ស្ថាបត្យករ Dinh Viet Phuong - អ្នកដែលធ្វើឲ្យបេតិកភណ្ឌរស់រានមានជីវិតឡើងវិញដោយបច្ចេកវិទ្យា 3D
(VOVWORLD) - ស្ថាបត្យករ Dinh Viet Phuong គឺជាអ្នកនិពន្ធនៃរឿងកំប្លែង “Dragon Land” (ទឹកដីរបស់នាគ) ដែលជាស្នាដៃតែមួយគត់របស់វៀតណាម បានឈ្នះពានរង្វាន់សំរឹទ្ធនៅឯពានរង្វាន់ Manga អន្តរជាតិលើកទី ៦ ឆ្នាំ ២០១២ ដែលរៀបចំដោយក្រសួងការបរទេសជប៉ុន។ លោកនិងសហការីបានបង្កើតក្រុមហ៊ុនភាគហ៊ុន 3D Art ហើយបានចាប់ផ្តើមធ្វើឌីជីថលបេតិកភណ្ឌវប្បធម៌តាំងពីឆ្នាំ ២០០៤ មក រួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយវប្បធម៌វៀតណាម។
ស្ថាបត្យករ Dinh Viet Phuong។ (រូបថត៖ VOV) |
តាំងពីឆ្នាំ ២០០២ នៅពេលដែលនៅជានិស្សិតនៃសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ លោក Dinh Viet Phuong បានបណ្ដុះគំនិតនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឌីជីថលបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្ម។ និស្សិតប្រុសរូបនេះ និងក្រុមស្ម័គ្រចិត្តនៃសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ បានគូរតំបន់វិថីបុរាណហាណូយដោយបច្ចេកវិទ្យា 3D ហើយដាក់តាំងបង្ហាញជាមួយស្នាដៃអំពីទីក្រុងហាណូយដទៃទៀត។ ស្ថាបត្យករ លោក Dinh Viet Phuong បានឲ្យដឹងថា៖
“ដំបូងបង្អស់ ត្រូវស្កេន 3D កំណែដើមជាមុនសិន ហើយបន្ទាប់មកប្រមូលឯកសារ។ ពីនោះ តភ្ជាប់ទៅនឹងវត្ថុបុរាណដើម។ បេតិកភណ្ឌរស់ ពោលគឺវាត្រូវបានប្រើប្រាស់ ប្រសិនបើអាចបង្កើតឡើងផលិតផល ទើបបេតិកភណ្ឌអាចរស់នៅបាន។ បេតិកភណ្ឌកំពុងត្រូវសាបរលាបបាត់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះយើងត្រូវតែថែរក្សា។ អស់រយៈពេលជាង ២០ ឆ្នាំកន្លងមក ខ្ញុំតែងតែខ្វល់ខ្វាយថា ធ្វើយ៉ាងណាដើម្បីបង្កើតផលិតផល និងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ។ ខ្ញុំបានបង្កើតក្រុមអ្នកស្ម័គ្រចិត្តដើម្បីថែរក្សាបេតិកភណ្ឌរបស់ដូនតា។ ខ្ញុំឃើញថាមានមនុស្សជាច្រើនដែលស្រឡាញ់បេតិកភណ្ឌ ហើយពួកគេត្រឹមតែរង់ចាំឲ្យបានចូលរួមជាមួយបងប្អូន មិត្តភក្តិ និងសហគមន៍”។
ចែករំលែកអំពីសហការីរបស់ខ្លួន អ្នកស្រី Tuyet Nguyen ដែលជាដៃគូរបស់លោក Dinh Viet Phuong បាននិយាយថា៖
“ក្រុមហ៊ុនឌីជីថលរបស់លោក Phuong សហការធ្វើជាមួយខ្ញុំ បានដំណើរការតាំងពីយូរមកហើយ។ លោក Phuong ជាមនុស្សម្នាក់ដែលមានភាពខ្លៀវក្លា និងឧស្សាហព្យាយាមស្រាវជ្រាវ ព្រោះទិន្នន័យទាក់ទងនឹងវប្បធម៌ និងប្រវត្តិសាស្ត្រមានច្រើនណាស់។ ត្រូវតែមានការជក់ចិត្តទើបធ្វើបាន។ ប្រការល្អបំផុតនោះគឺនៅពេលទិន្នន័យវត្ថុបុរាណត្រូវបានគេធ្វើឌីជីថល ហើយបង្ហោះលើបណ្ដាញសង្គម មនុស្សគ្រប់គ្នាអាចធ្វើបច្ចុប្បន្នភាពបានយ៉ាងងាយស្រួលណាស់”។
អនុវត្តន៍បច្ចេកវិទ្យា 3D ដើម្បីស្ដារស្ថាបត្យកម្មនៃវត្តបុរាណឡើងវិញ។ (រូបថត៖ VOV) |
សិក្សាជំនាញស្ថាបត្យកម្ម ទោះបីជាមិនត្រូវបានបណ្តុះបណ្តាលជំនាញបុរាណវិទ្យាក៏ដោយ ប៉ុន្តែក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជាមួយនឹងការជក់ចិត្តនឹងបេតិកភណ្ឌ និងបច្ចេកវិទ្យា ស្ថាបត្យករ Dinh Viet Phuong និងសហការីបានបង្កើតឡើងវិញនូវកេរ្តិ៍ដំណែល វត្ថុបុរាណ និងសំណង់ស្ថាបត្យកម្មជាច្រើន... ដើម្បីនាំយកបេតិកភណ្ឌខិតជិតមកសាធារណៈជន។ នាឆ្នាំ ២០១០ ស្ថាបត្យករ Dinh Viet Phuong ជាអ្នកដែលបានរចនារូបភាពចាក់បញ្ចាំងទាំងអស់អំពីបេតិកភណ្ឌ និងប្រវត្តិសាស្ត្រក្នុងឱកាសមហាពិធីរំលឹកខួប ១០០០ ឆ្នាំនៃរាជធានីថាំងឡុង-ហាណូយ។ លោកក៏បានរួមចំណែកក្នុងការធ្វើឌីជីថលនូវវត្ថុបុរាណនៃសារមន្ទីរខេត្ត Quang Ninh សារមន្ទីរខេត្ត Ha Giang; កម្មវិធីសូហ្វវ៉ែគ្រប់គ្រងវត្ថុបុរាណ ក៏ដូចជាដំណោះស្រាយទាក់ទងនឹងបច្ចេកវិទ្យា VR, AR ផងដែរ។ បច្ចុប្បន្ននេះ ស្ថាបត្យករ Dinh Viet Phuong កំពុងអនុវត្តន៍
គម្រោងធ្វើឌីជីថលរតនវត្ថុជាតិទាក់ទងនឹងព្រះពុទ្ធសាសនា។
“ខ្ញុំគិតថាបច្ចេកវិទ្យា 3D នាពេលអនាគតនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់តម្លៃបេតិកភណ្ឌ។ បច្ចេកវិទ្យា 3D កំពុងជ្រាបចូលក្នុងគ្រប់ទិដ្ឋភាពនៃជីវភាព ហើយជាពិសេសនៅក្នុងវិស័យស្តារបេតិកភណ្ឌឡើងវិញ ការធ្វើឌីជីថលបេតិកភណ្ឌ។ ទាំងអស់នេះប្រើប្រាស់បច្ចេកវិទ្យា 3D។ ដើម្បីធ្វើឌីជីថលវត្ថុបុរាណ វិធីល្អបំផុតដែលអាចធ្វើទៅបានគឺប្រើបច្ចេកវិទ្យាបោះពុម្ព 3D។ ទិន្នន័យ 3D អាចត្រូវបានបង្កើតជារូបរាងជាក់ស្ដែងដោយវត្ថុធាតុ និងមាត្រដ្ឋានផ្សេងៗគ្នា... ដើម្បីឱ្យបេតិកភណ្ឌរស់នៅជារៀងរហូត យើងត្រូវមានកំណែខ្លះ ជាពិសេសកំណែនោះអាចបង្រួមបាន ហើយបង្កើតទៅជាចំណុចលេចធ្លោក្នុងលំហ ធ្វើបានយ៉ាងដូច្នេះបេតិកភណ្ឌនោះនឹងមានរស់រានមានជីវិតយ៉ាងពិតប្រាកដ”។
ការធ្វើឌីជីថលបេតិកភណ្ឌបានល្អ នឹងបង្កើតប្រព័ន្ធមូលដ្ឋានទិន្នន័យស្តង់ដារ ដើម្បីឱ្យមនុស្សជាច្រើន ជាពិសេសមជ្ឈដ្ឋានវិចិត្រករ សិល្បករ និងបុរាណវិទូអាចប្រើប្រាស់និងបង្កើតផលិតផលថ្មីៗ។ តាមនោះ រួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍តម្លៃវប្បធម៌វៀតណាមក្នុងយុគសម័យនៃការធ្វើបរិវត្តកម្មឌីជីថល។ ស្ថាបត្យករ Dinh Viet Phuong ក៏គាំទ្រយ៉ាងសកម្មចំពោះសហការីក្នុងការងារផងដែរ។ អ្នករចនា Nguyen Thi Nga បានឲ្យដឹងថា៖
“ខ្ញុំបានសហការជាមួយលោក Phuong ក្នុងគម្រោងមួយចំនួន។ លោកបានជួយខ្ញុំច្រើន។ នៅពេលដែលលោក Phuong ធ្វើឌីជីថលនូវឯកសារ លំនាំ និងក្បូរក្បាច់រចនាលើសំលៀកបំពាក់បុរាណ វាពិតជាចាំបាច់ណាស់។ ក្បូរក្បាច់រចនា ពណ៌ និងទំហំ នៅពេលស្ដារឡើងវិញគឺត្រឹមត្រូវណាស់។ ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះផលិតផលដែលផលិតដោយក្រុមហ៊ុនរបស់លោក Phuong ព្រោះវាមានតម្លៃក្នុងការអនុវត្ត”។
ដោយមានការរួមវិភាគទានក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌហាណូយ ស្ថាបត្យករ Dinh Viet Phuong មានកិត្តិយសដោយទទួលបានពានរង្វាន់ Bui Xuan Phai ដើម្បីសេចក្តីស្រឡាញ់ហាណូយនៅឆ្នាំ ២០១០។ លោកក៏ត្រូវបានលើកតម្កើងជាបញ្ញវន្តមួយក្នុងចំណោមបញ្ញាវន្តវ័យក្មេងគំរូចំនួន ១០០ នាក់ក្នុងឱកាសរំលឹកខួប ១០០០ ឆ្នាំនៃថាំងឡុង-ហាណូយ ឆ្នាំ២០១០
ផងដែរ។ គម្រោងនិងស្នាដៃដែលធ្វើឡើងដោយស្ថាបត្យករ Dinh Viet Phuong ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរធំៗជាច្រើននៅវៀតណាម៕