អ្នកគ្រូ Khuong Thi Bich Hang៖ ពិការភាពត្រឹមតែជាការរអាក់រអួល មិនមែនជាភាពអស់សង្ឃឹមទេ

(VOVWORLD) - កញ្ញា Khuong Thi Bich Hang កើតក្នុងឆ្នាំ ១៩៩៦ ជាស្ត្រីពិការភ្នែកម្នាក់ ដោយមានកម្លាំងចិត្តដ៏ខ្លាំងក្លា បានជំនះពុះពារលើការលំបាកក្នុងជីវភាព ដើម្បីបំភ្លឺជីវិតរបស់ខ្លួន។ ដោយមានការជក់ចិត្តចំពោះភាសាអង់គ្លេស កញ្ញា Khuong Thi Bich Hang បានរីកសាយ
ភាយចំណេះដឹង ការបំផុសគំនិតក្នុងជីវិត និងស្មារតីសុទិដ្ឋិនិយមដល់កុមារពិការភ្នែក នៅពេលនាងក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងក្នុងនាមជាអ្នកសម្របសម្រួលរបស់អង្គការ One World Language ដែលជាគម្រោងបង្រៀនភាសាអង់គ្លេសដល់ជនពិការភ្នែកនៃអង្គការវៀតណាម និងមិត្តភក្តិ។

ជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃពុធ ប្អូន Le Minh Chau ជាសិស្សថ្នាក់ទី ៨ នៅសាលា Nguyen Dinh Chieu ទីក្រុងហាណូយ រួមជាមួយមិត្តភក្តិពិការភ្នែករបស់គាត់ តែងតែមករៀនថ្នាក់ភាសា
អង់គ្លេសរបស់អ្នកគ្រូ Khuong Bich Hang (អាយុ ២៨ ឆ្នាំ) នៅផ្លូវ Lac Trung ទីក្រុងហាណូយ។ អត់មានក្តារខៀន ដីសទេ ហើយគ្រូនិងសិស្សក៏មិនអាចឃើញគ្នាបានទេ ប៉ុន្តែថ្នាក់តូចរបស់អ្នកគ្រូ Bich Hang នៅតែសប្បាយអ៊ូអរជានិច្ច។ ប្អូន Minh Chau បានចែករំលែកថា៖

“ពេលមករៀនម្ដងៗ ខ្ញុំបានរៀនពាក្យថ្មី វេយ្យាករណ៍ របៀបអាន សរសេរ និងនិយាយ។ អ្នកគ្រូក៏ឱ្យខ្ញុំធ្វើមេរៀន និងសរសេរលេខទៀតផង”។

អ្នកគ្រូ Khuong Thi Bich Hang៖ ពិការភាពត្រឹមតែជាការរអាក់រអួល មិនមែនជាភាពអស់សង្ឃឹមទេ - ảnh 1អ្នកគ្រូ Khuong Thi My Hang នៅកូនសិស្សក្នុងថ្នាក់ភាសាអង់គ្លេស។ (រូបថត៖ VOV2)

ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់កុមារពិការភ្នែកគឺជាសុបិនរបស់កញ្ញា Khuong Thi Bich Hang តាំងពីកុមារភាព។ តាំងពីកើតមក Hang ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មិនមានសរសៃប្រសាទអុបទិកនោះទេ។ ពេលម្ដាយសម្រាលប្អូនប្រុស ក៏កើតជំងឺដូច Hang ដែរ។ ឪពុកម្តាយត្រូវព្យាបាលបងប្អូនស្រីទាំងពីរក្នុងពេលតែមួយ។ នៅពេលនោះ Hang បានយល់ឃើញថា នាងត្រូវតែផ្លាស់ប្តូរ ត្រូវតែឯករាជ្យ។ Bich Hang តែងតែគិតថា “ពិការភាពត្រឹមតែជាការរអាក់រអួល មិនមែនជាអការស់សង្ឃឹមនោះទេ” ដូច្នេះហើយ ស្ត្រីវ័យក្មេងរូបនេះ ជានិច្ចកាលខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជម្នះពុះពារលើការលំបាក។

“ពេលខ្លះការលំបាកអាចជាឧបសគ្គ ប៉ុន្តែប្រហែលដោយសារឧបសគ្គនោះ ខ្ញុំមានកម្លាំងចលករដើម្បីជំនះ។ ខ្ញុំចាត់ទុកឧបសគ្គទាំងនោះជាបញ្ហាប្រឈម។ អ្វីដែលសំខាន់នោះគឺយើងចេះជំនះពុះពារយ៉ាងដូចម្ដ៉េច”។

Khuong Thi Bich Hang បានចូលរួមក្នុងថ្នាក់ភាសាអង់គ្លេសរបស់អង្គការវៀតណាមនិងមិត្តភក្តិ (VAF - អង្គការមិនមែនរដ្ឋាភិបាលដែលមានសកម្មភាពអមដំណើរជាមួយជនពិការភ្នែកនៅវៀតណាម) កាលពី ១១ ឆ្នាំមុន។ នៅទីនេះ Hang ត្រូវបានបំផុសគំនិត និងស្រឡាញ់ភាសាអង់គ្លេស។ ចូលរៀនសាកលវិទ្យាល័យ Hang បានជ្រើសរើសរៀនជំនាញគរុកោសល្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យជាតិហាណូយ)។ អាស្រ័យដោយមានការជួយគាំទ្ររបស់លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ Bich Hang បានបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំជាមួយនឹងសញ្ញាប័ត្រនិទេសល្អ។ Khuong Thi Bich Hang បានចែករំលែកថា៖

“កាលពីមុន វាពិបាកជាងច្រើនណាស់ ព្រោះថ្ងៃនោះគ្មានកម្មវិធីសិក្សាអក្សរស្ទាបទាល់តែសោះ។ ខ្ញុំរៀនទាំងស្រុងតាមរយៈការកត់ចំណាំ។ ជាឧទាហរណ៍ នៅពេលគ្រូបង្រៀននិងបងៗ បង្រៀនពាក្យថ្មី ខ្ញុំប្រើក្តារខៀន និងប៊ិចអក្សរស្ទាបដើម្បីសរសេរពាក្យទាំងនោះនៅក្នុងសៀវភៅកត់ត្រាហើយចងចាំវា។ ឥឡូវនេះ សិស្សពិការភ្នែកមានឱកាសជាច្រើន ពួកគេអាចចូលប្រើកុំព្យូទ័រ និងស្មាតហ្វូនបានទាន់ពេល ក៏ដូចជាមានកម្មវិធីសិក្សាអក្សរស្ទាបផងដែរ ដូច្នេះការរៀនភាសាអង់គ្លេសរបស់ពួកគេពិតជាមានភាពងាយស្រួល”។

ដោយធ្លាប់ឆ្លងកាត់រយៈពេលលំបាកពេលចូលរៀនភាសាអង់គ្លេស អ្នកគ្រូ Bich Hang មិនចង់ឲ្យរឿងនោះកើតឡើងម្ដងទៀតចំពោះកុមារពិការភ្នែកឡើយ។ ដូច្នេះហើយ Hang តែងតតែខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកឯកសារ រៀបចំមេរៀនឲ្យសមស្របនឹងអក្សរស្ទាប ដើម្បីបញ្ជូនចំណេះដឹងល្អបំផុតដល់សិស្ស។

“បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំមានបំណងចង់រួមចំណែកដល់សហគមន៍ជនពិការភ្នែក និងជួយសិស្សពិការភ្នែក។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងសុភមង្គលចំពោះការងារដែលខ្ញុំកំពុងធ្វើ ព្រោះខ្ញុំនិងមិត្តភក្តិពិការភ្នែក មានស្ថានភាពដូចគ្នា ដូច្នេះយើងខ្ញុំមានការយោគយល់គ្នាទៅវិញទៅមក។ ប្រការសំខាន់គឺខ្ញុំចង់ផ្តល់កម្លាំងចិត្តក្នុងការសិក្សាដល់ពួកគេ។ ខ្ញុំក៏សង្ឃឹមដែរថា នៅពេលអនាគត ពួកគេនឹងមានការងារធ្វើ ឬអាចសម្របខ្លួនក្នុងសហគមន៍ប្រកបដោយទំនុកចិត្ត”។

មិនត្រឹមតែបញ្ជូនការស្រឡាញ់ភាសាអង់គ្លេសដល់កុមារពិការភ្នែកប៉ុណ្ណោះទេ លើសពីនេះ អ្នកគ្រូ Bich Hang ក៏នាំមកនូវមេរៀនដ៏ទាក់ទាញ និងពោរពេញដោយភាពរីករាយដល់សិស្សានុសិស្សទៀតផង។

“នៅក្នុងថ្នាក់របស់អ្នកគ្រូ Hang ពេលខ្លះពួកយើងត្រូវបាននាំទៅកំសាន្តក្រៅកម្មវិធីសិក្សាដើម្បីប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិនៅសាលាអន្តរជាតិ។ អ្នកគ្រូពន្យល់មេរៀនងាយយល់ណាស់ ហើយផ្តល់លំហាត់ដើម្បីជួយពួកយើងចងចាំបានងាយស្រួលជាង”។

“ខ្ញុំចូលចិត្តរៀននៅទីនេះ ព្រោះមានសកម្មភាពក្រៅម៉ោងសិក្សា និងការងារជាក្រុមជាមួយមិត្តភក្តិ។ អ្នកគ្រូក៏ឱ្យថ្នាក់រៀនលេងល្បែងកំសាន្តទៀតផង”។

ពីក្មេងស្រីពិការភ្នែកដ៏ខ្មាស់អៀនម្នាក់ Khuong Thi Bich Hang បានក្លាយជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសដ៏ពោរពេញទៅដោយភាពខ្លៀវក្លា និងទំនុកចិត្តលើខ្លួនឯង។ អ្នកគ្រូ Hang មិនត្រឹមតែបំពេញក្តីសុបិនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ចំណេះដឹង ជំនឿជាក់ និងក្តីសង្ឃឹមដល់មនុស្សជាច្រើនក្នុងស្ថានភាពដូចនាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ