លោកគ្រូ​ប្រែ​ក្លាយ​សំបក​ខ្យងផ្លឹត​​ទៅ​ជាផ្ទាំង​គំនូរដ៏វិសេសវិសាល

(VOVWORLD) - ពីសំបកខ្យងផ្លឹត (Mop Disk Shell) ហាក់ដូចជាលែងមានតម្លៃប្រើប្រាស់ហើយ ប៉ុន្តែដោយមានការច្នៃប្រឌិត និងភាពប៉ិនប្រសប់ លោកគ្រូ Dinh Cong Tuyen (នៅសាលាអនុវិទ្យាល័យ Song Khoai ទីរួមខេត្ត Quang Yen ខេត្ត Quang Ninh) បានបង្កើតជាផ្ទាំងគំនូរដ៏វិសេសវិសាល។ ផ្ទាំងគំនូរសិល្បៈរស់រវើកបានរីកសាយភាយសារការពារបរិស្ថាន។
លោកគ្រូ​ប្រែ​ក្លាយ​សំបក​ខ្យងផ្លឹត​​ទៅ​ជាផ្ទាំង​គំនូរដ៏វិសេសវិសាល - ảnh 1លោក Dinh Cong Tuyen ប្រែក្លាយសំបកខ្យងផ្លឹតទៅជាផ្ទាំងគំនូរដ៏វិសេសវិសាល។ រូបថត៖ VOV

ឃុំ Hiep Hoa ទីប្រជុំជន Quang Yen ប្រកបមុខរបរធ្វើអាជីវកម្មខ្យងផ្លឹតនៅតំបន់ឆ្នេរជំនោរជាមួយបរិមាណធ្វើអាជីវកម្មរហូតដល់រាប់ពាន់តោនក្នុងមួយឆ្នាំ។ ក្រោយពីបំបែកសាច់រួច សំបកខ្យងតែងតែត្រូវបានគេបោះចោល ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងបំពុលបរិស្ថាន។ នៅចំពោះមុខការពិតនោះ លោកគ្រូ Dinh Cong Tuyen បានសញ្ជឹងគិតអំពីវិធី "ប្រែក្លាយ" សំបកខ្យងផ្លឹតទៅជាស្នាដៃសិល្បៈ៖

“ខ្ញុំបានស្វែងយល់ សិក្សាស្រាវជ្រាវ ហើយចាប់ផ្តើមពិសោធន៍។ ចាប់តាំងពីឆ្នាំ ២០១៤  មក ខ្ញុំបានធ្វើការផង និងដកបទពិសោធន៍ផង។ នាគ្រាដំបូងខ្ញុំបានសិក្សា ស្វែងរកវិធានការណ៍ផ្សេងៗ ហើយផលិតផលមិនដូចបំណងឡើយ ប៉ុន្តែខ្ញុំទទួលបានបទពិសោធន៍ ដើម្បីច្នៃប្រឌិតបន្ត។ សំបកខ្យងមានពន្លឺសស្គុះហើយខ្ញុំត្រូវដាក់ស្រទាប់មួយលើស្រទាប់មួយទៀត ដើម្បីបង្កើតពន្លឺអោយសំបកខ្បងអោយមានពណ៌ឆើតឆាយថែមទៀត”។

ក្រៅពីការងារបង្រៀនក្នុងថ្នាក់ លោកគ្រូ Dinh Cong Tuyen ក៏បានបំផុសគំនិត ភាពច្នៃប្រឌិតជាមួយមុខវិជ្ជាវិចិត្រសិល្បៈដល់សិស្សានុសិស្ស។ ជាមួយគំនិតគូរគំនូរប្រជាប្រិយ Dong Ho ពីសម្ភារៈម្សៅសំបកខ្យង  ក្រោមការណែនាំរបស់លោកគ្រូ សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យ Song Khoai បានបង្កើតស្នាដៃសិល្បៈគួរឲ្យចាប់អារម្មណ៍ រួមចំណែកលើកតម្កើងគំនូរប្រជាប្រិយវៀតណាម។ កញ្ញា Bui Thanh Hien សមាជិកាក្លឹបវិចិត្រសិល្បៈនៃសាលាអនុវិទ្យា Song Khoai បាននិយាយថា៖

“ក្លឹបវិចិត្រសិល្បៈនៅសាលារៀនមានអត្ថន័យណាស់សម្រាប់ខ្ញុំ ជួយខ្ញុំរៀនបន្ថែមអំពីវិចិត្រសិល្បៈ មានចំណេះដឹងបន្ថែមអំពីគំនូរប្រជាប្រិយ Dong Ho និងជួយខ្ញុំមានចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រវប្បធម៌របស់ប្រជាជាតិ។ ផ្ទាំងគំនូរដែលធ្វើពី សម្ភារៈម្សៅដ៏ស្រស់ស្អាតពិសេសណាស់ ជួយខ្ញុំច្នៃប្រឌិតបន្ថែម និងផ្សព្វផ្សាយគំនូរប្រជាប្រិយទាំងនោះទៅកាន់មនុស្សច្រើនផងដែរ”។

លោកគ្រូ Pham Viet Thanh នាយករងសាលាអនុវិទ្យាល័យ Song Khoai បានវាយតម្លៃថា សកម្មភាពរបស់ក្លឹបវិចិត្រសិល្បៈអំពីការគូរគំនូរប្រជាប្រិយ Dong Ho លើសម្ភារៈម្សៅសំបកខ្យងផ្លឹតបានបង្កើតកម្លាំងរីកសាយភាយទៅកាន់សិស្សានុសិស្ស រួមចំណែកផ្សព្វផ្សាយដល់សិស្សានុសិស្សអំពីការថែរក្សា និងពង្រីករាល់លក្ខណៈវប្បធម៌ប្រជាប្រិយដ៏ស្រស់ស្អាត៖

“សិស្សានុសិស្សទាំងអស់បានបង្កើតផលិតផលផ្ទាល់ខ្លួន ជាពិសេសគឺការប្រើប្រាស់សំភារៈម្សៅសំបកខ្យងដើម្បីអភិរក្ស ពង្រីកគំនូរប្រជាប្រិយ Dong Ho។ នេះគឺជាការងារដ៏ល្អ ដើម្បីគោលដៅអប់រំ ពោលគឺអភិវឌ្ឍគុណសម្បត្តិនិងសមត្ថភាពឱ្យបានទូលំទូលាយ ប៉ុន្តែយើងមិនត្រូវភ្លេចការអប់រំប្រពៃណី និងសីលធម៌ដល់សិស្សានុសិស្សឡើយ។ សកម្មភាពនេះរួមចំណែករីកសាយភាយក្នុងមជ្ឈដ្ឋានយុវវ័យអំពីការយល់ដឹងថែរក្សា និងអភិរក្សគំនូរប្រជាប្រិយវៀតណាមផងដែរ”។

លោកគ្រូ​ប្រែ​ក្លាយ​សំបក​ខ្យងផ្លឹត​​ទៅ​ជាផ្ទាំង​គំនូរដ៏វិសេសវិសាល - ảnh 2សកម្មភាពរបស់ក្លឹបវិចិត្រសិល្បៈលើគំនូរប្រជាប្រិយ Dong Ho ។ រូបថត៖ VOV

តាមរយៈបាតដៃដ៏ប៉ិនប្រសប់ លោកគ្រូ Dinh Cong Tuyen មិនត្រឹមតែបានបង្កើតផលិតផលវិចិត្រសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ផ្ទាំងគំនូរធ្វើពីម្សៅសំបកខ្បងថែមទាំងបង្កប់នូវព្រលឹងនៃមាតុភូមិ ទាក់ទាញក្រសែភ្នែករបស់អ្នកស្រលាញ់សិល្បៈទៀតផង។ ប្រធានបទនិពន្ធដ៏សម្បូរបែបចាប់ពីគំនូររបស់របរ កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ប្រធានបទអំពីជនបទ កំពង់នេសាទ ដំណាំ ភូមិស្រុក ដើមជ្រៃ កំពង់ទឹក ប៉ុន្តែពិសេសបំផុតគឺនៅតែជាស្នាដៃទេសភាពស្រុកកំណើតខេត្ត Quang Ninh ដូចជា៖ ឈូងសមុទ្រហាឡុង ភូមិនេសាទ ដែលទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាច្រើន រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់តំបន់។ អ្នកគ្រូ Nguyen Thi Thien ប្រធានមុខវិជ្ជាវិចិត្រសិល្បៈនៃសាកលវិទ្យាល័យ Ha Long បានឲ្យដឹងថា៖

“ប្រជាជន Quang Ninh គូរផ្ទាំងគំនូរ Quang Ninh តាមរយៈសម្ភារៈរបស់ Quang Ninh ជាប្រការដ៏ថ្លៃថ្លា។ យើងខ្ញុំបានតម្រង់ទិសដៅឲ្យសិស្ស និស្សិតអាចសិក្សារៀនសូត្រពីលោកគ្រូ Dinh Cong Tuyen អំពីជំនាញកែច្នៃម្សៅសំបកខ្យង ហើយតាមរយៈបទពិសោធន៍ និងជំនាញដែលបានរៀន មិត្តអាចរីកសាយភាយ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ដោយប្រើប្រាស់សម្ភារៈពីស្រុកកំណើត ដើម្បីគូរអំពីស្រុកកំណើតរបស់ខ្លួនផងដែរ”។

ផលិតផលគំនូរពីម្សៅសំបកខ្យងផ្លឹតរបស់លោកគ្រូ Dinh Cong Tuyen ត្រូវបានទទួលស្គាល់ជាផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ)។ នេះគឺជាឱកាសសម្រាប់លោកគ្រូបន្ត “ផ្លុំព្រលឹង” ទៅក្នុងផ្ទាំងគំនូរធ្វើពីសំបកខ្យង រួមចំណែកផ្សព្វផ្សាយទេសភាព និងរូបភាពមនុស្សនៅតំបន់ដី Quang Ninh ទៅកាន់ប្រជាជន និងភ្ញៀវទេសចរ ទាំងជិត និងឆ្ងាយយ៉ាងច្រើនកុះករ៕

 


ប្រតិកម្មទៅវិញ

ផ្សេងៗ