កម្ពុជាជំរុញខ្លាំងនូវការអប់រំនិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជន
Hoang Hai -  
(VOVWORLD) - ដោយផ្តើមចេញពីគោលបំណងចង់ជំរុញការអប់រំ លើកកំពស់ចំណេះដឹង និងអក្ខរកម្មផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជន នៅដើមខែមីនាកន្លងទៅ សមាគមធនាគារកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) និងក្រុមហ៊ុនសេវាកម្មមេឌាអប្សរា (AMS) ដើម្បីសម្ពោធកម្មវិធីទូរទស្សន៍ “វិថីហិរញ្ញវត្ថុ” ដោយមានការគាំទ្រពីធនាគារជាតិកម្ពុជា។ កម្មវិធី “វិថីហិរញ្ញវត្ថុ” នេះត្រូវបានរៀបចំឡើងដោយមានគោលដៅរយៈពេលវែង ដែលផ្តោតសំខាន់លើច្បាប់ និងគោលការណ៍ការពារអ្នកប្រើប្រាស់ ផ្នែកអក្ខរកម្មហិរញ្ញវត្ថុ សុវត្ថិភាពហិរញ្ញវត្ថុក្នុងប្រព័ន្ធឌីជីថល និងហានិភ័យនានាក្នុងផ្នែកធនាគារហិរញ្ញវត្ថុផងដែរ។
តំណាងអង្គភាពនានាដែលផលិតកម្មវិធី “វិថីហិរញ្ញវត្ថុ” ក្នុងពិធីសម្ពោធ។
(រូបថត៖ Van Do - VOV Phnom Penh)
|
ក្នុងឆ្នាំទី១ កម្មវិធី “វិថីហិរញ្ញវត្ថុ” ដែលមានចំនួន ២០ភាគ នឹងត្រូវចាក់បញ្ចាំងផ្សាយជាសាធារណៈរាងរាល់សប្តាហ៍ចាប់ពីខែមេសា តាមបណ្តាញព័ត៌មាន AMS ជាមួយបណ្តាញសង្គម របស់សមាគម
មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគានៅកម្ពុជា (ABC) ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេម
បូឌា)ខូអិលធីឌី (CBC) ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយ៉ាងច្រើនកុះករនៅកម្ពុជា។ កម្មវិធីនេះមានគោលបំណងចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្តីពី
បរិយាប័ន្នហិរញ្ញវត្ថុដំណាក់កាលឆ្នាំ ២០១៩-២០២៥ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។ ជារៀងរាល់សប្ដាហ៍ កម្មវិធីនឹងស្រង់យកនូវបញ្ហាប្រឈមនានាដែលអ្នកផ្ដល់សេវាហិរញ្ញវត្ថុ អតិថិជនក៏ដូចជាប្រជាពលរដ្ឋទូទៅកំពុងតែជួបប្រទះនៅក្នុងប្រទេសកម្ពុជា ហើយយកបញ្ហាទាំងអស់នេះ មកបង្ហាញក៏ដូចជាជជែកជាមួយអ្នកជំនាញពីវិធីដោះស្រាយបញ្ហាទាំងនេះ មិនថាក្នុងកម្រិតអាជ្ញាធរ អ្នកផ្ដល់សេវា និងអតិថិជនខ្លួនឯងនោះទេ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសពីសំណាក់យុវជនដែលមានតម្រូវការដ៏ធំក្នុងការចំណាយ សន្សំ ខ្ចីដើមទុន និងវិនិយោគ ប៉ុន្តែមិនមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននោះឡើយ។ លោក ជ័យ សុផា អាយុ ២៥ឆ្នាំ នៅរាជធានីភ្នំពេញ បានចែករំលែកចំណាប់អារម្មណ៍ថា៖
យោងតាមការវាយតម្លៃរបស់ធនាគារជាតិកម្ពុជា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានាបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ចាប់ពីរបៀប របៀបរៀបចំទុកដាក់លុយកាក់ របៀបគ្រប់គ្រងចំណូលចំណាយ របៀបសន្សំប្រាក់ របៀបគ្រប់គ្រងនិងប្រើប្រាស់ប្រាក់កម្ចីឲ្យបានសមហេតុផល ដើម្បីកំណើន... លើសពីនេះទៅទៀត កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកង្វះលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ នឹងធ្វើឲ្យប្រជាពលរដ្ឋទូទៅប្រឈមមុខនឹងហានិភ័យ ដែលត្រូវដកហូតពីតម្រូវការសំខាន់ៗចំនួន៤ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការអប់រំ ការថែទាំសុខភាព និងឱកាសធ្វើអាជីវកម្ម ព្រមទាំងបណ្ដាលឡើងឧបសគ្គដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះ ការលើកកំពស់ចំណេះដឹង និងផ្សព្វផ្សាយអក្ខរកម្មផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយប្រជាជននិងអាជីវកម្មក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយសមហេតុផល និងមានប្រសិទ្ធភាព ហើយរួចផុតពីបំណុលច្រើនលើសលុប។ លោក កាំង តុងងីប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគម
មីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា៖
លោក កាំង តុងងី ប្រធាននាយកដ្ឋាទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ |
បើតាមលោក កាំង តុងងី ផងដែរ វិស័យហិរញ្ញវត្ថុរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រជាជនមិនថានៅទីក្រុង ឬជនបទ ក៏អាចទទួលបានសេវាហិរញ្ញវត្ថុដែរ ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាគឺស្ទើរតែស្ថិតនៅក្នុងក្រុមទាបបំផុត។ លើសពីនេះ បរិយាកាសហិរញ្ញវត្ថុអន្តរជាតិនៅក្នុងដំណាក់កាលបច្ចុប្បន្ន កំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដោយមានការលេចចេញនូវទម្រង់និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីថ្មោងជាច្រើន។ របៀបដែលមនុស្សម្នាក់វិនិយោគ ឬសន្សំកាលពីមួយទសវត្សរ៍មុនគឺខុសពីពេលបច្ចុប្បន្ន។ ហើយវានឹងបន្តផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារជម្រើសនៃការវិនិយោគ ឬសន្សំកាន់តែច្រើនឡើងៗ។ នោះគឺជាបញ្ហាប្រឈមដ៏ធំមួយដែលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ កម្មវិធី "វិថីហិរញ្ញវត្ថុ" មិនត្រឹមតែផ្តល់នូវទស្សនៈ និងយោបល់របស់អ្នកជំនាញហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ក៏មានឱកាសចែករំលែកពីបញ្ហាផ្ទាល់ខ្លួនផងដែរ។ លោក កាំង តុងងី ប្រធាននាយកដ្ឋាទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងបន្ថែមទៀតថា៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកំពុងជំរុញខ្លាំងនូវការអនុវត្តកម្មវិធី និងគម្រោងនានាក្នុងបំណងចង់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគមន៍គ្រប់វ័យអាយុ ដូចជា៖ ការបោះពុម្ភផ្សាយសៀវភៅកំប្លែងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ រៀបចំការប្រកួតផលិតវីដេអូអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន ឬការបង្កើតគណៈកម្មាធិការគ្រប់ជ្រុងជ្រោយផ្នែកហិរញ្ញវត្ថុនៅឆ្នាំ ២០២០។ ការអប់រំនិងលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជួយប្រជាពលរដ្ឋ អាចលើកកំពស់គុណភាពជីវិតដោយខ្លួនឯង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការថែរក្សាបរិយាកាសហិរញ្ញវត្ថុប្រកបដោយភាពស្អាតស្អំ សុវត្ថិភាព និងភាពងាយស្រួល តាមនោះក្លាយទៅជាការកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង៕
Hoang Hai