ជួបប្រាស្រ័យជាមួយអ្នកដណ្ដើមបានរង្វាន់លេខ១ក្នុងការប្រឡងស្វែងយល់អំពីឮ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ

(VOVWORLD) - ក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅនាចុងខែធ្នូ ឆ្នាំ២០១៧ ដោយឆ្លងកាត់ បេក្ខជនជាង៣លាននាក់ អ្នកគ្រូ Pham Thi Hong Duyen មកពីសាលាអនុ វិទ្យាល័យ Nguyen Du ស្រុក Soc Son រដ្ឋធានីហាណូយ ដណ្ដើមបានរង្វាន់ លេខ១ក្នុងការប្រឡង “ស្វែងយល់អំពីប្រវត្តិសាស្ត្រទំនាក់ទំនងពិសេសវៀតណាម-ឡាវ” លើកទី២ ដែលរៀបចំឡើងដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ក្នុងឱកាសរំលឹកខួបលើកទី៥៥ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតនិង៤០ឆ្នាំទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបតិ្តការវៀតណាម-ឡាវ។ 
ជួបប្រាស្រ័យជាមួយអ្នកដណ្ដើមបានរង្វាន់លេខ១ក្នុងការប្រឡងស្វែងយល់អំពីឮ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ - ảnh 1 អ្នកគ្រូ Pham Thi Hong Duyen ទទួលរង្វាន់លេខ១ក្នុងការប្រឡងនេះ (រូបថត៖ VOV)


វណ្ណកម្មប្រឡង ក្រោមប្រធានបទ “លាន់លឺជានិច្ចបទចម្រៀងសាមគ្គីភាពវៀត ណាម-ឡាវ” របស់អ្នកស្រី Duyen ទទួលបានការវាយតំលៃខ្ពស់ពីគណៈមេប្រយោគ។

“នាងខ្ញុំមានលោកពូនិងលោកមាចំនួន២រូបដែលជាយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀត ណាមនៅឡាវ។ កាលនៅកុមារភាព ខ្ញុំបានស្ដាប់លោកទាំង២ដំណាលរ៉ាវជាច្រើនស្ដីពី ទឹកដីនិងមនុស្សឡាវ។ មិនដឹងថាតាំងពីពេលណាទេចំពោះនាងខ្ញុំ គឺប្រទេសឡាវបានក្លាយទៅជាជិតស្និទ្ធហើយ។ នាងខ្ញុំចូលរួមការប្រឡងនេះ ដើម្បីសំដែងនូវមនោសញ្ចេតនារបស់ខ្លួនចំពោះប្រទេសដែលលោកពូនិងលោកមាខ្ញុំធ្លាប់ធ្វើការនិងប្រយុទ្ធ”។

អ្នកស្រី Pham Thi Hong Duyen មានរាងកាយខ្ពង់ស្រឡះ សក់វែងប្រាស់ស្មា ស្លៀកពាក់អាវផាយពណ៌ផ្កាឈូក ទឹកមុខញញឹមប្រិមប្រីយ នៅពេលមានអ្នកប្រឡងដទៃ ទៀតមកអបអរសាទរ។ ការទទួលបានរង្វាន់លេខ១ក្នុងការប្រឡងលើកនេះ ពិត ជាប្រការគួរឲ្យភ្ញាក់ផ្អើលចំពោះអ្នកស្រី ដោយសារតែនេះជាលើកទី២ហើយដែល អ្នកស្រីទទួលបានរង្វាន់ក្នុងការប្រឡងនេះ។

មុននោះ នាឆ្នាំ២០១២ អ្នកស្រី Duyen ធ្លាប់ទទួលបានរង្វាន់លេខ៣ ក្នុងការប្រឡងលើកទី១។ ចូលរួមការ ប្រឡងទាំង២លើក អ្នកស្រី សុទ្ធតែជ្រើសរើសការបង្ហាញវណ្ណកម្មរបស់ខ្លួន តាមបែបសរសេរសំបុត្រ។ នេះក៏ជាលក្ខណៈពិសេសក្នុងវណ្ណកម្មរបស់អ្នកស្រីដែរ។

“ក្នុងការប្រឡងលើកមុន គឺខ្ញុំដើរតួអង្គជាកូនមួយរូបរបស់យុទ្ធជនស្ម័គ្រចិត្ត ដែលសរសេរសំបុត្រសំរាប់មិត្តមួយរូប ដែលជាកូនក្នុងគ្រួសារឡាវ ដែលបានគាំពារកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងនោះមានឪពុកខ្ញុំផង។ចំពោះ វណ្ណកម្មប្រឡងលើកនេះ គឺសំបុត្រមួយដែលផ្ញើរជូនចំពោះអគ្គនិពន្ធនាយក កាសែត Praxason ជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ។ ក្នុង នោះ ខ្ញុំរៀបរាប់អំពីការចាប់អារម្មណ៍របស់ខ្លួននិងអនុស្សាវរីយ៍របស់ពូមាខ្ញុំអំពី ប្រទេសឡាវភាតរៈ លក្ខណៈល្អស្អាតនៃវប្បធម៌ឡាវ ក៏ដូចជាចំណងមិត្តភាពដ៏ ជ្រាលជ្រៅនៃទំនាក់ទំនងវៀតណាម-ឡាវ ផងដែរ”។

ក្នុងសំបុត្រផ្ញើរជូនចំពោះអគ្គនិពន្ធនាយកកាសែត Praxason របស់ខ្លួន អ្នកស្រី Duyen បានសំដែងមោទនភាពអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេស ទាំង២ក្នុងអំឡុង៥៥ឆ្នាំកន្លងទៅ និងការចាប់អារម្មណ៍របស់ខ្លួនអំពីប្រជាជនឡាវ ស្លូតបូតសុភាពរាបសារ ម្ហូបអាហារប្រពៃណី ផ្កាចាំប៉ាឬក៏របាំប្រពៃណីរបស់ប្រជាជនឡាវផងដែរ។ ទន្ទឹមនឹងនោះ អ្នកស្រី Duyen ក៏រៀបរាប់អំពីការងារដែលខ្លួនបានធ្វើដើម្បី លើកទឹកចិត្តប្អូនៗសិស្សានុសិស្ស ស្វែងយល់អំពីទំនាក់ទំនងវៀតណាម-ឡាវ ដូចជារៀបចំការប្រឡងគូរគំនូរនៅសាលាក្រោមប្រធានបទ “ខ្ញុំស្រឡាញ់ប្រទេស ឡាវ”។

អត្ថបទប្រឡងរបស់អ្នកស្រី Duyen ដោយមានទំព័រជាង១០០សន្លឹកនោះ ត្រូវបានដាក់ក្នុងប្រអប់មីកាពណ៌ស ព័ទ្ធជុំវិញដោយកម្រងគ្រាប់ផ្កាឈូកចំនួន៥៥ គ្រឿង ដែលធ្វើឡើងដោយអ្នកគ្រូរូបនេះនិងប្អូនៗសិស្សានុសិស្ស។ “កម្រងទាំង៥៥នោះ ជានិមិត្តរូបឲ្យរយៈពេល៥៥ឆ្នាំបង្កើតទំនាក់ទំនង ការទូតវៀតណាម-ឡាវ។ គ្រាប់ផ្កាឈូកជានិមិត្តរូបឲ្យទំនាក់ទំនងដ៏ស្មោះសរវាង ប្រទេសទាំង២។”

វណ្ណកម្ម “លាន់លឺជានិច្ចបទចម្រៀងសាមគ្គីវៀតណាម-ឡាវ” ពិតជាបង្កើត ឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណចាត់តាំងការប្រឡងនេះ។ លោកPham Thanh Liem អនុប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈឹម និងជា ប្រធានគណចាត់តាំងបានវាយតំលៃថា៖

“វណ្ណកម្មនេះមានគុណភាពខ្ពស់ណាស់ ដោយមានការតុបតែងស្អាត រស់រវើក និងសម្បូរបែប។ អ្នកនិពន្ធក៏ដាក់ក្នុងអត្ថបទនូវរូបភាពវិសេសវិសាល ដែលបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះទំនាក់ទំនងវៀតណាម- ឡាវផងដែរ។ លក្ខណៈពិសេសមួយទៀតគឺអត្ថបទនេះត្រូវបានសរសរជាភាសា ទាំង២ វៀតណាមនិងឡាវ”។

វណ្ណកម្មប្រឡងក៏ដូចជាមនោសញ្ចេតនារបស់អ្នកស្រី Duyen បានរួម ចំណែកឃោសនាទៅដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង ដើម្បីយល់ដឹងច្បាស់ថែមទៀតអំពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ ហើយ នោះក៏ជាគោលដៅមួយក្នុងចំណោមគោលដៅដែលគណចាត់តាំងការប្រឡងឆ្ពោះទៅរកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ