ម្ចាស់ជ័យលាភីជើងឯក “សំនៀងអាស៊ាន + ៣” ឆ្នាំ​២០១៩ Rosario Ninih Bianis៖ មោទនភាព Sabahan នៃប្រទេសម៉ាឡេស៊ី

(VOVWORLD) -នាចុងខែកក្កដាកន្លងទៅ ការប្រឡង “សំនៀងអាស៊ាន + ៣”លើកទី ២ ដែលរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម និងខេត្ត Quang Ninh បានរកឃើញម្ចាស់ជ័យលាពីជើងឯក គឺតារាចម្រៀងវ័យក្មេង Rosario Ninih Bianis មកពីប្រទេសម៉ាឡេស៊ី។ បង្កប់នូវទឹកដមសម្លេងដ៏ពីរោះរណ្ដំ Rosario បានអះអាងនូវ កេរ្តិ៏ឈ្មោះរបស់ខ្លួនក្នុងការប្រឡងទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ម្ចាស់ជ័យលាភីជើងឯក “សំនៀងអាស៊ាន + ៣” ឆ្នាំ​២០១៩  Rosario Ninih Bianis៖ មោទនភាព Sabahan នៃប្រទេសម៉ាឡេស៊ី - ảnh 1 តារាចម្រៀងវ័យក្មេង Rosario Ninih Bianis

នារាត្រីផ្តាច់ព្រ័ត្រ នៃការប្រឡង “សំនៀងអាស៊ាន + ៣”ឆ្នាំ២០១៩ នេះ Rosario បានសម្ដែងបទចម្រៀង ក្រោមចំណងជើងថា Run។ ជាបេក្ខនារីមួយរូប ដែលចូលរួមការប្រឡងចុងក្រោយគេនោះ បានជា Rosario ត្រូវរងសម្ពាធជាច្រើន។ ដោយបង្កប់នូវទឹកដមសម្លេងពីរោះរណ្ដំ  នោះ សំនៀងរបស់ Rosario  ពិតជាទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន។ Rosario  បានសំណេះសំណាលថា៖

“ទោះបីជាបានហាត់ស្ដាប់ និងច្រៀង បទចម្រៀង នេះជាច្រើន លើកច្រើនសារហើយក៏ដោយ ប៉ុន្តែនាងខ្ញុំនៅតែមានអារម្មណ៍ថាភ័យណាស់។ នាងខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដើម្បីសម្ដែងបទចម្រៀងនេះ ឲ្យបានល្អបំផុត ជូនទស្សនិកជន“។

ការសម្ដែងរបស់ Rosario មិនត្រឹមតែទទួលបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងទទួលបានពិន្ទុខ្ពស់បំផុតពីគណៈមេប្រយោគទៀតផង។ ជាមួយលទ្ធផលទាំងនេះ Rosario បានគ្រងជ័យលាភីជើងឯកក្នុងការប្រឡងនេះ។ តារាចម្រៀងជនជាតិ  ហ្វីលីពីន Darlin Joy Baje - ម្ចាស់ជ័យលាភីជើងឯក “សំនៀងអាស៊ាន + ៣”ឆ្នាំ២០១៧ បានសំណេះសំណាលថា៖

“Rosario ពិតជាសក្តិសមនឹងជ័យលាភីនេះណាស់។ ការសម្ដែងរបស់នាងពិតជាពីរោះណាស់។ នាងបានបញ្ជូលអារម្មណ៍របស់នាងទៅក្នុងបទចម្រៀងនេះ ដើម្បីសម្ដែងជូនទស្សនិកជន“។

Rosario Ninih Chamini Bianis មានអាយុ ២៥ ឆ្នាំ។ នាងបានកើត និងធំដឹងក្ដីនៅស្រុក Tambunan រដ្ឋ Sabah នៃប្រទេសម៉ាឡេស៊ី។ កាលពីកុមារភាព នាងត្រូវបានលោកអ៊ុំបង្កើត ដែលជាតារាចម្រៀងមួយរូប ជួយណែនាំអំពីវិស័យតន្ត្រី។ Rosario បានចាប់ផ្ដើមអាជីពជាអ្នកចម្រៀងកាលពី ឆ្នាំ ២០១៤ នៅពេលនាងបានគ្រងជ័យលាលីជើងឯកនៅក្នុងការប្រឡងតន្ត្រី Sugandoi សម្រាប់យុវជននៅរដ្ឋ Sabah ។ នាឆ្នាំ ២០១៦ នាងបន្តគ្រងជ័យលាភីជើងឯក នៃការប្រឡងតន្ត្រី Bintang Radio Televisyen Malaysia (Bintang RTM) - ដែលជាការប្រឡងតន្ត្រីមានកិត្យានុភាព និងយូរអង្វែងនៅប្រទេសម៉ាឡេស៊ី។ នាងបានសំណេះសំណាលថា៖

“តាមរយៈស្នាដៃទាំងនេះ នាងខ្ញុំទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនក្នុងស្រុក។ ប៉ុន្តែនាងខ្ញុំចង់នាំសំនៀងរបស់ខ្លួនទៅកាន់ទស្សនិកជនអន្តរជាតិ ដែលក្នុងនោះមានតំបន់អាស៊ាន ។ ហេតុដូច្នេះហើយ នាងខ្ញុំបានសម្រេចចិត្តចូលរួមការប្រឡង សំនៀងអាស៊ាន+៣ លើកនេះផងដែរ“។

ម្ចាស់ជ័យលាភីជើងឯក “សំនៀងអាស៊ាន + ៣” ឆ្នាំ​២០១៩  Rosario Ninih Bianis៖ មោទនភាព Sabahan នៃប្រទេសម៉ាឡេស៊ី - ảnh 2 ពិធីប្រគល់ពានរង្វាន់នៃកម្មវិធី“សំនៀងអាស៊ាន + ៣” ឆ្នាំ២០១៩ 

វាយតម្លៃអំពីទេពកោសល្យរបស់ Rosario តន្ត្រីករ Trong Dai អតីតប្រធានក្រុមប្រឹក្សាសិល្បៈ នៃសមាគមតន្ត្រីករវៀតណាម និងជាសមាជិកនៃគណៈមេប្រយោគ ជើងឯក “សំនៀងអាស៊ាន + ៣”ឆ្នាំ២០១៩ បានឲ្យដឹងថា៖

“Rosario មានគុណសម្បត្តិលេចធ្លោចំនួន ២។ ទីមួយគឺ នាងមានទឹកដមសម្លេងដ៏ពីរោះរណ្ដំ ដែលធ្វើឲ្យយើងនឹករលឹកដល់តារាចម្រៀង Idol មួយចំនួនកាលពី ទសវត្សរ៍ទី ៩០។ នេះគឺជាទេពកោសល្យតាំងពីកំណើតអំពីតន្ត្រីរបស់នាង។ ទីពីរគឺ នាងមានការយល់ដឹងដ៏ល្អលើវិស័យតន្ត្រី តាមរយៈការសម្ដែង និងការជ្រើសរើសយកបទចម្រៀង“។

ក្នុងវ័យ ២៥ ឆ្នាំ Rosario នៅតែមានសក្កានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍អាជីព ឲ្យសក្តិសមនឹងកិត្តិនាមជា ក្ដីមោទនភាព Sabahan ដែលត្រូវបានអ្នកគាំទ្រនៅស្រុកកំណើតប្រគល់ជូន។ នាងបានសំណេះសំណាលថា៖

“ការប្រឡង “សំនៀងអាស៊ាន + ៣”លើកនេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់១ សម្រាប់នាងខ្ញុំ។ ក្រៅពីពានរង្វាន់ នាងខ្ញុំបានរៀនសូត្រជាច្រើនពីអ្នកចម្រៀងក្នុងតំបន់ ក៏ដូចជាមានការយល់ដឹងបន្ថែមអំពីវប្បធម៌ដទៃទៀត។ នាពេលខាងមុខ នាងខ្ញុំផ្ដោតសំខាន់លើអាជីពជាអ្នកចម្រៀង និងជាពិធីការិនី ហើយថែមទាំងរងចាំប្រការដ៏ថ្មីថ្មោងនាពេលអនាគតផងដែ“រ។

លើសពីនេះ ទៅទៀត Rosario បានចែករំលែកថា នឹងប្រើប្រាស់ប្រាក់រង្វាន់ក្នុងការប្រឡងនេះ ដើម្បីបង្កើតផលិតកម្មតន្ត្រីថ្មីជូនអ្នកគាំទ្រ។ សង្ឃឹមថា ជ័យលាភីនៃការប្រឡង “សំនៀងអាស៊ាន + ៣”នឹងជាកម្លាំងចលករ សម្រាប់ Rosario ក្នុងបុព្វហេតុតន្ត្រីរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ