ណាតូមិន​មាន​​ចេតនា​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែននោះទេ

(VOVWORLD) - អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានបញ្ជាក់ថា សម្ព័ន្ធភាពយោធានេះបច្ចុប្បន្នមិនមានគម្រោងដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែននោះទេ។

នាថ្ងៃដដែលនោះ  ថ្លែងក្នុងសន្និសីទកាសែតនៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រកាសថា អាមេរិករក្សាគោលជំហររបស់ខ្លួនតាំងពីដើមដំបូងគឺមិនបញ្ជូនកងទ័ពទៅចូលរួមការប្រយុទ្ធនៅ អ៊ុយក្រែននោះទេ។

ណាតូមិន​មាន​​ចេតនា​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែននោះទេ - ảnh 1អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg ។ រូបថត៖  TTXVN

រដ្ឋាភិបាលនៃប្រទេសសមាជិកណាតូមួយចំនួនដូចជា អាឡឺម៉ង់ អង់គ្លេស ប៉ូឡូញ អេស្បាញ និងសាធារណរដ្ឋឆែក ក៏បានប្រឆាំងនឹងសំណើដាក់ពង្រាយទ័ពទៅកាន់អ៊ុយក្រែនផងដែរ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ក៏បានប្រកាសថា ប្រទេសនេះ មិនមានឆន្ទៈក្នុងការបញ្ជូនអាវុធ ឬទាហានទៅកាន់អ៊ុយក្រែនទេ។ រីឯខ្លួនវិញ ស៊ុយអែត ដែលជាប្រទេសត្រៀមចូលរួមជាមួយអង្គការ NATO បានឲ្យដឹងថា បច្ចុប្បន្នប្រទេសនេះមិនមានចេតនាបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែនទេ។

សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា មេដឹកនាំលោកខាងលិចបានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ លោក Macron បានឲ្យដឹងថា មិនមានកិច្ចព្រមព្រៀងលើបញ្ហានេះទេ ប៉ុន្តែ "មិនអាចច្រានចោលលទ្ធភាពណាមួយឡើយ"។ ប្រតិកម្មទៅនឹងព័ត៌មានខាងលើ វិមានក្រឹមឡាំងកាលពីថ្ងៃទី ២៧ កុម្ភៈ ក៏បានព្រមានថា ជម្លោះរវាងរុស្ស៊ី និងណាតូនឹងជៀសមិនរួចទេ ប្រសិនបើសមាជិកនៃសម្ព័ន្ធភាពយោធានេះបញ្ជូនទាហានទៅកាន់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ