អ្នកបង្រៀនវិជ្ជាជីវៈប៉ាក់ចរបាប់របស់ជនជាតិ Dao

(VOVWORLD) - ក្នុងរយៈពេល ២ ខែកន្លងមក ជារៀងរាល់ ៤ ដងក្នុងមួយសប្តាហ៍ បងប្អូនស្ត្រីជនជាតិ Dao ប្រហែល ២០ នាក់នៅឃុំ Son Duong ទីក្រុង Ha Long ខេត្ត Quang Ninh តែងតែមានវត្តមាននៅឯផ្ទះវប្បធម៌ភូមិ Dong Be ដើម្បីចូលរួមថ្នាក់រៀនប៉ាក់ចរបាប់លើសំលៀកបំពាក់របស់ជនជាតិ Dao។ អ្នកគ្រូនៃថ្នាក់រៀននេះ គឺលោកស្រី Truong Thi Dong ជនជាតិ Dao Thanh Y ជាអ្នកដែលមានបទពិសោធន៍និងការជក់ចិត្តជាច្រើនចំពោះរបរសិប្បកម្មប៉ាក់ប្រពៃណីរបស់ជនជាតិ Dao។ ដោយស្រឡាញ់វប្បធម៌ជនជាតិ លោកស្រី Truong Thi Dong បានលះបង់អស់ពីចិត្តដើម្បីថែរក្សានិងបង្រៀនវិជ្ជាជីវៈជូនជំនាន់វ័យក្មេង។

អ្នកបង្រៀនវិជ្ជាជីវៈប៉ាក់ចរបាប់របស់ជនជាតិ Dao - ảnh 1លោកស្រី Truong Thi Dong ជនជាតិ Dao Thanh Y ជាអ្នកដែលមានបទពិសោធន៍និងការជក់ចិត្តជាច្រើនចំពោះរបរសិប្បកម្មប៉ាក់ប្រពៃណីរបស់ជនជាតិ Dao។ 

នារាល់ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និងពេញថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ បងប្អូនមាមីងជនជាតិ Dao នៅឃុំ Son Duong ទីក្រុង Ha Long ខេត្ត Quang Ninh តែងតែរីករាយបបួលគ្នាទៅថ្នាក់រៀនពិសេសនៅឯផ្ទះវប្បធម៌ភូមិ Dong Be។ គ្រូបង្រៀនគឺលោកស្រី Truong Thi Dong (អាយុ ៦១ ឆ្នាំ) ដែលត្រូវឆ្លងកាត់កំណាត់ផ្លូវដ៏ចោត ក្រវិចក្រវៀនជាង ២០ គីឡូម៉ែត្រដើម្បីទៅដល់ថ្នាក់រៀន។

មកដល់ថ្នាក់រៀននេះ សិស្សភាគច្រើនមិនសូវដឹងពីរបរប៉ាក់ចរបាប់នោះទេ។ ដោយហេតុនោះ សិស្សត្រូវបានបង្រៀនពីអ្វីដែលជាមូលដ្ឋានបំផុតដើម្បីអាចយល់ថា តើអ្វីជាថ្នេរវែង ថ្នេរខ្លី របៀបរាប់ចំនួនថ្នេរ រាប់អំបោះ... ហើយបន្តិចម្ដងៗ ចេះប៉ាក់ក្បូរក្បាច់រចនាសាមញ្ញ។ សិស្ស Trieu Thi Thuy អាយុ ១៨ ឆ្នាំបានឲ្យដឹងថា៖

“ខ្ញុំបានចូលរៀនថ្នាក់របស់អ្នកគ្រូ Dong តាំងពីខែតុលាមកម្ល៉េះ។ ដំបូងឡើយវាពិបាកបន្តិច ប៉ុន្តែបន្ទាប់ពី ១ ដល់ ២ សប្តាហ៍ ខ្ញុំបានចេះរបៀបប៉ាក់ហើយ។ ខ្ញុំរៀនទ្រឹស្តីបណ្ដើរ អនុវត្តន៍បណ្ដើរ។ ដំបូងឡើយ ខ្ញុំរៀនរបៀបប៉ាក់សញ្ញា X បន្ទាប់នោះប៉ាក់រូបសត្វស្លាបនិងស្លឹកឈើ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរៀនថ្នាក់ប៉ាក់នេះ ហើយមានបំណងចង់ប៉ាក់អាវប្រពៃណីរបស់ជនជាតិ Dao Thanh Phan ធ្វើជាអំណោយជូនម្តាយ ឬសាច់ញាតិរបស់ខ្ញុំ។ ប្រការនេះមិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជូនបន្តដល់កូនចៅ និងបងប្អូននាពេលអនាគតទៀតផង”។

អ្នកបង្រៀនវិជ្ជាជីវៈប៉ាក់ចរបាប់របស់ជនជាតិ Dao - ảnh 2ថ្នាក់រៀនប៉ាក់ចរបាប់របស់លោកស្រី Truong Thi Dong។

លោកស្រី Truong Thi Dong មានជីដូននិងម្ដាយបង្កើតដែលសុទ្ធតែយល់ដឹងយ៉ាងជ្រៅជ្រះអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ជនជាតិ Dao។ បងស្រីរបស់លោកស្រីគឺជាសិប្បការិនីប្រជាប្រិយ Truong Thi Quy ដែលមានភាពល្បីល្បាញនៅមូលដ្ឋានដោយការច្រៀងពិរោះ និងប៉ាក់ពូកែ។ ដោយរៀនពីបងស្រី លោកស្រី Dong បានស្ទាត់ជំនាញលើបច្ចេកទេសប៉ាក់ដ៏ស្រស់ស្អាត និងប្រណិតបំផុតនៅលើសំលៀកបំពាក់របស់ជនជាតិ Dao។ ការប៉ាក់ទាមទារឱ្យមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងម៉ត់ចត់។ សម្រាប់ស្ត្រីជនជាតិ Dao សំលៀកបំពាក់ត្រូវតែបង្ហាញពីសមត្ថភាពសោភ័ណភាព ភាពច្នៃប្រឌិត និងភាពប្រណិតនៅលើថ្នេរប៉ាក់នីមួយៗ។ តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់លោកស្រី Dong ខ្សែអំបោះចម្រុះពណ៌ហាក់ដូចជា “គូរ” ជារឿងរ៉ាវនិងផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីធម្មជាតិ និងសហគមន៍ជនជាតិ Dao នៅទីនេះ។

ដោយមានការស្រឡាញ់និងលះបង់អស់ពីចិត្តចំពោះវិជ្ជាជីវៈប៉ាក់ប្រពៃណីរបស់ជនជាតិនោះ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក លោកស្រី Truong Thi Dong បានព្យាយាមទៅកាន់ភូមិនានាដើម្បីបង្រៀនប៉ាក់។ សិស្សជាច្រើនរបស់លោកស្រីឥឡូវនេះ ក៏បានក្លាយជាជំនួយការបង្រៀន ដើម្បីបញ្ជូនចំណង់ចំណូលចិត្តរបស់ពួកគេដល់អ្នកដទៃ។ លោកស្រី Truong Thi Dong បានចែករំលែកថា៖

“ចាប់តាំងពីឆ្នាំ ២០១៣ មក ខ្ញុំបានបង្រៀននៅផ្ទះសម្រាប់ប្រជាជននៅជិតខាង។ នៅពេលដែលមន្ទីរវប្បធម៌មកបំផុសអត្តសញ្ញាណជនជាតិ Dao បើកថ្នាក់បង្រៀនវិជ្ជាជីវៈ ហើយអញ្ជើញខ្ញុំមកបង្រៀន ខ្ញុំបានត្រៀមខ្លួនភ្លាមៗ។ តាមរយៈថ្នាក់ប៉ាក់នេះ ខ្ញុំឃើញថាអត្តសញ្ញាណរបស់ជនជាតិខ្លួន ត្រូវបានលើកកំពស់ អ្នកណាក៏ចេះប៉ាក់ គ្រួសារណាក៏មានសំលៀកបំពាក់មួយឈុតដែរ ពិតជាសប្បាយរីករាយណាស់”។

ថ្នាក់រៀនរបស់លោកស្រី Truong Thi Dong មិនត្រឹមតែបង្រៀនវិជ្ជាជីវៈប្រពៃណីដល់ស្ត្រីជនជាតិ Dao ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងចែករំលែក ជួយមនុស្សគ្រប់គ្នាកាន់តែស្និទ្ធស្នាលជាងមុនតាមរយៈការសិក្សាទៀតផង។ លោកស្រី Trieu Thi Thu អាយុ ៤៦ ឆ្នាំ បានចែករំលែកថា៖

“ពេលបញ្ចប់ការងារស្រែចម្ការវិលត្រឡប់មកផ្ទះវិញ ខ្ញុំឆ្លៀតពេលហូបបាយរួចចូលថ្នាក់រៀន។ យើងខ្ញុំត្រូវបានអ្នកគ្រូណែនាំយ៉ាងល្អិតល្អន់ណាស់។ បងប្អូនស្ត្រីក៏បានប្រាប់គ្នាទៅវិញទៅមកអំពីការងារធ្វើស្រែចម្ការ ប្រាស្រ័យទាក់ទងគ្នា ហើយក្រៅពីការដេរប៉ាក់ ក៏រៀនពីគ្នាទៅវិញទៅមកអំពីរបៀបធ្វើអាជីវកម្ម និងរបៀបរស់នៅដោយស្មើភាពគ្នាក្នុងគ្រួសារផងដែរ។ ខ្ញុំក៏មានបំណងថា ពេលដែលភ្ញៀវទេសចរមកទីនេះ នឹងយកចិត្តទុកដាក់និងគាំទ្រផលិតផលចរបាប់របស់បងប្អូនជនជាតិ Dao របស់យើងខ្ញុំ”។

លោកស្រី Truong Thi Dong ចាត់ទុកថា នៅពេលដែលបងប្អូនស្ត្រីកាន់តែច្រើនចេះធ្វើសំលៀកបំពាក់ប្រពៃណី គឺចាំបាច់ត្រូវបង្រៀនឲ្យកាន់តែទូលំទូលាយដើម្បីកុំឱ្យបច្ចេកទេសប្រពៃណីរបស់ជនជាតិ Dao បាត់បង់ទៅ។ អាស្រ័យហេតុនេះ លោកស្រីចងចាំជានិច្ចថា ត្រូវតែបន្តបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីថែរក្សា និងពង្រីកវប្បធម៌ជនជាតិ ទន្ទឹមនឹងនោះក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពីសិប្បកម្មប៉ាក់ប្រពៃណី បង្កើតការងារ និងប្រាក់ចំណូលជូនបងប្អូនស្ត្រីជនជាតិ Dao នៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ