(VOVWORLD) - Hung Yen មានភូមិប្រកបរបរសិប្បកម្មល្បីឈ្មោះជាច្រើនជាមួយនឹងផលិតផលប្រពៃណីដែលបង្កប់នូវភាពស្រស់ស្អាតនៃទឹកដីជនបទនេះ។ ភូមិរបរសិប្បកម្មប្រពៃណីជាច្រើនត្រូវបានអភិរក្ស ទទួលមរតក និងអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។
នៅភូមិ Thu Sy មនុស្សគ្រប់គ្នាចាប់ពីមនុស្សចាស់ដល់កុមារអាយុពី៥-៦ឆ្នាំ ក៏អាចត្បាញទ្រូបាន។ (រូបថត៖ Doan Thi Trung/VOV) |
មានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ភូមិប្រកបរបរតម្បាញទ្រូប្រពៃណី Thu Sy ស្រុក Tien Lu ខេត្ត Hung Yen មានប្រវត្តិរបរជាង ២០០ ឆ្នាំមកហើយ។ នោះគឺជាឧបករណ៍សម្រាប់ចាប់បង្គា និងត្រី ដែលផ្សារភ្ជាប់នឹងជីវភាពរបស់ប្រជាកសិករនៅតំបន់ជនបទភាគខាងជើងវៀតណាមក្នុងអតីតកាល។
ព្រឹទ្ធាចារ្យភូមិបានឲ្យដឹងថា របរតម្បាញទ្រូទាមទារឲ្យមានភាពល្អិតល្អន់ និងភាពប៉ុនប្រសប់។ ដើម្បីធ្វើឱ្យផលិតផលមានភាពស្រស់ស្អាត និងប្រើប្រាស់បានយូរ ក្រៅពីការត្បាញ អាថ៌កំបាំងគឺត្រូវព្យួរផលិតផលតម្បាញនៅក្នុងផ្ទះបាយ ដើម្បីជៀសវាងសត្វល្អិត ហើយឆ្អើរលើផ្សែងដើម្បីធ្វើឱ្យពណ៌កាន់តែងងឺតនិងស្រស់ស្អាត។ សិប្បករ Luong Son Bac នៅភូមិ Thu Sy ដែលបានចំណាយពេលពេញមួយជីវិតរបស់ខ្លួនប្រកបរបរតម្បាញទ្រូ បានចែករំលែកថា៖
“ពេលឆ្អើរភ្លើង ទាមទារឲ្យអណ្ដាតភ្លើងមិនអាចខ្ពស់ពេកទេ ផ្សែងហុយចេញត្រូវតែក្រាស់ ហើយយើងត្រូវរោលភ្លើងឲ្យស្មើដៃ។ មានតែពេលនោះទេ ទើបដុំជម្រៀកនោះបំពេញតាមតម្រូវការ ហើយមានពណ៌ស្រស់ស្អាត”។
សព្វថ្ងៃនេះ ទោះបីជាកសិករលែងប្រើទ្រូដើម្បីចាប់បង្គា និងត្រីច្រើនទៀតក៏ដោយ ប៉ុន្តែចំនួននៃការបញ្ជាទិញនៅតែមានការកើនឡើង ដោយសារតែទ្រូរបស់ភូមិត្រូវបានគេប្រើសម្រាប់តុបតែងលម្អនៅក្នុងភោជនីយដ្ឋាន និងហាងនានា ឬប្រើជាឧបករណ៍ថតភាពយន្ត។ ផលិតផលរបស់ភូមិ Thu Sy មិនត្រឹមតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជា អាមេរិក ជប៉ុន សិង្ហបុរី ឥណ្ឌា ចិន... ទោះបីវាលែងជាប្រភពចំណូលស្នូលក៏ដោយ ប៉ុន្តែប្រជាជនក្នុងភូមិនៅតែត្បាញទ្រូជាប្រចាំក្នុងពេលទំនេរ។ ជំនាន់យុវជននៅតែរៀននិងហាត់ត្បាញ ដើម្បីថែរក្សារបរប្រពៃណីរបស់ភូមិ។ សិប្បករ Luong Son Bac បានបញ្ជាក់ថា៖
“ខ្ញុំខិតខំរក្សាមុខរបរនេះរហូតដល់ពេលខ្ញុំមានអាយុមួយរយឆ្នាំ ព្រោះខ្ញុំស្រឡាញ់របរនេះណាស់ ដែលជារបរប្រពៃណីបន្សល់ទុកពីជីដូនជីតាមក។ ដូច្នេះហើយខ្ញុំត្រូវខំប្រឹងប្រែងបង្រៀនរបរនេះទៅឲ្យជំនាន់ក្រោយ មិនអាចទុកឲ្យរបនេះសានសូន្យឡើយ”។
ផលិតផលធូបដ៏សម្បូរបែបរបស់ភូមិ Thon Cao។ (រូបថត៖ VTCNews) |
មិនឆ្ងាយប៉ុន្មានពីនោះទេ ដែលមានទីតាំងនៅជាប់នឹងទំនប់ទប់ទឹកនៅច្រាំងខាងឆ្វេងនៃទន្លេក្រហម ភូមិធូប Thon Cao គឺជាភូមិប្រកបរបរធ្វើធូប ដ៏ធំបំផុតលើទូទាំងប្រទេស។ បច្ចុប្បន្ន ភូមិ Thon Cao មានប្រជាជនជិត ២០០ គ្រួសារដែលនៅតែប្រកបរបរធ្វើធូបជាប្រពៃណី។ អ្នកធ្វើធូបនៅ Thon Cao អាចធ្វើធូបជាច្រើនប្រភេទដូចជា៖ ធូបរង្វង់ដែលមានអង្កត់ផ្ចិតរហូតដល់ ៥០ សាំងទីម៉ែត្រ ដែលអាចដុតបាន ២៤ ម៉ោង ធូបឆេះលឿន ធូបឆេះយឺត ជាដើម។ ទាំងអស់គឺអាស្រ័យលើបច្ចេកទេសលាយវត្ថុធាតុដើម និងគ្រួសារនីមួយៗ។ អ្នកស្រី Tran Minh Thao ជាអ្នកធ្វើធូបនៅភូមិ Thon Cao បានចែករំលែកថា៖
“វត្ថុធាតុដើមសម្រាប់ធ្វើធូបគឺជារុក្ខជាតិឱសថដូចជា ខ្លឹមចន្ទន៍គ្រីស្នា ប៉ូចកាក់ ទេព្វិរូ ប៉ុន្តែគ្រឹះស្ថាននីមួយៗមានវិធីច្នៃប្រឌិតរៀងៗខ្លួន ដើម្បីបង្កើតក្លិនក្រអូបដោយឡែកសម្រាប់ផលិតផលរបស់ខ្លួន។ យើងខ្ញុំផលិតដោយឱសថធម្មជាតិ ១០០% ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពឡើយ តែវត្ថុធាតុដើមធម្មជាតិនោះមានសុវត្ថិភាពសម្រាប់អ្នកផលិត និងអ្នកប្រើប្រាស់”។
បច្ចុប្បន្ននេះ ធូបនៅ Thon Cao ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ហើយត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន ដោយត្រូវបានគេវាយតម្លៃថាជាផលិតផលខាងវិញ្ញាណដ៏មានតម្លៃ។
បាតដៃប៉ិនប្រសប់របស់ជាងឈើភូមិ Hoa Phong។ (រូបថត៖ VOVTV) |
នៅខេត្ត Hung Yen ភូមិជាងឈើ Hoa Phong នៅទីរួមខេត្ត My Hao ក៏ជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយនៅតំបន់ដីសណ្តភាគខាងជើងផងដែរ។ ពីដើមឈើដែលមានរាងធំ និងរឹងមាំ ក្រោមបាតដៃដ៏ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់ខ្លួន ជាងឈើនៅភូមិ Hoa Phong បានបង្កើតផលិតផលឈើវិចិត្រសិល្បៈដ៏ល្អប្រណិតនិងទាក់ទាញ។ ដំណើរការផលិតត្រូវបានបែងចែកទៅជាដំណាក់កាលជាច្រើន ហើយដំណាក់កាលនីមួយៗមានតួនាទីរៀងៗខ្លួន ដែលក្នុងនោះការបង្កើតរូបរាងត្រូវបានចាត់ទុកថាជាដំណាក់កាលដ៏លំបាកបំផុត ដែលទាមទារសមត្ថភាពស្រមើស្រមៃ និងការច្នៃប្រឌិតដ៏សម្បូរបែបរបស់ជាងឈើ។ លោក Nguyen Van Manh ជាងឈើនៅភូមិ Hoa Phong បានចាត់ទុកថា៖
“កត្តាមូលដ្ឋានបំផុតគឺត្រូវមានសមត្ថភាពសាភ័ណភ្ពដ៏ល្អដើម្បីស្រមើស្រមៃឧទាហរណ៍ ដុំឈើមួយនេះគឺធម្មតាដូចនឹងដុំឈើផ្សេងទៀត។ ប៉ុន្តែប្រសិនបើអ្នកស្រមើស្រមៃមិនឃើញទេ ពិបាកបង្កើតផលិតផលស្អាតណាស់។ ពេលផលិតចេញផលិតផលមួយ យើងត្រូវធ្វើយ៉ាងណាឱ្យអតិថិជន និងអ្នកប្រើប្រាស់ក៏អាចមើលឃើញភាពស្រស់ស្អាតរបស់វា”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលឈើរបស់ឃុំ Hoa Phong ត្រូវបានកែលម្អ និងមានកិត្យានុភាពនៅលើទីផ្សារ ដូច្នេះហើយមានអតិថិជនកាន់តែច្រើន មកពីក្រៅខេត្ត និងក្រៅប្រទេសមកកុម្ម៉ង់។ សិប្បករ Nguyen Van Du នៅភូមិជាងឈើ Hoa Phong បានឲ្យដឹងថា៖
“នៅពេលដែលខ្ញុំចំណាយកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីបង្កើតផលិតផលមួយ ហើយវាត្រូវបានទទួលយកដោយអតិថិជន សូម្បីតែផ្ទេរទៅបរទេស ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ព្រោះថា ខ្ញុំបាននាំយកភាពប៉ិនប្រសប់ក្នុងផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាមនិយាយរួម និងផលិតផល Hoa Phong និយាយដោយឡែក ទៅកាន់អន្តរជាតិ ទៅកាន់អ្នកប្រើប្រាស់បរទេស ជួយឱ្យពួកគេយល់កាន់តែច្បាស់ពីស្រុកកំណើតរបស់ខ្ញុំ”។
ក្រៅពីនេះ នៅមានភូមិរបរសិប្បកម្មប្លែកៗជាច្រើនទៀតនៅខេត្ត Hung Yen ដូចជា៖ភូមិធ្វើទឹកស៊ីអ៊ីវនៅទីរួមខេត្ត My Hao ភូមិចាក់ពុម្ភសំរិទ្ធ Long Thuong ស្រុក Van Lam... ភូមិរបរសិប្បកម្មប្រពៃណីនីមួយៗនៅ Hung Yen គឺជាផ្ទាំងរូបភាពដ៏រស់រវើក ដែលបង្ហាញពីវប្បធម៌ដ៏វិសេសវិសាលនៃទឹកដីអរិយធម៌។ មិនត្រឹមតែជាកន្លែងច្នៃផលិតផលសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ភូមិសិប្បកម្មក៏ជាបរិយាកាសវប្បធម៌ដែលថែរក្សា និងផ្ទេរបញ្ជូនតម្លៃទាំងនេះតាមជំនាន់ជាច្រើនទៀតផង៕