កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ វៀតណាមនឹងចូលរួមយ៉ាងសកម្ម និងរួមវិភាគទានយ៉ាងជាក់ស្ដែង
(VOVWORLD) - ក្រសួង ស្ថាប័ននានារបស់វៀតណាមបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកយ៉ាងសំខាន់ចំពោះគំនិតផ្តួចផ្តើមដែលអាស៊ានបានដាក់ចេញសម្រាប់ថ្នាក់ដឹកនាំដែលបានអនុម័តនៅកិច្ចប្រជុំកំពូល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang |
កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែក (ថ្ងៃទី៤ ខែកញ្ញា) ដល់ថ្ងៃទី៧ ខែកញ្ញានៅប្រទេសឥណ្ឌូនេស៊ី។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang ឯកសារសំខាន់ៗប្រហែល ៤៩ នឹងត្រូវបានអនុម័តដោយថ្នាក់ដឹកនាំក្នុងឱកាសនេះ។ នេះគឺជាលទ្ធផលនៃកិច្ចចរចាដ៏វែងឆ្ងាយជាច្រើនខែនៅក្នុងអាស៊ាន ក៏ដូចជារវាងអាស៊ាន និងដៃគូនានា។ ក្នុងនោះមានឯកសារសំខាន់ៗមួយចំនួនដូចជា៖ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីមជ្ឈមណ្ឌលកំណើនអាស៊ាន សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីស្ថិរភាពសន្តិសុខស្បៀង។ ថ្នាក់ដឹកនាំក៏នឹងប្រកាសអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេចក្តីប្រកាសស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអនុម័តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាសមុទ្របៃតង និងក្របខ័ណ្ឌការពារសិទ្ធិពលករអន្តោប្រវេសន៍។
ទាក់ទិននឹងការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានឲ្យដឹងថា ក្រសួង ស្ថាប័ននានារបស់វៀតណាមបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកយ៉ាងសំខាន់ចំពោះគំនិតផ្តួចផ្តើមដែលអាស៊ានបានដាក់ចេញសម្រាប់ថ្នាក់ដឹកនាំដែលបានអនុម័តនៅកិច្ចប្រជុំកំពូល។ ស្ថានបេសកកម្មវៀតណាមប្រចាំអាស៊ានក៏ត្រូវបានចាត់តាំងឱ្យធ្វើការចរចាដោយផ្ទាល់នូវឯកសារសំខាន់ៗ រួមទាំងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងដៃគូអាស៊ានផងដែរ។ “ការរួមវិភាគទានរបស់វៀតណាម ក៏ដូចជាស្ថានបេសកម្មវៀតណាមប្រចាំនៅអាស៊ានលើកនេះ គឺគ្របដណ្ដប់ទូទាំងសសរស្តម្ភទាំងបីគឺ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ទាក់ទិននឹងនយោបាយសន្តិសុខ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានស្នើថា ដល់ពេលហើយដែលអាស៊ានត្រូវមើលឃើញវេងឆ្ងាយបន្ថែមទៀត និងកំណត់ទិសដៅក្រោយឆ្នាំ ២០២៥។ បន្តអនុវត្តន៍គំនិតផ្តួចផ្តើមរបស់វៀតណាម កិច្ចប្រជុំកំពូលនេះនឹងអនុម័តសេចក្តីប្រកាសស្តីពីចក្ខុវិស័យអភិវឌ្ឍន៍របស់អាស៊ានរយៈពេល ២០ ឆ្នាំខាងមុខ ដល់ឆ្នាំ ២០៤៥។ វៀតណាមក៏គាំទ្រនិងរួមចំណែកជាគំនិតជាក់ស្តែងជាច្រើនសម្រាប់ការកសាងចក្ខុវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ លើសពីនេះ ការរួមចំណែករបស់វៀតណាមក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាស៊ាន គឺជាតម្រូវការជាមុន និងមានសារៈសំខាន់ខ្លាំងណាស់”៕