប់ត្រី ចុះទៅវាលស្រែកាំជណ្ដើរដើម្បីហាត់ភ្ជួរស្រែ បង្រៀនភាសាអង់គ្លេសដល់កុមារក្នុងភូមិ... កញ្ញា Nguyen Hong Anh ជាភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានឲ្យដឹងថា៖

“មកទីនេះ យើងខ្ញុំអាចទទួលបានបទពិសោធន៍ក្នុងជីវភាពរបស់អ្នកស្រុក។ នេះជាលើកដំបូងដែលយើងខ្ញុំបានចុះវាលស្រែ ចាប់ត្រី ហើយអាំងត្រី... យើងខ្ញុំក៏ទទួលបានមេរៀនជាក់ស្តែងជាច្រើនអំពីវប្បធម៌ប្រចាំមូលដ្ឋានផងដែរ”។

ការអភិវឌ្ឍទេសចរណ៍គឺមិនត្រឹមតែដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែបំណងប្រាថ្នារបស់ប្ដីប្រពន្ធ A De គឺចង់ឲ្យអ្នកភូមិឃុំទាំងអស់នឹងអាចឃើញ ហើយធ្វើតម្រាប់តាម កសាងស្រុកកំណើតឲ្យរួចផុតពីភាពក្រីក្រ។ ហើយទោះបីជាជាប់មមាញឹកនឹងការងារក៏ដោយ ក៏ប្តីប្រពន្ធវ័យក្មេងជនជាតិ Mong មួយគូនេះ នៅតែចំណាយពេលវេលាដើម្បីរៀបចំការបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តវ័យក្មេងក្នុងឃុំ ដោយមានបំណង ជួយគេក្លាយទៅជាមគ្គុទ្ទេសទេសចរក្នុងស្រុក។

ផែនការរបស់ប្ដីប្រពន្ធ Giang A De នាពេលខាងមុខគឺបន្តពង្រីកសេវាកម្មថ្មីៗសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍ ព្រមទាំងបន្តបំផុសគំនិតជូនសហគមន៍ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព កសាងស្រុកកំណើតឲ្យកាន់តែសម្បូរហូរហៀនិងស្រស់ស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ