ខែមនុស្សធម៌ឆ្នាំ ២០២៣ ជួយឧបត្ថម្ភទឹកប្រាក់ជាង ៣៥,៥ លានដុល្លារសម្រាប់ប្រជាជនជិត ១,២ លាននាក់
(VOVWORLD) - ទឹកប្រាក់សរុបនៃការកៀរគរធនធាន និងការរៀបចំសកម្មភាពរបស់សមាគមទាំងមូលក្នុង “ខែមនុស្សធម៌” សម្រេចបានជិត ៨៣៦ ពាន់លានដុង (ជាង ៣៥,៥ លានដុល្លារអាមេរិក) ច្រើនជាង ២ ដងបើធៀបនឹងគោលដៅដែលបានកំណត់។
សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់រៀបចំកម្មវិធីប្រកបដោយអត្ថន័យ និងជាក់ស្តែងជាច្រើន ដើម្បីគាំពាររដល់ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក។ រូបថត៖ VOV |
នារសៀលថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមបានប្រារព្ធពិធីបូកសរុបខែមនុស្សធម៌ឆ្នាំ ២០២៣។ ដោយប្រធានបទ៖ ផ្ដើមពីបេះដូងរបស់យើងម្នាក់ៗ - រួមកម្លាំងកាយចិត្តដើម្បីកសាងសហគមន៍ប្រកបដោយមេត្តាធម៌នោះ ខែមនុស្សធម៌ឆ្នាំនេះ ដំណើរការចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ឧសភា ជាមួយយុទ្ធនាការចាប់ពីពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៩ ឧសភា។
ជាលទ្ធផល ខេត្ត-ក្រុង និងសមាគមទាំង ១០០% បានរៀបចំការអនុវត្តសកម្មភាពខែមនុស្សធម៌តាមទម្រង់សមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន; សមាគមទាំងមូលបានជួយមនុស្សជិត ១,២ លាននាក់ ពោលគឺខ្ពស់ជាងគោលដៅដែលបានកំណត់ ១១ ដង។ ទឹកប្រាក់សរុបនៃការកៀរគរធនធាន និងការរៀបចំសកម្មភាពរបស់សមាគមទាំងមូលក្នុង “ខែមនុស្សធម៌” សម្រេចបានជិត ៨៣៦ ពាន់លានដុង (ជាង ៣៥,៥ លានដុល្លារអាមេរិក) ច្រើនជាង ២ ដងបើធៀបនឹងគោលដៅដែលបានកំណត់។
គិតត្រឹមឧសភា មានសមាគមកាកបាទក្រហមខេត្តចំនួន៩ បានចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលរៀបចំសកម្មភាពមនុស្សធម៌សប្បុរសធម៌ និងសន្តិសុខសង្គម ជាមួយរណសិរ្សមាតុភូមិខេត្ត។ ក្នុងនោះខេត្តចំនួនពីរបានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងសមាគមកាកបាទក្រហមវៀតណាមខេត្ត (Thanh Hoa និង Yen Bai) ផងដែរ៕