ត្រៀមទទួលលំហូរ FDI ចូលមកវៀតណាម
(VOVWORLD) - គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ទុនចុះបញ្ជីវិនិយោគបរទេសចូលមកវៀតណាមសរុបសម្រេចបាន ១៦,៧ ពាន់លានដុល្លារអាមេរិក ហើយទុនប្រតិបត្តិការសម្រេចបាន ១២,៨ ពាន់លានដុល្លារអាមេរិក កើន ១០,៥%។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong ប្រគល់វិញ្ញាបនបត្រវិនិយោគដល់តំណាង LEGO Group (រូបថត៖ Chi Tuong/VNA) |
នារសៀលថ្ងៃទី ២១ កញ្ញា នៅខេត្ត Binh Duong នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានរៀបចំសន្និសីទ ស្តីពីការទាក់ទាញការវិនិយោគពីបរទេស (FDI) ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ ព្រមទាំងពិភាក្សាលើដំណោះស្រាយទទួលនិន្នាការលំហូរទុនវិនិយោគបរទេស ដែលកំពុងចូលមកទីផ្សារវៀតណាម ដោយត្រូវបានព្យាករណ៍ថានឹងកើនយ៉ាងខ្លាំងនាពេលខាងមុខ។ លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស បានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ទុនចុះបញ្ជីវិនិយោគបរទេសចូលមកវៀតណាមសរុបសម្រេចបាន ១៦,៧ ពាន់លានដុល្លារអាមេរិក ហើយទុនប្រតិបត្តិការសម្រេចបាន ១២,៨ ពាន់លានដុល្លារអាមេរិក កើន ១០,៥%។ គួរកត់សម្គាល់ថាគុណភាពវិនិយោគលើគម្រោងនានាត្រូវបានលើកកម្ពស់ ដោយសម្រេចបានថវិកាជាមធ្យមចំនួន ១៤,៧ លានដុល្លារ/គម្រោង ខ្ពស់ជាងឆ្នាំ ២០២១ (ជាង ១០ លានដុល្លារ/គម្រោង)។ គម្រោងវិនិយោគកាន់តែមានទំហំ និងគុណភាពខ្ពស់ជាងមុន។
យោងតាមនាយកដ្ឋានវិនិយោគបរទេស ក្នុងរយៈពេលមធ្យម (២-៣ ឆ្នាំ) សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានៅតែផ្តល់អាទិភាពជ្រើសរើសវៀតណាមជាទីតាំងវិនិយោគ ឬពង្រីកការវិនិយោគ ជាពិសេសគឺលើវិស័យផលិតកម្ម និងកែច្នៃ៕