ឥណ្ឌូនេស៊ីក្នុងក្រសែភ្នែករបស់មិត្តអ្នកស្ដាប់វៀតណាម

(VOVWORLD) - ការប្រឡងស្វែងយល់អំពីដំណើរទស្សនកិច្ចរបស់លោកប្រធាន ហូជីមិញទៅកាន់ឥណ្ឌូណេស៊ី និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Soekarno មកកាន់វៀតណាមបានបញ្ចប់អស់រយៈពេលជាង ២ ខែមកហើយ។ 

ប៉ុន្តែចំពោះលោក Tu Thanh Phong ដែលមានអាយុ ៤០ ឆ្នាំ ដែលជាម្ចាស់ជាជ័យលាភីពិសេស នៃការប្រឡងនេះ នៅតែមានអារម្មណ៍រំភើបចិត្តដដែល ខណៈដែលលោកទើបនឹងបានបញ្ចប់ដំណើរទស្សនាឥណ្ឌូនេស៊ី ក្នុងរយៈពេល ៥ ថ្ងៃ នាដើមឆ្នាំ ២០២០ កន្លងទៅ។

ឥណ្ឌូនេស៊ីក្នុងក្រសែភ្នែករបស់មិត្តអ្នកស្ដាប់វៀតណាម - ảnh 1 អ្នកស្ដាប់វិទ្យុសម្លេងវៀតណាមនៅឥណ្ឌូនេស៊ី

និស្ស័យដែលនាំឲ្យលោក Tu Thanh Phong មានឱកាសទៅទស្សនាប្រទេសឥណ្ឌូនេស៊ីដ៏ស្រស់បំព្រង គឺអាស្រ័យដោយមានទំលាប់ស្ដាប់វិទ្យុរបស់ខ្លួន។ លោកមានទំលាប់ស្ដាប់វិទ្យុតាំងពីកុមារភាព រហូតដល់បច្ចុប្បន្ននេះ តាំងពីពេលលោកជាយុទ្ធជននគរបាលប្រជាជនមួយរូប។ លើសពីនេះទៅទៀត តាមរយៈការស្ដាប់វិទ្យុ លោកបានជ្រាបព័ត៌មានអំពីការប្រឡងស្វែងយល់ដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញទៅកាន់ឥណ្ឌូណេស៊ី និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Soekarno មកកាន់វៀតណាម ដែលត្រូវបានវិទ្យុសម្លេងវៀតណាម រួមសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀត ណាមរៀបចំឡើង។ មនោសញ្ចេតនាដែលលៃទុកជូនលោកប្រធានហូជីមិញ ក៏ដូចជាការយល់ដឹងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ី ជាពិសេសគឺបំណងប្រាថ្នាទៅកាន់ប្រទេសរាប់ម៉ឺនកោះឥណ្ឌូនេស៊ីបានដាស់តឿនឲ្យលោកចូលរួមការប្រឡងនេះ។ ការខិតខំប្រឹងប្រែងស្វែងរក ឯកសារតាមបណ្ដាញអ៊ីនធឺណិត និងបណ្ណាល័យអស់រយៈពេល ពេញមួយខែរបស់លោក ទទួលបានលទ្ធផលជាផ្លែផ្កា។

នាដើមខែកុម្ភៈកន្លងទៅ គណចាត់តាំងនៃការប្រឡងបានជូនដំណើរ លោក និងភរិយាទៅទស្សនាប្រទេសឥណ្ឌូនេស៊ី - នេះគឺជារង្វាន់សម្រាប់ជ័យលាភីជើងឯកនៃការប្រឡង។ ក្នុងដំណើរទស្សនានេះ លោកមានចំណាប់អារម្មណ៍ជាច្រើនអំពីប្រទេសរាប់ម៉ឺនកោះនេះ។

“ប្រព័ន្ធផ្លូវគមនាគមន៍ល្បឿនលឿន និងសាធារណៈនៅទីនេះត្រូវបានយកចិត្តទុកដាក់វិនិយោគ និងអភិវឌ្ឍន៍។ យើងខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ខណៈឃើញថា jakarta គឺជាទីក្រុងបៃតងយ៉ាងពិតប្រាកដ។ ដើមឈើបៃតងត្រូវបានគ្របដណ្ដប់ លើគ្រប់ទីកន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាត។ លើសពីនេះទៅទៀត ស្ថាបត្យកម្មទីក្រុងក៏គួរឲ្យចាប់អារម្មណ៍ផងដែរ“។

ក្នុងអំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី លោក Thanh Phong មានឱកាសទៅទស្សនាគោលដៅដ៏ល្បីល្បាញដូចជា៖ Monas - ស្ដូបអនុស្សាវរីយ៍ជាតិរបស់ ឥណ្ឌូនេស៊ី  សារមន្ទីរប្រវត្តិសាស្ត្រជាតិ ទស្សនាវិហារកាតុលិក ភ្នំភ្លើង ឬឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាដើម។ ក្នុងនោះ មានគោលដៅមួយ ដែល លោកប្រធានហូជីមិញធ្លាប់អញ្ជើញមក កាលពី ៦១ ឆ្នាំមុន។

“ខ្ញុំមានឱកាសទៅទស្សនាទីក្រុង  Bandung។ ទីក្រុងនេះពិតជាស្រស់ស្អាត រស់រវើក និងមានអាកាសធាតុត្រជាក់ស្រួលណាស់។ ខ្ញុំពិតជារំភើបចិត្តណាស់ ខណៈដែលក្ដីសង្ឃឹមរបស់ខ្លួនបានក្លាយទៅជាការពិតហើយ ពោលគឺ ខ្ញុំបានទៅទស្សនាទីកន្លែង ដែលលោកប្រធានហូជីមិញធ្លាប់អញ្ជើញមក។ ខ្ញុំបានស្ដាប់ការឧទ្ទេសនាមអំពីដំណើររបស់លោកអ៊ុំហូជីមិញនៅទីនេះ។ ជាពិសេសគឺ ខ្ញុំបានទៅទស្សនាមហាវិទ្យាល័យ Padjadjaran ដែលជាទីកន្លែងលោកអ៊ុំហូទទួលសញ្ញាប័ត្របណ្ឌិតច្បាប់កិត្តិយស (សញ្ញាប័ត្រតែមួយគត់ ដែលលោកព្រមទទួលក្នុងឆាកជិវិត)។ មកកាន់ទីនេះ ខ្ញុំកាន់តែមានមោទនភាពអំពីអគ្គមគ្គុទេសក៏របស់ប្រជាជាតិវៀតណាម ហើយជាមហាមិត្តរបស់ប្រជាជន និងប្រទេសឥណ្ឌូនេស៊ី“។

ចំពោះលោក Thanh Phong ដំណើរទស្សនានៅឯបរទេសជាលើកដំបូងនេះ មិនត្រឹមតែជាដំណើរទស្សនាសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ខណៈដែលលោកបានជួបសំណេះសំណាលជាមួយមិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ី ដែលទទួលបានរង្វាន់ក្នុងការប្រឡងស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ីទៀតផង។

“មានប្រការគួឲ្យចាប់អារម្មណ៍មួយគឺ យើងខ្ញុំបានជួបសំណេះសំណាលជាមួយមិត្តអ្នកស្ដាប់ពីររូបរបស់វិទ្យុសម្លេងវៀតណាម (VOV) នៅឥណ្ឌូនេស៊ី។ ក្នុងពិធីជួបសំណេះសំណាលនេះ បើទោះជាមកពីប្រទេសចំនួន ២ ខុសពីគ្នាក៏ដោយ ប៉ុន្តែយើងខ្ញុំបានផ្លាស់ប្ដូរមតិយ៉ាងបើកចំហ ព្រោះថាយើងមានចំណុចដូចគ្នាជាច្រើន។ នោះគឺការយល់ដឹងអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់គ្នាទៅវិញទៅមក។ ជាពិសេសគឺមនោ សញ្ចេតនា និងការគោរពរាប់អានរវាងប្រជាជាតិទាំងពីរ ប្រទេសទាំងពីរ ប្រមុខរដ្ឋទាំងពីររូប។ ក្នុងនោះ VOV គឺជាស្ពានតភ្ជាប់វប្បធម៌ដ៏ពិសេសផងដែរ“។

លោក Thanh Phong បានសំណេះសំណាលថា រង្វាន់នៃការប្រឡងគឺជាការដូខាងស្មារតីដ៏ពិសេសចំពោះលោក នាដើមឆ្នាំ ២០២០ ក៏ជាឆ្នាំ ដែលវៀតណាម និងឥណ្ឌូនេស៊ីនឹងរៀបចំពិធីរំលឹកខួបលើកទី ៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត។ លោក Thanh Phong បានឲ្យដឹងថា ក្នុងឆ្នាំនេះ លោកនឹងបន្តស្វែងយល់ និងសិក្សាស្រាវជ្រាវឲ្យបានជ្រាលជ្រៅថែមទៀត អំពីទំនាក់ទំនងរវាងវៀតណាម ឥណ្ឌូនេស៊ី ហើយលោកមានក្ដីសង្ឃឹមថា នឹងរួមចំណែកតភ្ជាប់ ពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈមិត្តភក្តិឥណ្ឌូនេស៊ី ដែលលោកបានស្គាល់រាប់អានក្នុងដំណើរទស្សនានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ