លោកប្រធានរដ្ឋ លឿង គឿង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប៉េរូនិងចូលរួមសប្តាហ៍កំពូល APEC
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែវិច្ឆិការ (ម៉ោងក្នុងតំបន់) លោកប្រធានរដ្ឋ លឿង គឿងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងលីម៉ា បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី សាធារណរដ្ឋប៉េរូ និងចូលរួមសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤។
ប្រធានរដ្ឋ លោក លឿង គឿង បានចាកចេញពីរដ្ឋធានីលីម៉ា បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋនៅប្រទេសឈីលីនិងប៉េរូបានផ្សព្វផ្សាយសារសំខាន់មួយ ទៅកាន់មិត្តអន្តរជាតិ ជាពិសេសជាមួយបណ្តាប្រទេសនៅអាមេរីកឡាទីននិងតំបន់ការីបៀន អំពីគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់ វៀតណាមដោយតែងតែយកចិត្តទុកដាក់ដល់ប្រទេស ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ក្នុងនោះមានទាំងប្រទេសឈីលី និងប៉េរូផងដែរ។ ដំណើរទស្សនកិច្ចនេះបង្ហាញថា ទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងពីរមានភាពភ្លឺស្វាង។ ការបង្កើនទំនាក់ទំនងជាមួយប្រទេសអាមេរិកខាងត្បូងទាំងពីរនេះ ក៏នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការបើកទូលាយទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត។
ការចូលរួមរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមក្នុងសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC បន្តអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC និងការត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ី - មហាសមុទ្រប៉ាស៊ីហ្វិក និងពិភពលោក ក្នុងនោះមានការដែល វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ២០២៧ គឺជាសក្ខីកម្មជាក់ស្តែង។ ការចែករំលែករបស់លោកប្រធានរដ្ឋនៅឯកិច្ចប្រជុំកំពូល APEC ជាថ្មីម្តងទៀតបានបញ្ជូនសារដ៏រឹងមាំអំពីវៀតណាមឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខ ប្រទេសវៀតណាមមួយប្រកបដោយភាពច្នៃប្រឌិត និងជាគោលដៅនាំមុខគេសម្រាប់វិនិយោគិនអន្តរជាតិ៕