សាធារណៈមតិជប៉ុនវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh
(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ថ្ងៃ ទី ១៥-១៨ ខែធ្នូ) ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន និងធ្វើសកម្ម ភាពទ្វេភាគី ទទួលបានការវាយតម្លៃជាវិជ្ជមានពីសាធារណៈមតិជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio អញ្ជើញជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការវាងប្រទេសទាំងពីរ។
(រូបថត៖ Duong Giang/TTXVN) |
ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច (LDP) លោកស្រី Sastuki Katayama បានវាយតម្លៃខ្ពស់ចំពោះសាររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ដែលសង្កត់ធ្ងន់ថា វៀតណាម និងជប៉ុននឹងសហប្រតិបត្តិការ ជាមួយគ្នាដើម្បីស្ថាបនាអនាគត។ លោកស្រីបានចាត់ទុកថា ក្នុងចំណោមបណ្តា ប្រទេសអាស៊ាន ជាមួយនឹងសក្ដានុពលកំណើននិងធនធានមនុស្សដ៏ធំធេង វៀតណាមបានក្លាយជាដៃគូដ៏សំខាន់មួយដែលត្រូវបាន សហគ្រាសច្រើនជ្រើសរើសដើម្បី ធ្វើកិច្ចសហប្រតិបត្តិការ។
ក្នុងពេលជាមួយគ្នានោះ លោក Honna Hitoshi ប្រធាន និងជាអគ្គនាយក ក្រុមហ៊ុនភាគហ៊ុន Erex បានសម្ដែងការចាប់អារម្មណ៍ចំពោះសុន្ទរកថារបស់នាយក រដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់នឹងយុទ្ធ សាស្ត្រកំណើនបៃតង និងការកាត់បន្ថយកាបូន។ លោកបាននិយាយថា ក្រុមហ៊ុន Erex មានបំណងចង់សាងសង់រោងចក្រថាមពលជីវម៉ាសចំនួន ១៨ នៅមូលដ្ឋានចំនួន ១៦ កន្លែងរបស់វៀតណាម សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរ ឥន្ធនៈពីធ្យូងថ្មទៅជាជីវម៉ាសនៅតាមរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់ និងការ អភិវឌ្ឍតំបន់ដាំដុះវត្ថុធាតុដើមជីវម៉ាសនៅក្នុងប្រទេសវៀតណាម។
រីឯខ្លួនវិញ ប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន លោក Yasuhiro Nojima បានវាយតម្លៃថា កម្លាំងសេដ្ឋកិច្ចរបស់វៀតណាមកាន់តែខ្លាំងឡើងៗ។ បើតាមលោក ថា មានលំហូរធនធានដ៏ធំមួយពីជប៉ុនបានហូរចូលមកវៀតណាម ប៉ុន្តែចាប់ពីពេលនេះ នឹងមានលំហូរពីវៀតណាមហូរចូលជប៉ុនវិញផងដែរ។ ប្រធានសមាគមមិត្តភាពវៀតណាម - ជប៉ុនក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ ប្រសិនបើនិយាយពីកម្លាំង និង សក្ដានុពលរបស់ប្រជាជន វៀតណាមប្រហែលជាប្រទេសដ៏លេចធ្លោបំផុតក្នុង ចំណោមប្រទេសអាស៊ាន។ ប្រធានសម្ព័ន្ធក្រុមហ៊ុន AEON លោក Iwamura បានធ្វើអត្ថាធិប្បាយថា វៀតណាមជាប្រទេសសំខាន់មួយសម្រាប់ AEON។ លោកជឿជាក់ថា ប្រៀបខ្លាំងរបស់វៀតណាមនោះគឺស្ថិរភាពនយោបាយ ភាពសុខដុមរមនានៃអត្តសញ្ញា ណជាតិ និងភាពចុះសម្រុងគ្នាជាមួយនឹងទស្សនៈអាជីវកម្មរបស់ AEON៕