លោកឧត្តមសេនីយ៍ទោ Nguyen Duc Soat - អ្នកបើកយន្តហោះរឿងព្រេងនៃ កងទ័ពជើងអាកាសវៀតណាម

(VOVWORLD) - លោកឧត្តមសេនីយទោ វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន Nguyen Duc Soat គឺជារឿងព្រេងមួយនៃកងទ័ពជើងអាកាសវៀតណាម។ មានជំនាញក្នុងការបើក យន្តហោះ MiG-21 លោកគឺជាអ្នកបើកយន្តហោះម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះ ដែលពូកែបំផុតនៃប្រទេសវៀតណាម ក្នុងការបាញ់ចំគោលដៅ ដោយបានបាញ់ទម្លាក់ យន្តហោះអាមេរិកចំនួន ៦ គ្រឿង ហើយបានជាប់ បញ្ជីអ្នកបើកយន្តហោះថ្នាក់ Ace នៃកងទ័ពជើងអាកាស។

លោកឧត្តមសេនីយ៍ទោ Nguyen Duc Soat - អ្នកបើកយន្តហោះរឿងព្រេងនៃ កងទ័ពជើងអាកាសវៀតណាម - ảnh 1ឧត្តមសេនីយ៍ទោ វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Nguyen Duc Soat បានរំលឹកពីអនុស្សាវរីយ៍នៅសមរភូមិ ខណៈកាន់គំរូយន្តហោះ MiG-21។
(រូបថត៖ Le Phuong/VOV ៥)
យុទ្ធជន Nguyen Duc Soat កើតនៅឆ្នាំ ១៩៤៦ នៅឃុំ Nam Phong ស្រុក Phu Xuyen ខេត្ត Ha Tay ចាស់ (ឥឡូវចំណុះទីក្រុងហាណូយ) បានចូលបម្រើកងទ័ពនៅខែ កក្កដា ឆ្នាំ ១៩៦៥ នៅអាយុ ១៩ ឆ្នាំ។ នៅឆ្នាំដដែលនោះ លោក រួមជាមួយសិស្សា នុសិស្ស និស្សិតវៀតណាមចំនួន ៥៩ នាក់ត្រូវបានបញ្ជូនទៅសហភាពសូវៀតដើម្បី រៀនបើកយន្តហោះ MiG-21 ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់សូវៀតនៅ ពេលនោះ។ ក្រោយពីសិក្សានៅបរទេសអស់រយៈពេលជាង ២ ឆ្នាំ លោកនិងយុទ្ធមិត្ត បានវិលត្រលប់មកវិញ ហើយបានចូលរួមប្រយុទ្ធភ្លាមៗដើម្បីការពារមាតុភូមិក្នុង អំឡុងពេលប៉ុន្មានឆ្នាំនៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។ នៅឆ្នាំ ១៩៦៩ យុទ្ធជនវ័យក្មេង Nguyen Duc Soat ដែលពេលនោះមានអាយុ ២៣ ឆ្នាំតែប៉ុណ្ណោះ បានបង្កើតយុទ្ធជ័យដើមដំបូងរបស់ខ្លួន ដោយបានបាញ់ទម្លាក់ យន្តហោះគ្មានអ្នកបើកបររបស់កងទ័ពជើងអាកាសអាមេរិក។ ជាពិសេស ឆ្នាំ ១៩៧២ ជាសញ្ញាសម្គាល់ មួយដែលមិនអាចបំភ្លេចបានសម្រាប់លោកឧត្តមសេនីយ៍ទោ Nguyen Duc Soat ។ លោកបានរំឭកថា៖
“នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៧២ ខ្ញុំបានជួបប្រយុទ្ធជាមួយយន្តហោះដោយមានអ្នកបើកបរ របស់អាមេរិក។ ពេលនោះ ខ្ញុំបានចេញហោះហើរពីអាកាសយានដ្ឋាន Gia Lam ដើម្បីការពារ ទីក្រុង Nam Dinh។ ការប្រយុទ្ធនេះមានរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះគិត ចាប់ពីការចេញហោះហើរដល់ការចុះចត ខ្ញុំបានបាញ់ទម្លាក់យន្តហោះ A-៧ មួយគ្រឿង របស់ អាមេរិក។ មួយខែក្រោយនោះ ពោលគឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៧២ យើង ទាំងពីរនាក់ ខ្ញុំនិងយុទ្ធមិត្ត Ngo Duy Thu បានវាយប្រហារលើក្រុមយន្តហោះ F-៤ ចំនួន ២៤ គ្រឿងរបស់អាមេរិក។ នេះជាក្រុមដែលដឹកគ្រាប់បែកទៅទម្លាក់ Thai Nguyen។ យើងបានវាយបំបែកក្រុមយន្តហោះនេះ ហើយមនុស្សម្នាក់ៗបានបាញ់ ទម្លាក់យន្តហោះ F-៤ មួយគ្រឿង ។ នៅថ្ងៃទី ២៧ ខែមិថុនា យើងមានការប្រយុទ្ធមួយ ទៀត ហើយខ្ញុំបានបាញ់ទម្លាក់ យន្តហោះ F-៤ មួយគ្រឿង ។ បន្ទាប់នោះ នៅថ្ងៃទី ២៦ ខែសីហា ខ្ញុំបានបាញ់ទម្លាក់យន្តហោះរបស់កម្លាំងម៉ារីនអាមេរិក។ នេះជាយន្តហោះតែមួយគត់របស់កងម៉ារីនអាមេរិកដែលត្រូវបានគេបាញ់ទម្លាក់ក្នុងសង្គ្រាមនៅវៀតណាម”។
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៧២ អ្នកបើកយន្តហោះ Nguyen Duc Soat បាន បាញ់ទម្លាក់យន្តហោះទី ៦ ដែលក្នុងនោះ ៥ គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងឆ្នាំ ១៩៧២ តែមួយឯង។ នេះជាយុទ្ធជ័យដែលមិនមានយុទ្ធជនវ័យក្មេងណាម្នាក់អាចអនុវត្តន៍បាន នៅពេលនោះ។
ក្នុងឆ្នាំ ១៩៧២ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការ Linebacker ទី២ ដែល វាយប្រហារទៅលើតំបន់ភាគខាងជើងវៀតណាម។ ក្នុងប្រតិបត្តិការនេះ អាមេរិកបាន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតរបស់ពួកគេនៅពេលនោះគឺ បន្ទាយហោះ B-៥២ ធ្វើជាស្នូលសម្រាប់ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹក សន្ធាប់លើខេត្តក្រុងជាច្រើន រួមមានៈ ហាណូយ ហាយហ្វុង ថៃង្វៀន ឡាំងសឺន និង គោលដៅផ្សេងទៀតក្នុងរយៈពេល ១២ យប់ថ្ងៃ។ នេះគឺជាការវាយឆ្មក់ដោយគ្រាប់បែក ដ៏សាហាវបំផុតក្នុងសង្គ្រាមវៀតណាម និងជាការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ ដោយមានប្រពលភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាមលើពិភពលោក។ អ្នកបើក យន្តហោះ Nguyen Duc Soat និងយុទ្ធមិត្តបានរួមជាមួយអង្គភាពផ្សេងទៀត ចូលរួម ប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីការពារផ្ទៃមេឃរដ្ឋធានីហាណូយក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣០ ខែធ្នូ។
“ពេលឈរលើទ្វារលេណដ្ឋាននៃព្រលានយន្តហោះ Da Phuc មើលទៅលើរដ្ឋធានី ខ្ញុំឃើញភ្លើងឆេះសន្ធោសន្ធៅ គ្រាប់កាំភ្លើងប្រឆាំងយន្តហោះ គ្រាប់រ៉ុក្កែតបាញ់ឡើងគ្រប់ដណ្ដប់ផ្ទៃមេឃ។ ប្រសិនបើយន្តហោះ B ៥២ ចំនួន ៣ គ្រឿងផ្ទុកគ្រាប់បែក ចំនួន ១០៤ គ្រាប់នៅក្នុងពោះយន្តហោះ និង ១៨ គ្រាប់នៅខាងក្រៅ ហើយយន្តហោះ ៣ គ្រឿងនោះទម្លាប់គ្រាប់បែកលើផ្ទៃដី ២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ គឺខាងក្រោមនឹងមិន មានអ្វីទៀតទេ។ ដូច្នេះហើយ នៅពេលនោះ យើងត្រឹមតែគិតថា ត្រូវធ្វើយ៉ាងណាដើម្បី កុំរាំងស្កាត់មិនឱ្យយន្តហោះនោះចូលទៅជិតគោលដៅ ដើម្បីកុំឱ្យគ្រាប់កាំធ្លាក់មកលើ ប្រជាជនយើង។ នោះគឺជាស្មារតីប្រយុទ្ធនៅពេលនោះរបស់យើង ហើយគ្មានអ្នកណាគិតពីខ្លួនឯងទៀតទេ”។
ក្នុងរយៈពេល ១២ ថ្ងៃយប់ ចក្រពត្តិអាមេរិកបានទម្លាក់គ្រាប់បែកជាង ៣៦ ពាន់ តោន។ ការប្រយុទ្ធគឺសាហាវបែបនេះមែន ប៉ុន្តែដោយមានស្មារតីអង់អាចក្លាហាន និងការប្តេជ្ញាចិត្តការពារដែនអាកាសរបស់មាតុភូមិ អ្នកបើកយន្តហោះ Nguyen Duc Soat និងយុទ្ធមិត្តបានប្រយុទ្ធយ៉ាងក្លាហានមោះមុតប្រឆាំងនឹងកងទ័ពជើងអាកាស ដ៏ទំនើបរបស់អាមេរិក៖ “នៅយប់ថ្ងៃដំបូងនៃយុទ្ធនាការហាណូយ ១២ ថ្ងៃយប់ អាកាសយានដ្ឋានពី៦ដល់ ៧កន្លែង របស់យើងបានទទួលរងគ្រាប់បែកពីសហរដ្ឋអាមេរិកដើម្បីរាំងស្កាត់មិនឲ្យ យន្តហោះកងទ័ពជើងអាកាស វៀតណាមហោះឡើង។ យន្តហោះយើងត្រូវតែហោះ ឡើងពីផ្លូវរត់ដែលមានប្រវែងតែ ១៦ ម៉ែត្រប៉ុណ្ណោះ ដោយមានរណ្តៅគ្រាប់បែកនៅទាំងសងខាង។ នៅពេលនោះ ខ្ញុំជាប្រធានកងពលលេខ ៣ កងវរសេនាធំទ័ព អាកាសលេខ ៩២៧។ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៧២ ក្នុងឋានៈជាប្រធានក្រុម ខ្ញុំជា មនុស្សដំបូងគេដែលហោះឡើងទៅប្រយុទ្ធដើម្បីការពារសមរភូមិ។ ការប្រយុទ្ធថ្ងៃនោះពិតជាសាហាវណាស់។ យើងបានជួបក្រុមយន្តហោះសត្រូវ F-4 ចំនួន ១៦ គ្រឿង។ គោលដៅរបស់យើងគឺប្រសិនបើយើងមិនអាចកំចាត់សត្រូវបានទេ យើងត្រូវបណ្តេញ យន្តហោះសត្រូវ មិនឲ្យវាទម្លាប់គ្រាប់បែកលើប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះរបស់ យើងបានឡើយ។ ហើយយើងបានសម្រេចភារកិច្ច។ ក្នុងរយៈពេល ១២ ថ្ងៃយប់ ក្រុមរបស់ខ្ញុំបានបាញ់ទម្លាក់យន្តហោះគ្រប់ប្រភេទចំនួន ៥ គ្រឿង រួមទាំងយន្តហោះ B៥២ ចំនួន ១ គ្រឿង”។
ដោយមានយុទ្ធជ័យឆ្នើមដែលសម្រេចបានក្នុងដំណើរការចូលរួមប្រយុទ្ធ ក៏ដូច ជាបញ្ជាការនោះ ក្នុងឆ្នាំ ១៩៧៣ នៅពេលទើបមាន អាយុ ២៧ ឆ្នាំ ប៉ុណ្ណោះ អ្នកបើក យន្តហោះ Nguyen Duc Soat ត្រូវបានប្រគល់ជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់ដែលជាយុវជននៃ កងកម្លាំងប្រដាប់អាវុធប្រជាជន។
អស់រយៈពេល ៤៤  ឆ្នាំបម្រើក្នុងជួរកងទ័ព ចាប់ពីយុទ្ធជនវ័យក្មេងដែលចាប់ផ្តើម រៀនបើកយន្តហោះ MiG-21 លោក ឧត្តមសេនីយ៍ទោ Nguyen Duc Soat បានក្លាយជា អ្នកបើកយន្តហោះមួយក្នុងចំណោមអ្នកបើកយន្តហោះដែលពូកែបំផុតក្នុងការបាញ់ ចំគោលដៅរបស់កងទ័ពជើងអាកាសវៀតណាម។ លោកធ្លាប់កាន់មុខតំណែង សំខាន់ៗជាច្រើនដូចជា៖ មេបញ្ជាការផ្នែកទ័ពជើងអាកាស មេបញ្ជាការផ្នែកទ័ពការពារ ដែនអាកាស-ទ័ពជើងអាកាស អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម។ ទោះ ជាក្នុងឋានៈណាក៏ដោយ ក៏លោកតែងតែចងចាំជានិច្ចថា ត្រូវតែសម្រេចភារកិច្ចដ៏ខ្ពង់ ខ្ពស់របស់ខ្លួន នោះគឺការពារផ្តៃមេឃ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិង ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ