បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់រិស័យរវាងវៀតណាម និងកម្ពុជាមានជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងទូលំទូលាយ។ ទំនាក់ទំនងនេះត្រូវបានពូនជ្រំជាច្រើនជំនាន់ ហើយកំពុងកាន់តែអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ។ ក្នុងនោះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទទួលបានការរីកចម្រើនជាវិជ្ជមាន ហើយជាកត្តាសំខាន់មួយក្នុងការកសាងដោយជោគជ័យនូវទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្និតស្ថិរឹងមាំយូរអង្វែង" រវាងប្រទេសទាំងពីរ។
បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា - ảnh 1 លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

វៀតណាម និងកម្ពុជាជាប្រទេសទាំងពីរ ដែលមានលក្ខណៈធម្មជាតិអំណោយផល និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ បច្ចុប្បន្ននេះ គឺជាដំណាក់កាល "មាស" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ នេះគឺជាការបញ្ជាក់របស់លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាអំពីសក្តានុពលសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ។

"ចាប់តាំងពីដើមឆ្នាំ 2018 រហូតមកដល់ពេលនេះ បណ្ដាក្រសួង ស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរបានរួមសហការយ៉ាងជិតស្និទ្ធ អនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការដ៏សំខាន់ៗលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិ សន្តិសុខ ជួបប្រាស្រ័យប្រជាជន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាបន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ”។

ទន្ទឹមនឹងនេះ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជាផងដែរ។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានតម្លៃប្រាក់នាំចេញនាំចូល ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ដើម្បីអនុវត្តន៍ជាក់ស្ដែងប្រការនេះ វៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនដូចជា៖ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចព្រមព្រៀងតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។

ជាមួយនឹងលក្ខណៈ និងមូលដ្ឋានគ្រឹះអំណោយផលទាំងនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាទទួលបានជំហានរីកចម្រើនជាវិជ្ជមាន។ តាមលោក Le Bien Cuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖ ក្នុងដំណាក់កាលពីឆ្នាំ ២០០១ ដល់ ឆ្នាំ២០១១ ទំហំពាណិជ្ជកម្មទ្វេភាគី កើន ១៧ ដង ពី ១៦៩ លានដុល្លារអាមេរិក ទៅ ២,៨៣ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៧ ខែឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញ នាំចូលទ្វេភាគីទទួលបាន ២,៧ ពានលានដូល្លារអាមេរិក កើន ១៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

 "បណ្ដាសហគ្រាសវៀតណាមបានផ្តោតលើវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូស្រូបយកប្រណាណ 70% នៃទុនចុះបញ្ជី។ ទីពីរគឺ សេវាកម្មធនាគារ និងធានារ៉ាប់រ៉ងស្រូបយកប្រមាណ 25% សហគ្រាសទូរគមនាគមន៍ស្រូបយកប្រមាណ 8,3% ផងដែរ "។

ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជានោះ ក្លឹបសហគ្រាសវៀតណាមប្រចាំនៅកម្ពុជាត្រូវបានបង្កើតនាខែសីហា ឆ្នាំ២០១៨ សំដៅជំរុញកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហគ្រាសវៀតណាម និងសហគ្រាសកម្ពុជាដើមកំណើតវៀតណាម។ លោក Nguyen Thanh Dung នាយកសាខាធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមប្រចាំនៅកម្ពុជា ប្រធានក្លឹបសហគ្រាសវៀតណាមប្រចាំនៅកម្ពុជាបានចែករំលែកថា៖

 “ក្លឹបសហគ្រាសវៀតណាមប្រចាំនៅកម្ពុជាបានធ្វើសម្មភាពតាមពាក្យស្លោក និងគោលដៅគឺ៖ ប្រមូលផ្ដុំប្រភពកម្លាំងជាអតិបរមា ពង្រីកឧត្តមភាពរបស់សមាជិកនានា បង្កើតបរិយាកាសព័ត៌មាន ចែករំលែកបទពិសោធ តភ្ជាប់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងទាក់ទងជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មរបស់សហគ្រាសដែលកំពុងបោះទុនវិនិយោគនៅកម្ពុជា”។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាមនិងកម្ពុជាក៏បានចូលរួមក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ដូចជា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជា កិច្ចសហប្រតិបត្តិការ CLMV (រួមមានវៀតណាម  ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា) និងកិច្ចសហប្រតិបត្តិការអាស៊ានជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែបានពង្រឹង និងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជន និង វិបុលភាពរបស់ប្រទេសនិមួយៗ ក៏ដូចជាដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

រាល់សមិទ្ធផលអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងរួមចំណែកពូនជ្រំ នូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងវៀតណាម និងកម្ពុជា ក៏ដូចជាជំរុញអាស៊ានឲ្យកាន់តែខ្លាំងមាំមួនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ