តំបន់ជាច្រើនបានបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤
(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា តំបន់ជាច្រើនទូទាំងប្រទេសវៀតណាមបានរៀបចំពិធីបើកដំណើរការខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤។
ថ្នាក់ដឹកនាំខេត្ត នាយកដ្ឋានកុមារ បានចូលរួមក្នុងពិធី (រូបថត៖ Huy Hoan/baotuyenquang.com.vn) |
នៅទីក្រុង Tuyen Quang នាព្រឹកមិញនេះ ខេត្ត Tuyen Quang បានរៀបចំពិធីបើកដំណើរការខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ ដោយប្រធានបទ “សកម្មភាពជាក់ស្តែង ផ្តល់អាទិភាពដល់ធនធានសម្រាប់កុមារ”។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Hoang Viet Phuong បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការនានា យកចិត្តទុកដាក់លើការពង្រឹងការថែទាំ អប់រំ និងការពារកុមារ; ផ្តោតលើការរៀបចំសកម្មភាពលើកកម្ពស់សិទ្ធិរបស់កុមារក្នុងការចូលរួម; បង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពនិងតម្លាភាព។
នៅខេត្ត Lai Chau នាព្រឹកមិញនេះក៏បានប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ រួមទាំងពិធីលើកសរសើរ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ និងសិស្សក្រីក្រសង្វាត់រៀនសូត្រក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤។ នៅឯពិធីនេះ ថ្នាក់ដឹកនាំប្រជាជន គណៈកម្មាធិការខេត្ត Lai Chau បានបញ្ជាក់ថា កុមារជិត ៧៥% ដែលមានស្ថានភាពពិសេសត្រូវបានរដ្ឋ គ្រួសារនិងសហគមន៍យកចិត្តទុកដាក់ និងឧបត្ថម្ភដើម្បីសមាហរណកម្មក្នុងសហគមន៍ និងមានឱកាសអភិវឌ្ឍន៍ប្រកបដោយសមភាព។
ថ្លែងមតិក្នុងពិធីបើកឲ្យដំណើការខែសកម្មភាពឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនាព្រឹកមិញនេះ អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Nam Dinh លោក Vu Kim Danh បានឲ្យដឹងថា ខេត្ត Nam Dinh នៅតែមានកុមារជិត ៥.០០០ នាក់ដែលមាន ស្ថានភាពរស់នៅពិសេស ហើយកុមារជាង ២.៤០០ នាក់រស់នៅក្នុងគ្រួសារក្រីក្រ...។ កុមារទាំងនេះកំពុងត្រូវការសេចក្ដីស្រឡាញ់ និងជំនួយពីសហគមន៍យ៉ាងខ្លាំងដើម្បីឱ្យមានជីវិតកាន់តែប្រសើរឡើង។ នាព្រឹកមិញនេះ ខេត្ត Ninh Thuan ក៏បានរៀបចំពិធីបើកឲ្យដំណើរការខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ ផងដែរ៕