ទីក្រុងហូជីមិញ និងទីក្រុង Son La ត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"
(VOVWORLD) - នេះមិនត្រឹមតែជាមោទនភាពចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់របស់អន្តរជាតិចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងនានាក្នុងដំណើរការជំរុញការសិក្សាអស់មួយជីវិតសម្រាប់មនុស្សគ្រប់រូបនៅមូលដ្ឋាន។
កុមារទស្សនា និងស្វែងយល់អំពីតំបន់ប្រវត្តិសាស្ត្រជាតិពិសេសពន្ធនាគារ Son La ។ រូបថត៖ Huu Quyet/TTXVN |
នាថ្ងៃទី ១៤ ខែកុម្ភៈ នៅប្រទេសបារាំង អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានរៀបចំពិធីប្រកាសបញ្ជីឈ្មោះទីក្រុងចំនួន ៦៤ មកពីប្រទេសចំនួន ៣៥ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល" ក្នុងនោះមានទីក្រុងចំនួនពីររបស់វៀតណាម៖ ទីក្រុងហូជីមិញ និងទីក្រុង Son La ខេត្ត Son La។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Van Anh តំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការ UNESCO បានឲ្យដឹងថា នេះមិនត្រឹមតែជាមោទនភាពចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់របស់អន្តរជាតិចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងនានាក្នុងដំណើរការជំរុញការសិក្សាអស់មួយជីវិតសម្រាប់មនុស្សគ្រប់រូបនៅមូលដ្ឋាន។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីជំហានអនុវត្តន៍យ៉ាងជាក់លាក់នូវគោលការណ៍ គោលមាគ៌ា និងគោលនយោបាយរបស់វៀតណាមស្ដីពីសមាហរណកម្មអន្តរជាតិ ជំរុញការសិក្សា លើកកំពស់ទេពកោសល្យ កសាងសង្គមសិក្សា លើកកំពស់គុណភាពអប់រំ និងធនធានមនុស្ស។
ចំណែកឯលោក Ha Trung Chien លេខាគណៈកម្មាធិការបក្សទីក្រុង Son La ខេត្ត Son La បានចាត់ទុកថា ព្រឹត្តិការទីក្រុង Son La ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបណ្តាញ “ទីក្រុងសិក្សាសកល” រួមចំណែកកសាងរូបភាពដ៏ស្រស់ស្អាតអំពីខេត្តព្រៃភ្នំភាគពាយ័ព្យដ៏ស្រស់បំព្រង និងស្រឡាញភ្ញៀវ៖
“ថ្នាក់ដឹកនាំទីក្រុងបានយល់ដឹងយ៉ាងច្បាស់លាស់អំពីការដែលខេត្ត Son La ក្លាយទៅជាសមាជិកនៃបណ្តាញសិក្សាសកលគឺត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ទីក្រុង Son La នឹងមានកម្មវិធី និងផែនការជាក់លាក់ ដើម្បីសម្រេចបាននូវលក្ខណៈវិនិច្ឆ័យ គោលដៅខ្ពស់បំផុតគឺលើកកម្ពស់គុណភាពសិក្សា គុណភាពអប់រំ និងបណ្ដុះបណ្ដាលរបស់ទីក្រុង សម្រាប់ប្រជាជន អង្គការ និងអង្គភាពសហគមន៍នានាបានសិក្សាអស់មួយជីវិត។ នេះមិនត្រឹមតែជាលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារបស់បក្ស រដ្ឋ និងប្រជាជនទៀតផង”។
បច្ចុប្បន្ននេះ វៀតណាមមានទីក្រុងចំនួន ៥ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"៕