របរត្បាញសំណាញ់ឫស្សីនៅខេត្ត Dong Thap

(VOVWORLD) - របរត្បាញសំណាញ់ឫស្សីជារបរប្រពៃណីដែលមានតាំងពីយូរលង់មក របស់ប្រជាជនឃុំ My Tra ទីក្រុង Cao Lanh ខេត្ត Dong Thap។ ឆ្លងកាត់ការឡើងចុះជាច្រើន មុខរបរនេះហាក់បីដូចជាហៀបនឹងសាបសូន្យបាត់បង់ទៅហើយ ប៉ុន្តែថ្មីៗនេះបានរីកចម្រើនឡើងវិញ ហើយអ្នកដែលនៅតែប្រកបមុខរបរនេះ សុទ្ធតែមានក្ដីសប្បាយរីករាយដោយសារតែជីវភាពរស់នៅមានស្ថេរភាព និងប្រសើរឡើង។

របរត្បាញសំណាញ់ឫស្សីនៅខេត្ត Dong Thap - ảnh 1ការត្បាញសំណាញ់ឫស្សី មិនសូវពិបាកទេ តែត្រូវការពេលវេលាច្រើន ព្រោះដំណើរការផលិតមានលក្ខណៈល្អិតល្អន់។ (រូបថត៖ VOV)

សំណាញ់ឫស្សី គឺជាឈ្មោះផលិតផលសិប្បកម្មធ្វើពីដើមឫស្សី ឬ ឫស្សីពក ដែលត្រូវបានជាងសិប្បកម្មច្រៀកទៅជាចម្រៀកវែងៗ ហើយត្បាញជាមួយគ្នាជាផ្ទាំងបន្ទះធំៗ ដែលមានទំហំកំណត់ទុកជាមុន។ សម្រាប់ប្រជាជននៅតំបន់ណាមបូ សំណាញ់ឫស្សី គឺជាផលិតផលដ៏ជិតស្និទ្ធ។ សំណាញ់ឫស្សីត្រូវបានគេប្រើប្រាស់ធ្វើដោកដាក់ស្រូវ ធ្វើជញ្ជាំងផ្ទះ ប្រើសម្រាប់ក្រាលកប៉ាល់ សាឡាង ឬលក់ទៅប្រទេសកម្ពុជាសម្រាប់ដោកទុកស្រូវ ឬសម្ងួតផ្លែមៀននិងគូលែន។

ភូមិតម្បាញសំណាញ់ឫស្សី My Tra ត្រូវបានបង្កើតឡើងកាលពីជាង១០០ឆ្នាំមុន។ មកដល់ឃុំ My Tra និងទីប្រជុំជន My Thuan សង្កាត់ My Phu បរិយាកាសផលិតកម្មរបស់ប្រជាជនមានភាពអ៊ូអរមមាញឹកយ៉ាងខ្លាំង។ ជាមធ្យមក្នុងមួយថ្ងៃមនុស្សម្នាក់អាចធ្វើសំណាញ់ឫស្សីទាំងធំនិងតូច បានពី ៨ ទៅ ១០ ផ្ទាំង ដោយមានតម្លៃបន្លោះពី ១០ ពាន់ដល់ ១៥ពាន់ដុង/បន្ទះ។ អាស្រ័យដោយមានការងារនេះ មនុស្សចាស់ជាច្រើនក៏មានប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិតផងដែរ៖

“ខ្ញុំចាស់ហើយ គ្មានអ្នកណាជួលខ្ញុំទេ ប៉ុន្តែរបរត្បាញសំណាញ់ឫស្សីនេះងាយធ្វើ។ ចំណែកខ្ញុំទៅធ្វើការធ្ងន់ៗ គឺមិនអាចធ្វើបានទេ”។

“ប្រសិនបើខ្ញុំទៅស៊ីឈ្នួលគេ គឺគ្មានអ្នកណាជួលទេ ហើយទៅធ្វើការនៅក្រុមហ៊ុន ក៏មិនអាចធ្វើបានដែរ។ ប៉ុន្តែឥឡូវនេះ ថ្ងៃណាដែលខ្ញុំមានសុខភាពល្អ និងពេលទំនេរ ខ្ញុំអាចធ្វើការងារនេះបាន”។

របរត្បាញសំណាញ់ឫស្សីនៅខេត្ត Dong Thap - ảnh 2ជាមធ្យម អ្នកត្បាញសំណាញ់ឫស្សីនាសព្វថ្ងៃ មានចំណូលពី ៨០ ទៅ ១៤០ ពាន់ដុងក្នុងមួយថ្ងៃ (ចន្លោះពី ៣,៥ ទៅ ៥ ដុល្លារ)។ (រូបថត៖ កាសែត Lao Dong)

លោក Nguyen Van Mo នៅឃុំ My Tra មានអាយុជិត ៨០ ឆ្នាំ ជាមួយនឹងបទពិសោធន៍ប្រកបរបរត្បាញសំណាញ់ឫស្សីជាង ៧០ ឆ្នាំ។ លោកមានកូន ៨ នាក់ ក្នុងនោះ កូន ៧ នាក់ ប្រកបរបរត្បាញសំណាញ់ឫស្សី។ ទោះបីជាឆ្លងកាត់ពេលវេលា មុខរបរនេះក៏រងការសាបសូន្យទៅហើយក្ដី ប៉ុន្តែគ្រួសាររបស់លោកនៅតែផ្សារភ្ជាប់នឹងមុខរបរនេះរហូតមកដល់សព្វថ្ងៃ។

“នៅទីនេះ ប្រជាជនធ្វើការងារត្បាញសំណាញ់ឫស្សីបន្ថែមទៀត។ បើធ្វើដោយដៃ មិនចំណេញច្រើនទេ ត្រឹមតែធ្វើដោយម៉ាស៊ីនទើបចំណេញ ឧទាហរណ៍ថា ខ្ញុំនិងប្រពន្ធ ជារៀងរាងរាល់ថ្ងៃ ដកការចំណាយ រកបាន ១០ ម៉ឺនដុងក្នុងមួយថ្ងៃ។ ធ្វើដោយម៉ាស៊ីន មិនចំណាយកម្លាំងច្រើនទេ”។

ការត្បាញសំណាញ់ឫស្សី មិនសូវពិបាកទេ តែត្រូវការពេលវេលាច្រើន ព្រោះដំណើរការផលិតមានលក្ខណៈល្អិតល្អន់។ បុរសដែលមានសុខភាពល្អ មានទំនួលខុសត្រូវពុះច្រៀកចម្រៀកឬស្សី ។ ស្ត្រីនឹងត្បាញដោយសារមានបាតដៃប៉ិនប្រសប់។ ឫស្សីពកដែលទិញមក ត្រូវត្រាំក្នុងទឹកប្រហែលកន្លះថ្ងៃ បន្ទាប់មកពុះច្រៀក ហើយហាលថ្ងៃប្រហែលមួយថ្ងៃទៀត ដើម្បីងាយស្រួលច្រៀកទៅជាចម្រៀកតូចជាង។ ជាមធ្យម អ្នកត្បាញសំណាញ់ឫស្សីនាសព្វថ្ងៃ មានចំណូលពី ៨០ ទៅ ១៤០ ពាន់ដុងក្នុងមួយថ្ងៃ (ចន្លោះពី ៣,៥ ទៅ ៥ ដុល្លារ)។ គ្រួសារលោកស្រី Le Thi Phien នៅឃុំ My Tra ពីមុនជាគ្រួសារក្រីក្ររបស់ឃុំ ប៉ុន្តែដោយសារឧស្សាហ៍ព្យាយាមប្រកបរបរច្រើន និងធ្វើការត្បាញសំណាញ់ឫស្សីបន្ថែម ដូច្នេះបានរួចផុតពីភាពក្រីក្រ។ លោកស្រី Le Thi Phien បានឲ្យដឹងថា៖

“តាំងពីឪពុកម្ដាយខ្ញុំ បានប្រកបរបរនេះដើម្បីចិញ្ចឹមជីវិតហើយ។ ខ្ញុំទទួលមរតកនិងធ្វើវាជារៀងរាល់ថ្ងៃដូចចំណង់ចំណូលចិត្តមួយអញ្ចឹង។ ពេលខ្ញុំធំដឹងក្តី មានគ្រួសារហើយ គេជួលខ្ញុំទៅច្រូតកាត់ស្រូវ។ ពេលរដូវស្រូវចប់ ខ្ញុំធ្វើការត្បាញសំណាញ់ឫស្សីនេះ។ ខ្ញុំមានបទពិសោធន៍ ដូច្នេះបានជាគេសរសើរច្រើន។ ខ្ញុំធ្វើការងារនេះយូរមកហើយ ដូច្នេះប្រភេទណាក៏អាចធ្វើបាន”។

កាលពីមុន របរត្បាញសំណាញ់ឫស្សី បានជួយគ្រួសារជាច្រើនឲ្យមានជីវភាពធូរធារ។ ផលិតផលរបស់ប្រជាជន ត្រូវបានគេពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ភាគច្រើនធ្វើជាដោកដាក់ស្រូវ ជញ្ជាំង និងទ្វារផ្ទះ។ បច្ចុប្បន្ននេះ សំណាញ់ឫស្សី កំពុងទទួលបានការពេញនិយមឡើងវិញនៅលើទីផ្សារ ភាគច្រើនបម្រើគម្រោងសំណង់ ប្រើសម្រាប់សម្ងួតយៈសាពូនមីក្នុងរដូវបុណ្យតេត... អ្នកប្រកបរបរក៏ទិញគ្រឿងចក្រជំនួយផងដែរ ដូច្នេះផលិតភាពគឺខ្ពស់ជាងមុន។ រហូតមកដល់បច្ចុប្បន្ន ឃុំ My Tra មានគ្រួសារប្រកបរបរត្បាញសំណាញ់ឫស្សីជាង ១៧០ គ្រួសារ ហើយ ២០ គ្រួសារទៀតនៅឃុំ My Phu ដែលទាក់ទាញកម្មកររាប់រយនាក់។ លោក Vo Van Tho ដែលមានបទពិសោធន៍៣០ឆ្នាំប្រកបរបរត្បាញសំណាញ់ឫស្សី បានចែករំលែកថា៖

“ការងារនេះ ប្រសិនបើធ្វើបានយូរ អាចបង្កើតដើមទុន និងក្លាយជាការងារស្នូល។ ផលិតផលលក់ដាច់ណាស់។ ឧទាហរណ៍ កន្លែងណាដែលខូចផ្លូវ គេទិញសំណាញ់ឫស្សីរាប់សិបបន្ទះ រួចចាក់ដីលើ ដើម្បីជួសជុលផ្លូវ”។

នៅឆ្នាំ ២០០៣ គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលស្គាល់ភូមិរបរតម្បាញសំណាញ់ឫស្សីប្រពៃណី My Tra។ បច្ចុប្បន្ននេះ ផលិតផលសំណាញ់ឫស្សី ត្រូវបានគេពេញនិយមប្រើប្រាស់កាន់តែច្រើននៅទីផ្សារក្នុងស្រុក ដូចជាខេត្ត An Giang, Kien Giang, Tien Giang ហើយនាំចេញទៅប្រទេសកម្ពុជាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ