កិច្ចសហប្រតិបត្តិការសភាជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី កម្ពុជា-ឡាវ-វៀតណាម
(VOVWORLD) - គណៈប្រតិភូវៀតណាមបានស្នើថា សភានៃប្រទេសទាំងបីចាំបាច់ត្រូវបង្កើនការ សម្របសម្រួល; បន្តរៀបចំកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំង៣ឲ្យបានទៀងទាត់; លើកកំពស់តួនាទីសមាជិករដ្ឋសភា ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី៥ ខែធ្នូ នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ កំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) លើកដំបូង បាន ប្រព្រឹត្តទៅសម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌សង្គមដោយ ប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាមឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិ យាប័ន្ន”។
មតិក្នុងអង្គប្រជុំបានសង្កត់ធ្ងន់ថា ចាប់តាំងពីអនុវត្តន៍គំនិតផ្តួចផ្តើមបង្កើត តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ក្នុងឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ប្រទេសទាំងបី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើនទាក់ទងនឹង វិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម គយ គមនាគមន៍ដឹកជញ្ជូន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល ជួយសម្រួលដល់ការដោះដូរទំនិញ មនុស្ស និង យានជំនិះឆ្លងកាត់ព្រំដែន... ទន្ទឹមនឹងនោះ រដ្ឋសភានៃប្រទេសទាំងបីបានខិតខំប្រឹងប្រែង កែលម្អប្រព័ន្ធច្បាប់ និងយន្តការគោលនយោបាយ ដើម្បីធានាក្របខ័ណ្ឌច្បាប់ពេញ លេញសម្រាប់ការជំរុញការតភ្ជាប់បណ្ដាខឿនសេដ្ឋកិច្ច។
គណៈប្រតិភូវៀតណាមបានស្នើថា សភានៃប្រទេសទាំងបីចាំបាច់ត្រូវបង្កើនការ សម្របសម្រួល; បន្តរៀបចំកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំង៣ឲ្យបានទៀងទាត់; លើកកំពស់តួនាទីសមាជិករដ្ឋសភា ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍។ គណៈប្រតិភូវៀតណាមក៏បានស្នើឲ្យជំរុញការកសាងយន្ត ការអនុគ្រោះលើបែបបទរដ្ឋបាល ពន្ធ ការទទួលបានដី ... ដើម្បីទាក់ទាញការវិនិយោគ ជាពិសេសគម្រោងបច្ចេកវិទ្យាខ្ពស់; បង្កើតលក្ខខណ្ឌអំណោយផលខាងគោល នយោបាយ ជំរុញការតភ្ជាប់ការវិនិយោគ និងការអភិវឌ្ឍ លើកកំពស់ហេដ្ឋារចនា សម្ព័ន្ធទំនើប និងសមកាលកម្មនៅច្រកទ្វារព្រំដែននៃប្រទេសទាំងបី; អភិវឌ្ឍន៍វិស័យ ឯកជនឱ្យក្លាយជាកម្លាំងចលករសម្រាប់កំណើនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍; ដាក់ ពង្រាយប្រកបដោយប្រសិទ្ធភាពនូវគម្រោងអប់រំនិងការបណ្តុះបណ្តាល គមនាគមន៍ ថាមពលស្អាត ថាមពលកកើតឡើងវិញ និងការតភ្ជាប់ឌីជីថលផងដែរ៕