ពិធីបុណ្យនិទាឃរដូវប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅទូទាំងប្រទេស

(VOVWORLD) - ពិធីបុណ្យអំណរនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ កំពុងប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅតាមគ្រប់ខេត្ត ក្រុងទូទាំងប្រទេស
វៀតណាម។

ពិធីបុណ្យនិទាឃរដូវប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅទូទាំងប្រទេស - ảnh 1កញ្ចប់ស្បៀងត្រូវបានចែកជូនប្រជាពលរដ្ឋ និងភ្ញៀវដែលមកចូលរួមក្នុងពិធី។
រូបថត៖ Nhat Anh/TTXVN

កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនស្រុក Ly Nhan (ខេត្ត Ha Nam) បានបើកពិធីបុណ្យចែកស្បៀងនៅប្រាសាទ Tran Thuong។ នេះជាសកម្មភាពប្រពៃណីមួយដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោផល ប្រមូលផលបានល្អ មនុស្សគ្រប់រូបមានសុខភាពល្អ រកស៊ីមានបាន។ ទន្ទឹមនឹងនោះ រំលឹកដល់មនុស្សជំនាន់ក្រោយៗនូវសីលធម៌ “ផឹកទឹក នឹកដល់ប្រភព” រំលឹកគុណូបការៈរបស់ព្រះបាទ Hung Dao Dai Vuong Tran Quoc Tuan ដែលមានគុណប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសឈ្លានពាន ដើម្បីការពារប្រទេសជាតិ។

ពិធីបុណ្យនិទាឃរដូវប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅទូទាំងប្រទេស - ảnh 2កម្មវិធីសម្ដែងគង់ឃ្មោះនៅក្នុងពិធីរបស់ជនជាតិ Muong។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ពិធីសែនដើម Neu របស់ជនជាតិ Muong បានប្រព្រឹត្តទៅនៅឃុំ Phong Phu ស្រុក Tan Lac ខេត្ត Hoa Binh។ នេះជាពិធីបុណ្យប្រជាប្រិយដ៏ធំបំផុត ដែលបានក្លាយទៅជាសកម្មភាពវប្បធម៌ និងសាសនាដែលមិនអាចខ្វះបានក្នុងបុណ្យតេតរបស់ជនជាតិ Muong។ ពិធីបុណ្យនេះគឺសំដៅសម្ដែងការគោរពបូជាចំពោះព្រះអាទិទេព រំលឹកគុណូបការៈដល់អ្នកគាស់រានដី ស្ថាបនិកភូមិ ព្រមទាំងបួងសួងសុំឱ្យមានការរីកចំរើនគ្រប់ប្រការ រដូវអំណោយផល ជីវភាពសម្បូរធូធារ សុភមង្គលផងដែរ។

នៅខេត្ត Ha Nam កាលពីថ្ងៃទី ១៧ ខែកុម្ភៈ អ្នកចំបាប់ចំនួន ២០០ នាក់មកពី ស្រុក ទីរួមខេត្តនិងទីក្រុងចំនួន ៦ បានចូលរួមក្នុងការប្រកួតកីឡាចំបាប់និទាឃរដូវលើកទី ២៧។ ការប្រកួតកីឡាចំបាប់ប្រចាំឆ្នាំដែលធ្វើឡើងនៅដើមនិទាឃរដូវ គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយដើម្បីលើកតម្កើងស្មារតីអង់អាចក្លាហានរបស់ប្រជាជាតិ។

នៅថ្ងៃដដែល មនុស្សរាប់ពាន់នាក់បានមកគាំទ្រការប្រណាំងទូកដ៏គគ្រឹកគគ្រេងនៅ ខេត្ត Khanh Hoa។ នេះជាសកម្មភាពវប្បធម៌ប្រពៃណីដែលជួយថែរក្សា និងលើកតម្កើងភាពស្រស់ស្អាតនៃអរិយធម៌ស្រូវសើម។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅសារមន្ទីរ-បណ្ណាល័យខេត្ត Kon Tum បានរៀបចំកម្មវិធី "វប្បធម៌ប្រពៃណីនិទាឃរដូវឆ្នាំ២០២៤"។ កម្មវិធីគឺសំដៅឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ និងសិប្បកម្មប្រពៃណីរបស់បណ្ដាជនជាតិភាគតិចក្នុងខេត្ត Kon Tum; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់សិប្បករជនជាតិភាគតិចដើម្បីមកសម្ដែង ជួបប្រាស្រ័យទាក់ទងគ្នា និងមានឱកាសនាំយកវប្បធម៌ប្រពៃណីខិតមកជិតសាធារណៈជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ