វិស្វករ IT វ័យក្មេងជួយកសិករគ្រប់គ្រងកសិដ្ឋានដោយប្រព័ន្ធឌីជីថល ៤.០
(VOVWORLD) - ដោយចោលការងារជាអ្នកសរសេរសូហ្វវែរដែលបានផ្សាភ្ជាប់ជាងដប់ឆ្នាំនៅទីក្រុងហាណូយ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ ចិញ្ចឹមជលផល លោក Vu Duc Tuan បានយល់ឃើញពីការលំបាកក្នុងការគ្រប់គ្រងកសិដ្ឋាន ដូច្នេះលោកបានអភិវឌ្ឍន៍កម្មវិធីសូហ្វវែរដោយឡែកសម្រាប់ប្រជាកសិករ។ សូហ្វវែរនេះមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពផលិតកម្មនិងជួយកសិករតាមទាន់និន្នាការកសិកម្មបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីសហគ្រិនភាពដល់យុវជនទៀតផង។
វិស្វករ IT លោក Vu Duc Tuan។ (រូបថត៖ VOV) |
ប្រកបការងារជាអ្នកសរសេរសូហ្វវែរក្នុងរយៈពេលជាងមួយទស្សវត្តន៍ ហើយកំពុងធ្វើការនៅរដ្ឋធានីហាណូយ ប៉ុន្តែជាង ២ ឆ្នាំមុន លោក Vu Duc Tuan (កើតឆ្នាំ ១៩៩០ រស់នៅក្នុងទីរួមខេត្ត Quang Yen ខេត្ត Quang Ninh) ស្រាប់តែសម្រេចចិត្តលាឈប់ពីការងារត្រឡប់ទៅផ្ទះវិញ ដើម្បីចិញ្ចឹមជលផល។ ក្នុងដំណាក់កាលដំបូងចាប់ផ្តើមការងារថ្មី លោក Tuan បានជួបប្រទះការលំបាកជាច្រើន ជាពិសេសក្នុងការគ្រប់គ្រងកសិដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ការលំបាកទាំងនេះគឺជាកម្លាំងចលករដើម្បីលោក Tuan បង្កើតសម្រាប់ខ្លួនឯង និងអ្នកគ្រប់គ្រងកសិដ្ឋានជលផល នូវសូហ្វវែរដោយឡែកមួយ ដែលត្រូវបានរចនាឡើងជាទម្រង់កម្មវិធីទិនានុលេខន៍ឌីជីថល។ កម្មវិធីសូហ្វវែរ FarmGo បានកើតមកយ៉ាងដូច្នេះ។ លោក Tuan បានរៀបរាប់ថា៖
“ពេលធ្វើកសិដ្ឋាន ខ្ញុំគិតថាខ្ញុំបានបោះបង់ចោលអាជីព IT ទៅហើយ។ ដល់ពេលដែលខ្ញុំ ចិញ្ចឹមសត្វបានប្រហែល ២ ឆ្នាំ អាជីវកម្មកសិដ្ឋានកាន់តែច្រើនឡើងៗ លើសពីការផ្ទុក ដែលទាមទារឲ្យមានឧបករណ៍សម្រាប់គ្រប់គ្រង ប៉ុន្តែមិនមានឧបករណ៍ណាដែលអាចឆ្លើយតបបានទេ។ នៅពេលនោះ ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅបង្កើតឧបករណ៍មួយចំនួនដើម្បីដោះស្រាយបញ្ហាសម្រាប់កសិដ្ឋានរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំឃើញថាវាមានប្រសិទ្ធភាព ដូច្នេះខ្ញុំបានពង្រីកបន្តទៀត ដើម្បីជួយការគ្រប់គ្រងកសិដ្ឋានបានរលូននិងងាយជោគជ័យជាង”។
សូហ្វវែរគ្រប់គ្រង់កសិដ្ឋាន FarmGo។ |
ដោយប្រតិបត្តិកសិដ្ឋានដោយផ្ទាល់ លោក Tuan យល់ច្បាស់ពីអ្វីដែលអ្នកគ្រប់គ្រងត្រូវការពេលប្រើប្រាស់ FarmGo ដូច្នេះលោកបានកំណត់លក្ខណៈវិនិច្ឆ័យគឺថា កម្មវិធីត្រូវតែងាយប្រើប្រាស់ មិនតម្រូវឱ្យមានឧបករណ៍ឯកទេស ឬមានតម្លៃថ្លៃ ហើយអ្នកណាម្នាក់អាចចូលប្រើប្រាស់បាន។ កម្មវិធី FarmGo រួមបញ្ចូលជំនាញទាំងអស់នៅក្នុងវិស័យចិញ្ចឹមសត្វ ដូចជា៖ ការគ្រប់គ្រងបសុសត្វ និងបសុបក្សី; ការគ្រប់គ្រងការលក់ ការផលិតគ្រឿងផ្សំចំណីសត្វ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងមាន់ពង... អាស្រ័យដោយផ្តោតលើលក្ខណៈទាំងនេះ កម្មវិធី FarmGo នាបច្ចុប្បន្ន បានទាក់ទាញគណនីប្រើប្រាស់រាប់ពាន់ ក្នុងតម្លៃជាវចាប់ពី ៣ ម៉ឺនដុង (ជាង ១ ដុល្លារ) ក្នុងមួយខែ។ លោក Vu Tien Duong នៅឃុំ Hoang Tan ទីរួមខេត្ត Quang Yen បច្ចុប្បន្នជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដោយមានបរិមាណរហូតដល់ជិត ២៥០ ក្បាល បានទទួលស្គាល់ថា ចាប់តាំងពីស្គាល់និងប្រើប្រាស់កម្មវិធីគ្រប់គ្រងកសិដ្ឋាននៅលើស្មាតហ្វូនមក ការងារកាន់តែមានប្រសិទ្ធភាព។
“ពីមុនជួបការលំបាកខ្លាំងណាស់ព្រោះខ្ញុំសម្អាតទ្រុង ត្រៀមចំណីសត្វ ហើយត្រូវតែកត់ត្រាក្នុងសៀវភៅកំណត់ហេតុភ្លាមៗ។ ថ្ងៃដែលមានភ្លៀង សៀវភៅសើម ពេលក្រោយពិនិត្យមើលពិបាកណាស់។ ចាប់តាំងពីប្រើប្រាស់សូហ្វវែរឌីជីថលមក ខ្ញុំឃើញការងារកាន់តែមានប្រសិទ្ធភាព ឧទាហរណ៍៖ ខ្ញុំអាចតាមដានបានគ្រប់ពេលវេលា គ្រប់ទីកន្លែង សន្សំសម្ចៃការចំណាយច្រើន; បន្ទុកការងារត្រូវបានកាត់បន្ថយយ៉ាងខ្លាំង; មានការព្រមានអំពីការបង្ការជំងឺរាតត្បាត ឬអាចតភ្ជាប់ជាំមួយកសិដ្ឋានផ្សេងៗទៀតដើម្បីចែករំលែកកំណត់ហេតុការចិញ្ចឹមសត្វជាមួយគ្នា ដើម្បីសម្រេចលើដំណើរការចិញ្ចឹមសត្វដ៏ល្អបំផុត”។
ភាពជោគជ័យនៃកម្មវិធី FarmGo ត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័ស។ ថ្មីៗនេះ នៅក្នុងការប្រឡង "ស្វែងរកគំនិតនិងគម្រោងចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតឆ្នាំ ២០២៣" លោក Vu Duc Tuan បានឈានចូលវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិជាមួយនឹងគម្រោង "សូហ្វវែរគ្រប់គ្រងកសិដ្ឋាន FarmGo"។ លោកស្រី Bui Thi Quynh Nga ក្លឹបចាប់ផ្តើមអាជីវកម្ម Quang Yen បានចាត់ទុកថា ស្នាដៃរបស់លោក Vu Duc Tuan បានរីកសាយភាយស្មារតីសហគ្រិនភាពដ៏ក្លៀវក្លាដល់យុវជន៖
“Vu Duc Tuan គឺជាសមាជិកដ៏សកម្មនៃក្លឹបចាប់ផ្តើមអាជីវកម្ម Quang Yen។ ទិសដៅរបស់គាត់គឺចង់រួមចំណែកមួយផ្នែកនៃយុវជនរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋាន ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់។ យើងខ្ញុំក៏ចង់រីកសាយភាយស្មារតីសហគ្រិនភាពរបស់លោក Tuan ដល់យុវជនជាច្រើនទៀត ដែលមានគំនិតចាប់ផ្តើមអាជីវកម្មដោយភាពច្នៃប្រឌិតក្នុងវិស័យនានា ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម”។
នាពេលខាងមុខ ទន្ទឹមនឹងការដោះស្រាយបញ្ហាគ្រប់គ្រងកសិដ្ឋាន លោក Vu Duc Tuan មានបំណងថា នឹងអភិវឌ្ឍន៍កម្មវិធីបន្ថែមទៀត ដើម្បីនាំយកផលិតផលចុងក្រោយជូនអតិថិជន។ តាមនោះ ប្រជាកសិករ និងអាជីវកម្មមិនត្រឹមតែអាចលក់ផលិតផលប៉ុណ្ណោះទេ ថែមទាំងអ្នកប្រើប្រាស់ក៏នឹងនរចិត្តផងដែរ នៅពេលដែលប្រភពដើមត្រូវបានតាមដានដោយតម្លាភាព និងធានាសុវត្ថិភាព៕