អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជួបជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
(VOVWORLD) - ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ៦៨ នៃគណៈកម្មការស្ថានភាពស្ត្រី (CSW) នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែមីនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner។
នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យ UNDP បន្តជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មលើផ្នែកហិរញ្ញវត្ថុ ផ្តល់ប្រឹក្សាអំពីគោលនយោបាយ និងពង្រឹងសមត្ថភាពអនុវត្តគោលនយោបាយអាទិភាពខាងលើ ក៏ដូចជាគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ប្រមូលផ្តុំដៃគូអភិវឌ្ឍន៍ដើម្បីធានាការគាំទ្រធនធានយ៉ាងសមរម្យសម្រាប់កិច្ចការទាំងនោះ និងដល់បណ្តាប្រទេសក្នុងតំបន់ ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ធនធាននៅទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner។ រូបថត៖ TTXVN |
អគ្គនាយក UNDP លោក Steiner បានអះអាងថា វៀតណាម និង UNDP ចែករំលែកអាទិភាពដូចគ្នាលើការផ្លាស់ប្តូរបៃតងនិងឌីជីថល ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមអនុវត្តការសន្យារបស់ខ្លួនដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ និងអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលត្រឹមត្រូវ បង្កើនល្បឿនកាត់បន្ថយកាបូន (decarbonization) និងធានាលទ្ធភាពទទួលបានថាមពលស្អាតដោយមានតម្លៃសមរម្យ ក៏ដូចជាដើរតួជាស្ពានរវាងវៀតណាម និងម្ចាស់ជំនួយអន្តរជាតិ និងរវាងបណ្តាប្រទេសអាងទន្លេមេគង្គ ដើម្បីគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។
ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីវៀតណាមអាចរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់ UNDP ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕