បើកពិធីបុណ្យពណ៌និទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេស
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ កុម្ភៈ នៅភូមិវប្បធម៌ និងទេសចរណ៍នៃបណ្តាក្រុមជនជាតិវៀតណាម (មានទីតាំងនៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបើកពិធីបុណ្យនិទាឃរដូវ នៅគ្រប់តំបន់ទូទាំងប្រទេស ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងមតិ និងជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី (រូបថត៖ Thong Nhat/TTXVN) |
ពិធីបុណ្យនិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេសគឺជាសកម្មភាពប្រចាំឆ្នាំដើម្បីគោរពនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិទាំងអស់ក្នុងវប្បធម៌បង្រួបបង្រួម ប៉ុន្តែចម្រុះ នៃសហគមន៍ជនជាតិទាំង ៥៤។ ពិធីបុណ្យនិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេសឆ្នាំនេះ មានការចូលរួមពីមនុស្សចំនួន ៣០០ នាក់មកពីសហគមន៍ជនជាតិចំនួន ២៨ នៅទូទាំងប្រទេស។
អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានលើកឡើងអំពីសម្បត្តិវប្បធម៌ដ៏វិសេសវិសាល និងសម្បូរដោយគុណតម្លៃដ៏ល្អប្រសើររបស់ជនជាតិចំនួន ៥៤។ បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយជនជាតិបានល្អ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សមភាព សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក។ ក្នុងនោះ ផ្តោតសំខាន់លើការអភិរក្ស និងលើកតម្កើងតម្លៃ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិនីមួយៗ និងសមាជិកនីមួយៗ នៃមហាគ្រួសារនៃបណ្តាជនជាតិវៀតណាម។
“វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីសង្គម ដែលជាសសរស្តម្ភក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព កាន់តែអះអាងនូវតួនាទីដ៏ធំធេងរបស់ខ្លួន និងសម្រេចបាននូវលទ្ធផលសំខាន់ៗកាន់តែច្រើនឡើង។ ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អនិងលើកកម្ពស់ដោយឥតឈប់ឈរ។ តួនាទីរបស់ប្រជាជនក្នុងការច្នៃប្រឌិត អនុវត្ត បញ្ជូន និងរីករាយនឹងវប្បធម៌ត្រូវបានគោរពកាន់តែខ្លាំងឡើង។ ការចូលរួមរបស់សហគមន៍ក្នុងវិស័យវប្បធម៌មានកាន់តែសម្បូរ។ ដើម្បីឲ្យវប្បធម៌ក្លាយជាធនធានផ្ទៃក្នុងដ៏វិសេសវិសាល និងជាកម្លាំងចលករដ៏រឹងមាំសម្រាប់ប្រទេសជាតិមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ឈានទៅរកភាពរុងរឿង និងសុភមង្គល យើងត្រូវបន្តថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ដ៏ល្អ នាំវប្បធម៌ចូលជ្រៅទៅក្នុងជីវភាពសង្គម រួមផ្សំ និងបង្កើតមូលដ្ឋានគ្រឹះខាងស្មារតីប្រកបដោយតម្លាភាព និងរីកចម្រើន រួមចំណែកកសាងប្រជា ជនវៀតណាមទំនើប និងសម្បូរទៅដោយអត្តសញ្ញាណ”។
ពិធីបុណ្យពណ៌និទាឃរដូវឆ្នាំនេះបានប្រារព្ធឡើង នៅថ្ងៃទី ២៤ ខែកុម្ភៈនិងថ្ងៃទី ២៥ ខែកុម្ភៈដោយមានសកម្មភាពចម្រុះនិងសម្បូរបែប៕