ភូមិសូត្រ Tan Chau - មុខរបរបុរមបុរាណនៅតែបានរក្សាជារៀងរហូត

(VOVWORLD) - ទីរួមខេត្ត Tan Chau ខេត្ត អានយ៉ាង តាំងពីយូរលង់ណាស់មកហើយ ត្រូវបានមនុស្សជាច្រើនហៅដោយឈ្មោះដ៏ស្រស់ស្អាតថា "ទឹកដីសូត្រ" ព្រោះកន្លែងនេះជាស្រុកកំណើតនៃប្រភេទសូត្រដែលមានគុណភាពខ្ពស់ជាងគេនោះ គឺសូត្រ Lanh My A។ ភូមិ ប្រកបរបរចិញ្ចឹមដង្កូវនាង និងតម្បាញសូត្រ បង្កើតឡើងកេរ្តិ៍ឈ្មោះដ៏ល្បីៗជាមួយនឹងផលិតផលសូត្រ Tan Chau។

ភូមិសូត្រ Tan Chau - មុខរបរបុរមបុរាណនៅតែបានរក្សាជារៀងរហូត - ảnh 1ផលិតផលសូត្រ Tan Chau។ (រូបថត៖ baoangiang.com.vn)

យោងតាមឯកសារបុរាណ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩២០ មាមីងនៅភូមិ Long Hung ដែលសព្វថ្ងៃជាសង្កាត់ Long Chau ទីរួមខេត្ត Tan Chau ភាគច្រើនប្រកបរបរដាំមន ចិញ្ចឹមដង្កូវនាង និងត្បាញសូត្រដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ ១៩៤០ Tan Chau បានក្លាយទៅជាមជ្ឈមណ្ឌលសូត្រដ៏ធំបំផុតនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ នៅពេលនោះ ពេលមកដល់ទឹកដីសូត្រ Tan Chau ម្ដងៗ តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ ពេលណាក៏ឮសំឡេងនៃកីតម្បាញក្រណាត់ ហើយផ្ទាំងក្រណាត់សូត្រ Lanh My A ត្រូវបានហាលស្ងួតគ្រប់ទីកន្លែង។ នៅទស្សវត្សរ៍ឆ្នាំ ១៩៦០ ផលិតផលសូត្ររបស់ Tan Chau មិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ថៃ ឡាវ កម្ពុជា ទៀតផង។ ក្នុងអំឡុងពេលដ៏រុងរឿងបំផុត Tan Chau មានរោងតម្បាញប្រហែល ៦០ កន្លែង និងឡស្ងោរសំបុកដង្កូវនាងចំនួន ១២០ ឡ។ ក្នុងមួយឆ្នាំៗ Tan Chau លក់សរសៃសូត្រចន្លោះពី ៤,០០០-៦,០០០តោន។

មានចំណុចចំនួន ៣ ដែលបានបង្កើតឡើងកេរ្តិ៍ឈ្មោះសូត្រ Lanh My A ប្រពៃណី នោះគឺត្រូវផលិតចេញពីសំបុកដង្កូវនាងទាំងស្រុង ត្បាញដោយប្រើវិធីត្បាញ satin ៨ (វិធីសាស្ត្រត្បាញពិបាកបំផុតក្នុងការត្បាញសូត្រ) ហើយត្រូវបានជ្រលក់ពណ៌ដោយផ្លែ មក្លឿ។ ប្រជាពលរដ្ឋក្នុងភូមិរបរបាននិយាយថា មក្លឿជាដើមឈើពណ៌ខ្មៅ មានស្លឹកស្តើង និងផ្លែស្រដៀងនឹងផ្លែមៀន។ ដើមនេះត្រូវដាំរយៈពេល៥ឆ្នាំ ទើបអាចប្រមូលផលបានលើកដំបូង។ លោកស្រី Le Thi Kieu Hanh នៅគ្រឹះស្ថានត្បាញជ្រលក់ក្រណាត់ Lanh My A Hong Ngoc សង្កាត់ Long Chau ទីរួមខេត្ត Tan Chau បានចែករំលែកថា៖

“ផ្លែ មក្លឿនេះត្រូវកិនរហូតដល់មានជ័រ យកជ័រនោះទៅជ្រលក់ពណ៌ រួចទើបអាចផលិតចេញ
សូត្រ Lanh My A បាន។ ផ្លែមក្លឿនេះ ឥឡូវកម្រណាស់ សល់តិចតួច មិនគ្រប់គ្រាន់សម្រាប់ជ្រលក់ពណ៌ Lanh My A បានឡើយ”។

ភូមិសូត្រ Tan Chau - មុខរបរបុរមបុរាណនៅតែបានរក្សាជារៀងរហូត - ảnh 2ប្រជាជនប្រើប្រាស់ផ្លែ មក្លឿ ដើម្បីជ្រលក់ពណ៌សូត្រ Lanh My A។ (រូបថត៖ baoangiang.com.vn)

ដើមសូត្រប្រវែង ២១ ម៉ែត្រ ត្រូវការផ្លែមក្លឿ ៩០ គីឡូក្រាម។ ដំណាក់កាលជ្រលក់សូត្រត្រូវបានចាត់ទុកថាមានសារៈសំខាន់ និងល្អិតល្អន់ណាស់ ពីព្រោះសូត្រមិនត្រឹមតែត្រូវបានជ្រលក់ទឹកថ្នាំពណ៌ម្តងទេ ថែមទាំងត្រូវជ្រលក់រាប់រយដង ដើម្បីអោយសរសៃសូត្រនីមួយៗជ្រាបពណ៌បានជ្រៅ និងស្មើៗគ្នា បន្ទាប់មកត្រូវយកទៅហាលថ្ងៃឲ្យស្ងួត។ ដំណើរការទាំងការជ្រលក់ទឹកថ្នាំ ពណ៌និងការហាលស្ងួត ត្រូវចំណាយពេលប្រហែល ៤០ ទៅ ៤៥ ថ្ងៃ។ ក្នុងពេលជាមួយគ្នានោះ ជារៀងរាល់ ៥ ដល់ ៧ ថ្ងៃម្ដង អ្នកជ្រលក់ត្រូវយកសូត្រទៅបុក។ កាលពីមុន គេប្រើញញួរឈើ ប៉ុន្តែក្រោយមកគេប្រើម៉ាស៊ីនបុក។ លោក Nguyen Huu Tri សិប្បករនៃសិប្បកម្មផលិតសូត្រ Lanh My A នៅទីរួមខេត្ត Tan Chau បានចែករំលែកថា៖

“ជ្រលក់រយៈពេល១០-១២ថ្ងៃទើបលាងសម្អាតដើម្បីយកទៅបុក។ ហើយបន្តជ្រលក់ពណ៌ច្រើនដងទៀត ប៉ុន្តែរយៈពេលចន្លោះពីការជ្រលក់ពណ៌ម្ដងៗ ត្រូវបានកាត់បន្ថយបណ្ដើរៗ”។

លក្ខណៈល្បីល្បាញនិងពិសេសដោយឡែករបស់សូត្រ Lanh My A គឺភាពទន់ល្បឿយ ភាពស្វិត ជាប់យូរ និងការស្រូបសំណើមខ្ពស់។ សំលៀកបំពាក់ដែលដេរពីប្រភេទសូត្រនេះ ជួយអ្នកពាក់មានអារម្មណ៍ផាសុកភាព ត្រជាក់ស្រួលក្នុងរដូវក្តៅ និងកក់ក្តៅក្នុងរដូវរងារវិញ។ លោក Nguyen Van Long ទីរួមខេត្ត Tan Chau ខេត្ត An Giang បានឲ្យដឹងថា៖

“Lanh My A ជាប្រភេទសូត្រដែលសមស្របនឹងផ្លែ មក្លឿ។ បើអ្នកយកផ្លែមក្លឿនោះ ទៅជ្រលក់ពណ៌ក្រណាត់ផ្សេងក្រៅពីសូត្រ វានឹងមិនស្អាតទេ”។

ដោយសារតែត្រូវការពេលវេលា និងកម្លាំងច្រើនសម្រាប់ការផលិត ហើយតម្លៃក៏ខ្ពស់ផងដែរ ដូច្នេះបានជាក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០ មុខរបរធ្វើសូត្រប្រពៃណី ត្រូវសាបសូន្យទៅបន្តិចម្តងៗ។ ចម្ការ មក្លឿ ត្រូវបាត់ចោលជាបណ្តើរៗ ហើយផ្ទៃដីដាំមន ក៏ត្រូវបង្រួញផងដែរ។ ដើម្បីអភិរក្ស និងពង្រីករបរត្បាញសូត្រប្រពៃណីនៅទីរួមខេត្ត Tan Chau ក្នុងឆ្នាំ ២០០៦ គណៈកម្មាធិការប្រជាជនខេត្ត An Giang បានទទួលស្គាល់ភូមិត្បាញសូត្រ Tan Chau ជាភូមិសិប្បកម្មប្រពៃណី។ សព្វថ្ងៃនេះ របរត្បាញសូត្រមានការលំបាកតិចជាងពេលមុនច្រើនហើយ ព្រោះមានម៉ាស៊ីនជួយក្នុងដំណាក់កាលខ្លះ។

ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ ប្រជាជននៅតាមតំបន់ទន្លេ Tien ខាងលើ នៅតែបន្ត "ចិញ្ចឹម" របរសិប្បកម្មប្រពៃណី បង្កើតឡើងកេរ្តិ៍ឈ្មោះភូមិ និងផលិតផលសូត្រ Lanh My A ដ៏ល្បីល្បាញ ក៏ដូចជាធ្វើស្អាតបន្ថែមនូវលក្ខណៈពិសេសដោយឡែកនៃតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ